កាលពីព្រឹកថ្ងៃទី៣១ធ្នូនេះ លោកកើត ឆែ នាយករងសាលារាជធានីភ្នំពេញបានអនុញ្ញាតឲ្យអ្នកភូមិបឹងកក់ចំនួន ៧ភូមិ ចូលជួបដើម្បីពិភាក្សាធ្វើកូដកម្មរយៈពេលមួយសប្តាហ៍ គឺពីថ្ងៃទី៣ដល់៩មករា ២០១១ នៅលើទីលានប្រជាធិបតេយ្យ ។
បើតាមការអះអាងពីអ្នកស្រីលី មុំ តំណាងឲ្យអ្នកភូមិបឹងកក់ បានឲ្យដឹងថា គោលបំណងរបស់អ្នកភូមិបឹងកក់ធ្វើកូដកម្មនៅនឹងកន្លែងលើទីលាន ប្រជាធិបតេយ្យរយៈពេលមួយសប្តាហ៍ដោយមានអ្នកចូលរួមប្រមាណជា ៣០០នាក់ ក្នុងគោលបំណងបង្ហាញពីការរំលោភសិទ្ធិលំនៅឋានអ្នកភូមិបឹងកក់ពី សំណាក់ក្រុមហ៊ុនស៊ូកា គូអ៊ីន និងទាមទារឲ្យមានសំណងសមរម្យសម្រាប់ប្រជាពលរដ្ឋត្រូវបណ្តេញចេញ រួមទាំងទាមទារទំហំដី ១៥ ហិចតា សម្រាប់អ្នកភូមិបឹងកក់អភិវឌ្ឍន៍នៅនឹងកន្លែង ។
តាមរយៈជំនួបពិភាក្សាជាមួយមន្ត្រីសាលាក្រុងរយៈពេលជាង២ម៉ោង កន្លងមក សាលាក្រុងបានអនុញ្ញាតឲ្យអ្នកភូមិបឹងកក់ធ្វើកូដកម្មនៅទីលាន ប្រជាធិបតេយ្យរយៈពេលមួយសប្តាហ៍ តែត្រូវគោរពនូវលក្ខខណ្ឌចំនួន៤ គឺ:
១- ធ្វើកូដកម្មរយៈពេលចន្លោះពីម៉ោង៦ព្រឹករហូតដល់ម៉ោង៦ល្ងាច ការពារសន្តិសុខផ្ទៃក្នុង ទទួលខុសត្រូវខ្លួនឯង សមត្ថកិច្ចជាអ្នកការពារខាងក្រៅ ។
២- ជៀសវាងយកវេទិការនេះបំរើផងប្រយោជន៍នយោបាយ ធ្វើការវាយប្រហារធ្វើឲ្យប៉ះពាល់កិត្តិយស សមាជិកសភា សមាជិកព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ។
៣- ក្រោយពេលបញ្ចប់កូដកម្មនៅវេលាម៉ោង៦ល្ងាចរៀងរាល់ថ្ងៃ ត្រូវធ្វើអនាម័យលើទីលានប្រជាធិបតេយ្យដោយខ្លួនឯង ។
៤- ក្នុងករណីធ្វើកូដកម្មមិនប្រព្រឹត្តតាមច្បាប់ អ្នកដឹកនាំធ្វើកូដកម្មទទួលខុសត្រូវចំពោះមុខច្បាប់៕
No comments:
Post a Comment