ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
សេចក្តីថ្លែងការណ៏របស់សហពន្ធ័សិទ្ធិមនុស្ស និងអភិវឌ្ឍន៏កម្ពុជាស្តីពីស្ថានភាពសិទ្ធិមនុស្សឆ្នាំ ២០១០
សហពន្ធ័សិទ្ធិមនុស្ស និងអភិវឌ្ឍន៏កម្ពុជា ជាសម្ពន្ធ័អង្គការ-សមាគមក្នុងស្រុក មានអង្គការសមាគម ជាសមាជិកចំនួន ៣០ សូមធ្វើការកត់សំគាល់ស្ថានភាពសិទ្ធិមនុស្សឆ្នាំ ២០១០ នៅព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម ។
ស្ថានភាពសិទ្ធិមនុស្សឆ្នាំ ២០១០ នៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការកត់សំគាល់នូវ ជំហានវិជ្ជមានថ្មី ៗ ដែលបានលេចចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា អង្គការសង្គមស៊ីវិលជាតិ និង អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើរំលោភបំពានផ្នែកសិទ្ធិមនុស្ស ការរើសអើងប្រឆាំងនឹងស្ដ្រីភេទ អំពើជួញដូរ មនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និង អំពើអាសអាភាស ដែលនាំអោយប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ស្រ្តីភេទ ។ ក្នុងនេះអាជ្ញាធរកម្ពុជាបានប្រឹងប្រែង ធានារ៉ាប់រងអោយមានការគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងទ្បាយទាក់ទងទៅ នឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ ។ ដោយបានផ្តល់ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូបមានភាពស្មើគ្នា ចំពោះ មុខច្បាប់ ។ ពលរដ្ឋខ្មែរមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការមានសិទ្ធិសេរីភាព និង ករណីកិច្ច ដូចគ្នាទាំងអស់ គ្មានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការ នយោបាយ ដើមកំណើតជាតិ ឋានៈ សង្គម ធនធាន រឺស្ថានភាពឯទៀតទ្បើយ ។
យើងបានកត់សំគាល់ក្នុងជំហានរីកចំរើនថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងមាន សិទ្ធិឈរឈ្មោះអោយគេបោះឆ្នោត ស្របតាមមាត្រាទី ៣៤ ថ្មី រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជា និង ស្របតាម របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ។ លើសពីនេះប្រជាពលរដ្ឋខ្មែរ ទាំងពីរភេទមានសិទ្ធិ ចូលរួមយ៉ាង សកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ស្របតាមមាត្រាទី ៣៥ ដែលមានចែងក្នុង រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ប្រជាពលរដ្ឋខ្មែរ ទាំងពីរភេទមានសេរីភាពបង្កើតគណបក្សនយោបាយ អង្គការមិនមែន រដ្ឋាភិបាល អង្គការសារពត័មាន សហជីព និងចូលជាសមាជិកសហជីព ដោយទទួលបាននូវសិទ្ធិធ្វើកូដកម្ម និង បាតុកម្មដោយសន្ដិវិធី ដែលតម្រូវអនុវត្ដក្នុងក្របខ័ណ្ឌច្បាប់។
ទន្ទឹមនឹងនេះ យើងមានការផ្តោតអារម្មណ៏ខ្លាំងទៅលើការបាញ់សំលាប់ជនជាតិខ្មែរស្លូតត្រង់ ក្រៅច្បាប់ ពីសំណាក់ទាហ៊ានសៀមក្នុងរយៈពេលកន្លងមក ដែលពួកគាត់បានចូលទៅក្នុងព្រៃក្បែរតំបន់ព្រំដែនកម្ពុជា-ថៃបណ្តាលអោយមានមនុស្សស្លាប់ និង រងរបួសជាច្រើនករណី ទោះបីជាមាន កំណត់ទូតពី ក្រសួង ការ បរទេស និង កិច្ចសហប្រតិបត្តិការអន្តរជាតិជាច្រើនលើក ជូនខាងភាគីថៃក៏ ដោយ ក៏ករណីនេះបានកើត ឡើងជាបន្តបន្ទាប់គួរអោយសោគស្តាយ។ ទង្វើព្រៃផ្សៃឃោរឃៅអមនុស្ស ធម៌ប្រព្រឹត្តិឡើងដោយ ទាហ៊ាន សៀមប្រឆាំងនឹងជនស្លូតត្រង់កម្ពុជាចាប់តាំងពីខែ កក្កដា ឆ្នាំ ២០០៨ រហូតដល់បច្ចុប្បន្ន ដូចជាករណីបាញ់ ប្រហារ ការធ្វើទារុណកម្ម និងការបាត់ខ្លួន។ល។ សកម្មភាពទាំង នេះជាទង្វើប្រឆំាងនឹង ៖
- ធម្មនុញ្ញអង្គការសហប្រជាជាតិ ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ១៩៤៥ មាត្រា ៥៥ តំរូវអោយរដ្ឋជាភាគី គោរព និង លើកកំពស់សិទ្ធិជាសកល និង សេរីភាពជាមូលដ្ឋានរបស់មនុស្ស ។
- សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៩៤៨ ត្រង់មាត្រា ៥ ចែងថា គ្មានជន ណាម្នាក់ត្រូវទទួលទារុណកម្ម ឬ ប្រព្រឹត្ដកម្មកាចសាហាវឥតមនុស្សធម៌ ឬ ថោកទាបបានឡើយ ។
- កតិកាសញ្ញាអន្ដរជាតិស្ដីពីសិទ្ធិពលរដ្ឋ និង នយោបាយ មាត្រា ៦ ត្រង់កថាខណ្ឌទី ០១ ចែងថាជន គ្រប់រូបមានសិទ្ធិមានជីវិតជាប់ពីកំណើត ។ សិទ្ធិនេះត្រូវការពារដោយច្បាប់ ។ គ្មានជនណាម្នាក់ត្រូវគេ ប្រហារជីវិតតាមអំពើចិត្ដបានឡើយ ។
- ធម្មនុញ្ញអាស៊ានមាត្រា ១ មាត្រា ២ មាត្រា ១៥ ដែលតំរូវអោយរដ្នជាសមាជិកត្រូវគោរពសិទ្ធិមនុស្ស ជាមូលដ្ឋាន ដែលក្នុងនោះប្រទេសថៃក៏ជារដ្ឋភាគីហត្ថលេខីផងដែរ ។
ទោះជាស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០១០ នៅមានចំនុចខ្វះខាតខ្លះៗ ក្តី ក៏សហពន្ឋ័សិទ្ឋិមនុស្ស និង អភិវឌ្ឍន៍កម្ពុជា សូមគាំទ្រលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងទាំងអស់ ចំពោះរាជរដ្ឋាភិបាល រដ្ឋសភា និង ព្រឹទ្ធសភា អង្គការមិនមែនរដ្ឋាភិបាល និង ស្ថាប័នដ៏ទៃទៀតដែលកំពុងអនុវត្តការងារក្នុង បុព្វហេតុលើកស្ទួយ សិទ្ធិមនុស្ស នៅកម្ពុជា ។
ធ្វើនៅរាជធានីភ្នំពេញ.ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១០
សហពន្ឋ័សិទ្ឋិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា
ប្រធាន
ថៅ វាសនា
No comments:
Post a Comment