ភ្នំពេញ ៖ មេបញ្ជាកងយោធពលខេមរភូមិន្ទ ប្រចាំនៅច្រកណងចាន់ បានឲ្យដឹងថា កងទ័ពថៃបានបន្ថែមកម្លាំងមកចំណុចលេខ៤៦ ដែលជាចំណុចទីតាំងចាប់ខ្លួនជនជាតិថៃ៧រូប។ ការបន្ថែម កម្លាំងរបស់ពួកគេ ត្រូវបានមេទ័ពថៃប្រាប់ថា ដើម្បីទប់ស្កាត់មេបាតុករអាវលឿង ដែលគ្រោងមកតវ៉ា នៅចំណុចនេះ។
មេបញ្ជាការរូបនេះបានបន្ថែមទៀតថា កងទ័ពថៃបានផ្ដល់ព័ត៌មានថា ក្រុមបាតុករអាវលឿង គេគ្រោងមកតវ៉ាគឺមានគ្នាប្រមាណជាង១ពាន់នាក់ ដើម្បីប្រឆាំងនឹងការចាប់ខ្លួនបក្ខពួករបស់គេ នៅចំណុចខាងលើ។ ប៉ុន្តែយ៉ាងណាក៏ដោយ កងទ័ពទាំងពីរបានសហការគ្នាល្អថា សូមកុំឲ្យមានការប្រឈមមុខគ្នា ព្រោះការបន្ថែមកម្លាំងទ័ពថៃ គឺដើម្បីទប់ស្កាត់កម្លាំងបាតុករតែប៉ុណ្ណោះ។
ដោយឡែកនៅវេលាម៉ោង១០និង៣០នាទីមុននេះ មេបញ្ជាការភូមិភាគ៥របស់កម្ពុជា និងមេ បញ្ជាការភូមិភាគ១របស់ថៃ បានជួបប្រជុំគ្នានៅចំណុចច្រកប៉ោយប៉ែត បន្ទាប់មកក៏បានឯកភាពគ្នា ថា នឹងចុះទៅដល់ចំណុចនោះទាំងអស់គ្នា។ រហូតមកដល់ម៉ោង១១និង៣០នាទីនេះ ក្រុមបាតុករ អាវលឿងមិនទាន់មកដល់ចំណុចព្រំដែនតាមការគ្រោងទុករបស់គេនៅឡើយទេ។ ប៉ុន្តែតាមព័ត៌មាន គេបា្រប់ថា ពួកគេអាចនឹងមកដល់នៅចន្លោះម៉ោង១២ថ្ងៃត្រង់ ឬអាចដល់ម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣១ ខែធ្នូនេះ។
គួរបញ្ជាក់ថា ចំណុចច្រកព្រំដែនរបៀងទាំង៣ រវាងកម្ពុជា-ថៃ នៅតែបន្តបិទជាដដែល ដោយ មិនទាន់មានដំណើរការចេញចូលនៅឡើយនោះទេ៕
No comments:
Post a Comment