សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារប្រឹក្សាយោបល់សង្គមកម្ពុជា
ស្តីពី ការវិត្តន៍សិទ្ធិសេរីភាពនៅកម្ពុជា
ផ្តើមចេញពីស្ថេរភាពនយោបាយ ការផ្សះផ្សាបង្រួបបង្រួមជាតិ ឯកភាពទឹកដី បន្ទាប់ពីប្រទេសកម្ពុជាបានឆ្លងផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងបានរំដោះឲ្យរួចផុតពីមហាទុក្ខសោកវិនាសកម្មនៃការកាប់សម្លាប់ពលរដ្ឋខ្មែរ នៅថ្ងៃទី៧ ខែ មករា ឆ្នាំ ១៩៧៩ មក ស្ថានការណ៍សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាមានការវិវត្តន៍កាន់តែប្រសើឡើងពីមួយឆ្នាំទៅមួយឆ្នាំគួឲ្យកត់សម្គាល់។
យើងខ្ញុំ ជាទីភ្នាក់ងារប្រឹក្សាយោបល់សង្គមកម្ពុជា សូមទាញចំណាប់អារម្មណ៍សាធារណៈមតិ ជាតិនិងអន្តរជាតិ ថា នៅក្នុងឆ្នាំ២០១០នេះ ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរយ៉ាងលឿងឆ្ពោះទៅកាន់ផ្លូវនៃការគោរពនិងលើកកម្ពស់សិទ្ធិសេរីភាពយ៉ាងទូលំទូលាយ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស និងការពង្រឹងនិតិរដ្ឋ។
បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទស្សនៈវិស័យដ៏ច្បាស់លាស់រក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសង្គម បាននាំឲ្យប្រទេសនេះមាននូវកិត្យានុភាព និងការទំនាក់ទំនងកិច្ចសហប្រតិបត្តិការណ៍បានយ៉ាងល្អប្រសើ ។ លទ្ធផលវិជ្ជមានទាំងនេះផ្តើមចេញពីការបើកចំហ នូវសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋក្នុងការធ្វើនយោបាយ សេដ្ឋកិច្ច សង្គម ជំនឿសាសនា សិទ្ធិក្នុងការបង្កើតនូវអង្គការ សមាគម និងសហជីពនានា ជាពិសេសសិទ្ធិក្នុងការបញ្ចេញមតិ គឺបានបញ្ជាក់ច្បាស់ថា កម្ពុជាបាននិងកំពុងគោរពយ៉ាងត្រឹមត្រូវតាមធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញានានា។
ក្រៅពីនេះ ពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិគ្រប់គ្រាន់តាមច្បាប់រដ្ឋធម្មនុញ្ញ ក្នុងការធ្វើកូដកម្ម បាតុកម្មដោយសន្តិវិធី និងសិទ្ធិក្នុងការការពារខ្លួនតាមប្រព័ន្ធតុលាការ។ ពិតណាស់ថា បើទោះជាការគោរពសិទ្ធិមនុស្សនៅកម្ពុជានៅមានកង្វះខាត ខ្លះៗក៏ពិតមែន ក៏ប៉ុន្តែ យើងបានកត់សម្គាល់ឃើញថា រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ដោយមានការចូលរួមពីអង្គការសមាគមផ្សេងៗ ជឿជាក់ថា ដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជានិងបានប្រសើជាងនេះថែមទៀត។ ផ្ទុយពីការអះអាងរបស់អង្គការសមាគមសិទ្ធិមនុស្សមួយចំនួន ដែលមិនស្ថិតនៅក្នុងភាពឯករាជ្យ បានធ្វើការវាយតម្លៃខុសពីការពិតស្តីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា ដោយចោទថាសិទ្ធិមនុស្សមានការធ្លាក់ចុះ ។ ការចោទប្រកាន់បែបនេះដោយសារពួកគេ ងប់ជ្រុប និងប្រកាន់យកនិន្នាការគាំទ្រគណបក្សប្រឆាំង ហើយពួកគេរិះគន់ដើម្បីបំពេញចិត្តប្រទេសម្ចាស់ជំនួយតែប៉ុណ្ណោះ។
ដើម្បីបង្ហាញពីការបើកទូលាយនូវសិទ្ធិសេរីភាពនេះ យើងខ្ញុំសូមបានដឹងថា នៅកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ មានអង្គការសមាគម សហជីព ប្រមាណជាង៣ពាន់ បាននិងកំពុងធ្វើសកម្មភាពដោយសេរីនៅទូទាំងប្រទេស ក្រៅពីនេះមានទាំងសារព័ត៌មាន គេហទំព័រ វិទ្យុ រាប់រយ ថែមទាំងមានវិទ្យុ និងកាសែតប្រឆាំងរដ្ឋាភិបាលទៀតផង ។ ក្នុងនោះ ការបញ្ចេញមតិយោបល់ខ្លះ បានរំលោភជ្រុលហួសព្រំដែននៃច្បាប់ទើបមានការប្តឹងផ្តល់ឡើងតុលាការ ដែលសកម្មភាពដោះស្រាយតាមនិតិវិធីច្បាប់ មិនមែនជាការគាបសង្កត់ក្រុមបរឆាំងនោះឡើយ។
ដូច្នេះ យើងខ្ញុំទាំងអស់គ្នាតំណាងឲ្យទីភ្នាក់ងារប្រឹក្សាយោបល់សង្គមកម្ពុជា សូមធ្វើការកត់សម្គាល់ពីដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ថាពិតជាបានប្រសើឡើង និងសូមសម្តែងការគាំទ្រយ៉ាងពេញទំហឹងក្នុងការចូលរួមលើកស្ទួយការគោរពសិទ្ធិមនុស្សជាមួយរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានាដើម្បី សន្តិភាព និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព៕
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១០
ទីភ្នាក់ងារប្រឹក្សាយោបល់សង្គមកម្ពុជា
អ៊ឹង មល្លីវណ្ណ
No comments:
Post a Comment