នៅក្នុងពិធីសំណេះសំណាលនិងចែកអំណោយដល់កុមារនៅសាលាកុមារ គ ថ្លង់ និង កុមារ ពិការភ្នែក ខេត្តកំពង់ចាម ដែលជាសាលារបស់អង្គការគ្រួសារថ្មី កាលពីថ្ងៃទី ០៤ មករា ឆ្នាំ ២០១១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីបានបង្ហាញពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារពិការទាំងឡាយ ក៏ដូចជាយកចិត្ត ទុកដាក់ទៅលើជនពិការទូទៅរបស់កម្ពុជាផងដែរ។
នៅក្នុងពិធីសំណេះសំណាលប្រចាំឆ្នាំនោះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់ក្មួយៗ និងការគោរពវិន័យបានល្អរបស់ពួកគេដោយមានប្រសាសន៍ថា ថ្វីត្បិតតែក្មួយៗជាជនពិការក៏ពិតមែនក៏ ប៉ុន្តែក្មួយៗមានសិទ្ធិដូចគ្នានឹងប្រជាពលរដ្ឋដែលមានកាយសម្បទាធម្មតា ទាំងនៅក្នុងការសិក្សារៀនសូត្រ និងទាំងការស្វែង រកការងារធ្វើ ព្រមទាំងការចូលរួមក្នុងជីវភាពសង្គមជាធម្មតាផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីថ្លែងថា ប៉ុន្តែទន្ទឹមនឹងការយកចិត្តទុកដាក់ និង ការជួយឧបត្ថម្ភគាំទ្របែបគ្រប់បែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាលនេះ ក្មួយៗក៏ត្រូវតែប្រឹងប្រែងដោយខ្លួន ឯងបន្ថែមទៀត ព្រោះថា ការជួយពីសំណាក់រាជរដ្ឋាភិបាលក៏ដូចជាជំនួយរបស់សប្បុរសជននានាវាគ្រាន់តែជាផ្នែកមួយតែប៉ុណ្ណោះ ហើយក្មួយៗត្រូវតែដឹងថាមានតែខ្លួនឯងទេដែលអាចជួយខ្លួនឯងបានហើយនឹងធ្វើឲ្យអនាគតរបស់ខ្លួនមានភាព ភ្លឺស្វាងនោះ ។
អំណោយជាគ្រឿងប្រើប្រាស់ និង សម្ភារៈសិក្សា ព្រមទាំងថវិកាដែលត្រូវបានចែកជូននៅពេលនោះរួមមាន សិស្សានុសិស្សទាំង ១៦៤ នាក់ម្នាក់ៗទទួលបានកន្សែងពោះ ១ កន្សែងបង់ក ១ សៀវភៅសរសេរ ២ ប៊ិច ២ ដើម អាវសដៃខ្លី ១ ប្រាក់ ១ ម៉ឺនរៀល បុគ្គលិកសិក្សាចំនួន ២៧ នាក់ម្នាក់ៗទទួលបានប្រាក់ ៥ ម៉ឺនរៀលកន្សែងបង់ក ១ អាវយឺត ១ និងសារ៉ុង ១ ។ សម្រាប់សាលាកុមារគ ថ្លង់ និង ពិការភ្នែក ខេត្តកំពង់ចាមទទួលបានអង្ករចំនួន ១ តោន សៀវភៅសរសេរ ១០០ ក្បាល ប៊ិច ១០០ ដើម ទូរទស្សន៍ LCD ២២ អ៊ិញ មួយគ្រឿង និង ថាសផ្កាយរណប DTV ចំនួន ១ ព្រមទាំងថវិកា ១ ពាន់ដុល្លារ និង ១ លានរៀល ។ ចាប់តាំងពីឆ្នាំ ២០០៤ មកដល់ឆ្នាំ ២០១០ អំណោយ របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានផ្តល់ជូនសាលាកុមារគ ថ្លង់ និង កុមារ ពិការភ្នែក ខេត្តកំពង់ចាមសរុប ជាទឹកប្រាក់ចំនួនប្រមាណ ១៥ លានរៀល និង ១៧០០ ដុល្លារសហរដ្ឋអាមេរិកហើយ ៕
No comments:
Post a Comment