Tuesday, January 04, 2011
ឈ្មួញកំពុងទម្លាក់តម្លៃស្រូវនៅរដូវច្រូតកាត់ដែលកសិករត្រូវលក់ស្រូវសងបំណុល
សមាគមសម្ព័ន្ធកសិករខ្មែរបានចោទប្រកាន់ថាពួកឈ្មួញកណ្តាលទំនងជាដៃជើងរបស់រោងម៉ាស៊ីនស្រូវនានាបាននិងកំពុងរួមគ្នាទម្លាក់តម្លៃស្រូវក្នុងរដូវច្រូតកាត់នេះដែលធ្វើឲ្យកសិករគ្មាន ជម្រើសពីព្រោះត្រូវការលុយសងបំណុលគេ។
ដូច្នេះពួកគេបានបង្ខំចិត្តលក់ស្រូវក្នុងតម្លៃថោកប្រមាណពី ២៦០ ដុល្លារទៅ ៣០០ដុល្លារក្នុង មួយតោនចំពោះស្រូវប្រភេទល្អនិងបានតម្លៃ ប្រហែល២០០ដុល្លារប៉ុណ្ណោះចំពោះស្រូវចម្រុះ។
លោកពេជ្រ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមសម្ព័ន្ធកសិករខ្មែរបានឲ្យដឹងនៅថ្ងៃអង្គារ ទី៤មករាឆ្នាំ២០១១នេះថានៅឆ្នាំ២០១១នេះតាមគោលនយោបាយជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករដែលរដ្ឋាភិបាលបានសម្រេចកាលពីថ្ងៃទី២៥មិថុនាឆ្នាំ២០១០កន្លងមកនេះ តម្លៃស្រូវ នារដូវច្រូតកាត់នេះគួរតែកសិករលក់បានថ្លៃ តែឥឡូវតម្លៃស្រូវបែរជាលក់បានថោកជាងរដូវច្រូត កាត់មុនទៅទៀត។ លោកបានប្រាប់ថានៅពោធិសាត់ បាត់ដំបងបន្ទាយមានជ័យដែលជាខេត្តផលិតបានស្រូវច្រើន ឥឡូវកសិករកំពុងលក់ស្រូវបានក្នុងតម្លៃថោកបំផុត។
កាលពីរដូវច្រូតកាត់មុនស្រូវក្រអូបស្រូវប្រភេទល្អលក់បាន៣៥០ដុល្លារក្នុងមួយតោននិងចំពោះ ស្រូវចម្រុះចាប់ឆាយលក់បាន២០០ដុល្លារលើសក្នុងមួយតោន។លោកបាននិយាយថាពួកឈ្មួញកណ្តាលដែលទំនងជាដៃជើងរបស់រោងម៉ាស៊ីនស្រូវនានាឬជាដៃជើងរបស់អ្នកកំពុងទទួលបានមូលនិធិពីរដ្ឋាភិបាលសម្រាប់ការដើរប្រមូលទិញនេះកំពុងធ្វើផ្គរធ្វើភ្លៀងនិងទម្លាក់តម្លៃស្រូវរបស់កសិករដែលកំពុងប្រមូលផលនេះ។
រដូវកាលប្រមូលផលគឺជាពេលដែលពួកកសិករត្រូវការសងបំណុលគេដូចជាជំពាក់ថ្លៃជីនិងការខ្ចីបុលនានាសំរាប់ការចាយវាយពេលចុះធ្វើស្រែជាដើម។ ដូច្នេះទោះជាត្រូវគេអោយថ្លៃក្នុងតម្លៃណា ក៏ដោយក៏ត្រូវតែលក់យកលុយសងបំណុលគេដែរ បើមិនលក់ទេក៏គង់ម្ចាស់បំណុលមក«អូស» យកទៅដដែលទេ។
លោកពេជ្រ ពិសិដ្ឋ បានប្រាប់ថានេះគឺជាបញ្ហដែលកសិករកំពុងជួបជាចំនុចខ្យោយដែលនាំអោយ ពួកឈ្មួញអាចទម្លាក់ថ្លៃតម្លៃស្រូវរបស់កសិករអោយចុះថោកបានដោយស្រួល។ លោកបានអោយ ដឹងដែរថាតម្លៃស្រូវដែលកសិករកំពុងលក់ចេញអោយឈ្មួញទាំងបង្ខំចិត្តនាពេលនេះបើធៀបនឹង
តម្លៃដែលគាត់ចំណាយពេលផលិតធ្វើគឺខាត។
ជាទូទៅ កសិករបានចំណាយក្នុងមួយហិកតាប្រមាណ៤០០ដុល្លារអាមេរិកដោយទទួលបាន ទិន្នផលតែ១,៦ តោនទៅ២តោនប៉ុណ្ណោះ។ នេះជាបញ្ហដែលកសិករនៅតែក្រងើបមុខមិនរួច ដោះបំណុលគេក៏មិនចេះអស់។ លោកពេជ្រ ពិសិដ្ឋបានមានប្រសាន៍ថាដើម្បីជួយដល់កសិករ រដ្ឋាភិបាលគួរជួយរក្សាតម្លៃស្រូវរបស់កសិករអោយបានត្រឹមត្រូវ ជួយការពារអោយពួកគាត់ ជាអ្នកផលិតផ្ទាល់អោយមានជីវភាពសមរម្យផងមិនគួរបណ្តែតបណ្តោយអោយឈ្មួញកណ្តាលក្រឡុកតម្លៃឬវាស់តម្លៃបន្ថោកតម្លៃគ្នាតាមតែចិត្តនោះទេ។
លោកបានប្រាប់ថាវិធីល្អមួយដើម្បីជួយការពារតម្លៃស្រូវរបស់កសិករគឺរាល់រោងម៉ាស៊ីនណា សមាគមណាឬក៏ក្រុមហ៊ុនណាដែលទទួលបានមូលនិធិឬប្រាក់កម្ចីពីរដ្ឋាភិបាលឬធនាគារអភិវឌ្ឍន៍ជនបទត្រូវមានការធានាឬកាតព្វកិច្ចទិញស្រូវពី កសិករក្នុងតម្លៃសមរម្យមួយដែលរដ្ឋាភិបាលកំណត់អោយនិងច្បាស់លាស់។
បើពួកគេទទួលបានមូលនិធិពីរដ្ឋាភិបាលហើយនៅបន្តយកប្រាក់នោះទៅចងការជាមួយកសិករនិងចាប់បង្ខំអោយកសិករលក់ស្រូវអោយក្នុងតម្លៃថោកវិញនោះកសិករចាំតែងាប់ទេ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment