Tuesday, January 04, 2011

ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះ​សីហនុ​​មនុស្ស​កំសាន្ត​​កុះ​ករ​ថ្ងៃ​បុណ្យ​ឆ្នាំ​សាកល


 មនុស្ស​​ជា​ច្រើន​​បាន​មក​ពី​​ទិស​​ទាំង​៨ និង​ចំរុះ​ជាតិ​សាសន៍​ រួម​ជា​មួយ​ទោ​ចក្រយាន្ត​ និង​រថយន្ត​គ្រប់​ប្រភេទ​យ៉ាង​ណែន​ណាន់​តាន់​តាប់​ បាន​នាំ​គ្នា​កំសាន្ត​ទីក្រុង​មាត់​សមុទ្រ​ ដែល​មាន​ឆ្នេរ​ខ្សាច់​ល្អ​ឥត​ខ្ចោះ​មិន​ចាញ់​ឆ្នេរ​ដទៃ​លើ​ពិភព​លោក​ឡើយ​ ដែល​ការ​នាំ​គ្នា​ទៅ​កំសាន្ត​ខុស​ពី​ថ្ងៃ​ធម្មតា​នេះ​ គឺ​ជា​ឱកាស​នៃ​ការ​អប​អរ​សាទរ​​ឆ្នាំ​ថ្មី​​ឆ្នាំ​សាកល​២០១១។ ពិធី​បុណ្យ​ចូល​ឆ្នាំ​សាកល​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ធ្នូ។ អ្វី​ដែល​ជា​ភាព​វិសេស​វិសាល​​ក្នុង​រាត្រី​ថ្ងៃ​ទី​៣១ ធ្នូ នោះ​គេ​ឃើញ​ហ្វូង​មនុស្ស​ជា​ច្រើន​នាក់​ដើរ​ពពាក់​ពពូន​គ្នា​ ខ្លះ​ជា​លក្ខណៈ​គូ​សង្សារ ខ្លះ​ជា​​មិត្ត​ភក្តិ និង​ខ្លះ​ទៀត​ជា​លក្ខណៈ​គ្រួសារ​ ដោយ​នៅ​ក្នុង​ដៃ​ភាគ​ច្រើន​ពោរ​ពេញ​ដោយ​​គ្រាប់​កាំជ្រួច​ត្រៀម​​បាញ់​អប​អរ​នៅ​វេលា​ម៉ោង​១២​យប់ ដែល​ជា​ម៉ោង​ឆ្លង​ឆ្នាំ​​ចាស់​២០១០ ចូល​ឆ្នាំ​ថ្មី​២០១១។ ស្នូរ​កាំជ្រួច​ជា​ច្រើន​បាន​បន្លឺ​ឡើង​​ក្នុង​អាកាស​វេហាស៍​ដែល​កំពុង​ងងឹត​​​ពាស​ពេញ​ដោយ​ពន្លឺ​គ្រប់​ប្រភេទ​គួរ​ឱ្យ​ចង់​គយ​គន់​។
លោក​ម៉ុក លី ដែល​អញ្ជើញ​មក​ពី​រាជ​ធានី​ភ្នំពេញ​បាន​សំដែង​នូវ​ក្តី​រំភើប​ក្រៃ​លែង និង​បាន​និយាយ​មក​កាន់​អ្នក​យក​ព័ត៌​មាន​យើង​ថា សំរាប់​ថ្ងៃ​ទី​៣១ ធ្នូ នេះ ក៏​ដូច​ជា​យប់​នេះ​ រូប​លោក​ រួម​ជា​មួយ​ក្រុម​គ្រួសារ​មាន​សេចក្តី​សុខ​សុភមង្គល​ និង​រំភើប​បំផុត​ ព្រោះ​បាន​ឃើញ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត បាន​ឃើញ​ហ្វូង​មនុស្ស​ជា​ច្រើន​គ្រប់​ជាតិ​សាសន៍ និង​បាន​ឃើញ​ពន្លឺ​កាំជ្រួច​នៅ​លើ​ផ្ទៃ​មេឃ​ពី​ទឹក​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ ហើយ​លោក​ក៏​បាន​សំរាក​នៅ​លើ​ឆ្នេរ​ខ្សាច់​​នេះ និង​បាន​ស្រូប​យក​ខ្យល់​បរិ​សុទ្ធ​នៃ​ឆ្នេរ​សមុទ្រ​ដែល​បក់​មក​​ត្រសៀកៗ។ លោក​បន្ត​​ថា អ្វី​ជា​​លក្ខណៈ​ពិសេស​សំរាប់​រូប​លោក គឺ​ពន្លឺ​កាំជ្រួច​ដែល​ចាំង​ជា​មួយ​ផ្ទៃ​ទឹក​​បង្កើត​បាន​ជា​ពន្លឺ​ថ្មី​មួយ​ទៀត​ដែល​ល្អ​ឥត​ខ្ចោះ​កម្រ​​ជួប​​​ណាស់។ ជា​ចុង​ក្រោយ​លោក​បាន​បន្ថែម​ថា លោក​នឹង​ត្រឡប់​មក​ម្តង​ទៀត​នៅ​ឆ្នាំ​ក្រោយ​ប្រសិន​បើ​មាន​ឱកាស។
យោង​តាម​សំដី​លោក​ង៉ាន ដារ៉ា មន្ត្រី​សាលា​ខេត្ត​ព្រះ​សីហនុ​បាន​ឱ្យ​ដឹង​ថា តាម​របាយ​ការណ៍​មន្ត្រី​មន្ទីរ​ទេស​ចរណ៍​ខេត្ត​ ចំនួន​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​នៅ​ឆ្នាំ​២០១០​នេះ​ មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សំគាល់ ជាក់​ស្តែង​នៅ​ដំណាច់​ឆ្នាំ​២០១០​​មាន​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​រាប់​ម៉ឺន​នាក់​ ចូល​មក​កំសាន្ត​នៅ​ខេត្ត​ព្រះ​សីហនុ ដែល​ធ្វើ​ឱ្យ​តួលេខ​កើន​ឡើង​រហូត​ដល់​៦៤១.០០៩​នាក់ ​ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៤៩១.១៣៤​នាក់ និង​ភ្ញៀវ​អន្តរ​ជាតិ​មាន​ចំនួន​១៤៩.៨៧៥​​នាក់ បើ​ប្រៀប​ធៀប​ឆ្នាំ​២០០៩ គឺ​មាន​ការ​កើន​ឡើង​ខ្ពស់។ នៅ​រាត្រី​ថ្ងៃ​ទី​៣១ ធ្នូ ដ៏​សែន​សប្បាយ​នោះ​ក៏​បាន​កើត​ឡើង​​​នូវ​ឧបទ្ទវ​ហេតុ​ឆេះ​តូប​មួយ​យីហោ​៨៨៨ បណ្តាល​​មក​ពី​ការ​បាញ់​កាំជ្រួច​ តែ​មិន​បណ្តាល​ឱ្យ​ខូច​ខាត​ទាំង​ស្រុង​ទេ។ គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​២​ឆ្នាំមុន តូប​លក់​ដូរ​នៅ​ឆ្នេរ​អូរឈើទាល​ចំនួន​៣​ត្រូវ​ឆេះ​ខូច​ខាត​ទាំង​ស្រុង​ដោយ​សារ​​ភ្លើង​កាំជ្រួច៕

No comments:

Post a Comment