កាលពីមុនការធ្វើអត្តសញ្ញាណប័ណ្ណពុំតម្រូវឱ្យប្រជាជនបង់ប្រាក់ទេ ប៉ុន្តែឥឡូវនេះក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញប្រកាសជាផ្លូវការជាអន្តរក្រសួងមួយដោយតម្រូវឱ្យប្រជាជនកម្ពុជាទាំងអស់បង់ប្រាក់ចំនួន១ម៉ឺនរៀល សម្រាប់តម្លៃអាករអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងម្នាក់ៗ ដែលប្រកាសនេះបានអះអាងថា ការបង់ថ្លៃអាករ គឺសម្រាប់ផ្គត់ផ្គង់ថ្លៃទិញសម្ភារៈក្នុងការ ផលិតប័ណ្ណ សម្គាល់ខ្លួននេះ។
បើតាមប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចថា ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅពេលខាងមុខនឹងត្រូវកំណត់ថ្លៃអាករអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរដែលផ្តល់ជូនប្រជាពលរដ្ឋក្នុងមួយសន្លឹកតម្លៃ ១ម៉ឺនរៀល។ ប្រាក់ដែលប្រមូលបានពីអាករអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវដក ២ ០០០រៀល ក្នុងមួយសន្លឹក ក្នុងនោះសម្រាប់ឧបត្ថម្ភដល់កងកម្លាំងប្រតិបត្តិការ ១ ៥០០រៀល និងសេវាថែទាំឧបករណ៍ សម្ភារៈបច្ចេកទេស ៥០០រៀល។
លោកគៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានមាន ប្រសាសន៍ ថាៈ“យោងតាមប្រកាសរបស់អន្តរក្រសួងថា ការកំណត់ថ្លៃអាករអត្តសញ្ញាណប័ណ្ណនោះ នឹងចូលជាធរមាន បន្ទាប់ពីថ្ងៃចុះហត្ថលេខា ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១០ ដោយលោកឧបនាយករដ្ឋមន្ត្រីទាំងពីរ គឺលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”។
លោកបានបន្ថែមទៀតថាៈ“ប្រាក់ដែលទទួលបានក្នុងការកំណត់ថ្លៃអាករចំនួន១ម៉ឺនរៀលក្នុងម្នាក់ៗ គឺមិនថ្លៃពេកទេ ហើយនឹងប្រើសម្រាប់ទិញសម្ភារៈមួយចំនួនក្នុងការផលិតប័ណ្ណសម្គាល់ខ្លួនដូច្នេះប្រជាជនសាមញ្ញ គាត់អាចមានលទ្ធភាព។ ប៉ុន្តែប្រជាជនក្រីក្រមួយចំនួនអាចជួបការលំបាកក្នុងការលៃលកប្រាក់ ម្យ៉ាងវិញទៀត រដ្ឋមិនយកចំណេញណាមួយពីការធ្វើប័ណ្ណនេះទេ”។
ប្រជាជនម្នាក់នៅខណ្ឌមានជ័យដែលសុំមិនឱ្យបញ្ចេញឈ្មោះដោយសារការទារប្រាក់កន្លងមកនេះ ពីការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបាននិយាយថាៈ“ប៉ូលិសយកលុយ១ម៉ឺនរៀលក្នុងម្នាក់ៗនោះ វាមិនច្រើនទេ សម្រាប់អ្នកមានលុយ តែបើសម្រាប់កូនចៅប្រជាជនអ្នកក្រីក្រវិញនោះ វាលំបាកណាស់ព្រោះសព្វថ្ងៃនេះ ពួកគាត់ក្រខ្សត់ណាស់ រកលុយឱ្យកូនទៅរៀនសូត្រប្រចាំថ្ងៃមិនចង់បានផង”៕
No comments:
Post a Comment