កាសែតថៃ បាននិយាយថា សមាជិកសភាថៃ និងជនជាតិថៃទាំង៦នាក់ បានជូនដំណឹង ទៅអោយនាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីតវេចាជីវ៉ា បានដឹង នៅពេលដែលបានធ្វើដំណើរចូលមកជ្រៅ ក្នុងទឹកដីកម្ពុជានោះ។
សមាជិកសភាថៃ លោក ផានិចវីឃីស្រេត បាននិយាយតាមទូរស័ព្ទ ប្រាប់ទៅមន្ត្រីម្នាក់ ដែលទទួលទូរស័ព្ទ ក្នុងក្រុងបាងកកថា សូមអោយគាត់នោះ ប្រាប់ទៅលោកស៊ុមគាត ដើម្បីអោយលោកស៊ុមគាត ប្រាប់ទៅលោកនាយករដ្ឋមន្ត្រីថៃ អោយដឹងផងថា ពួកគេទាំងឡាយ កំពុងស្ថិតក្នុងទឹកដីកម្ពុជាហើយ។ សមាជិកសភាថៃដដែលនិយាយ ទៀតថា គាត់ប្រុងនឹងទូរស័ព្ទ ហៅទៅនាយករដ្ឋមន្ត្រីថៃ ដោយខ្លួនឯងដែរ ប៉ុន្តែ គាត់ថាមិនបាច់ទេនាពេលនេះ។ លោក ផានិចវីឃីស្រេត បាននិយាយតាមទូរស័ព្ទ ប្រាប់មនុស្សដដែលតាមទូរស័ព្ទទៀតថា សូមប្រាប់ទៅគាត់ផង ក្នុងករណីណា ដែលអាចជួបបញ្ហា ដើម្បីអោយមានការសហការទាក់ទងគ្នា ពីព្រោះ ពួកគេបានមកដល់ក្នុងទឹកដីប្រទេសកម្ពុជាហើយ។ សមាជិកសភាថៃដដែល បាននិយាយតាមទូរស័ព្ទបន្តទៀតថា សូមកុំអោយមានការនិយាយអំពីរឿង ដែលពួកគេចូលមកក្នុងទឹកដីកម្ពុជានេះ អោយអ្នកណាបានដឹង ហើយមានតែ នាយករដ្ឋមន្ត្រីតែមួយប៉ុណ្ណោះ ដែលត្រូវដឹងអំពីរឿងនេះ។
ការលាតត្រដាង អំពីការនិយាយសន្ទនានេះ ត្រូវគេបង្ហាញតាមខ្សែអាត់ថតវីដេអូមួយ ដែលបានដាក់ផ្សាយតាមគេហទំព័រ យូធូប បង្ហាញអំពីការពិត ដែលខុសនឹងអ្វីដែលសមាជិកសភាថៃ និងក្រុមថៃអាវលឿងទាំង៧ បាននិយាយអះអាងថា ពួកគេត្រូវអាជ្ញាធរខ្មែរ បានចាប់ក្នុងទឹកដីថៃ។ ខ្សែអាត់វីដេអូបង្ហាញរូបភាព ជាមួយនឹងសម្លេងនោះ គឺជាខ្សែអាត់ ដែលគេជឿថា ថតដោយជនជាតិថៃម្នាក់ ដែលអាជ្ញាធរខ្មែរ កំពុងឃុំខ្លួនក្នុងមន្ទីរឃុំឃាំងព្រៃសរ។ តាមខ្សែអាត់នេះ មានការបកស្រាយខ្លះសង្ស័យថា ក្រុមថៃទាំង៧ ដែលបានធ្វើដំណើរចូលមកស៊ើបការណ៍ក្នុងកម្ពុជា គឺតាមរយៈការបញ្ជារបស់នាយករដ្ឋមន្ត្រីថៃ ប៉ុន្តែមន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលថៃ បដិសេធ។ លោកផានីថាន វឌ្ឍនាយ៉ាឃន បានថ្លែងថា វាមិនអាចចំពោះនាយករដ្ឋមន្ត្រី ទៅបញ្ជាតំណាងរាស្ត្រគណបក្ស អោយទៅធ្វើកិច្ចការនោះទេ។ ហើយហេតុអ្វី បានជាលោកនាយករដ្ឋមន្ត្រី ត្រូវធ្វើយ៉ាងនោះ?
សូមជំរាបថា លោកផានិច មុននឹងធ្វើជាសមាជិកសភា គាត់គឺជាអនុរដ្ឋមន្ត្រី នៅក្រសួងការបរទេសថៃ។ នាពេលនេះ ការសង្ស័យកំពុងតែកើតឡើង នៅក្នុងប្រទេសថៃ ដែលចង់ដឹងការពិតថា ហេតុអ្វីបានជាមានការបញ្ជូនថៃ អោយទៅធ្វើការខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា យ៉ាងនេះ។