ឃ្លីបវីដេអូបង្ហាញលោកផានិចទូរស័ព្ទនិងជនជាតិថៃ៦នាក់ទៀតឆ្លងចូលកម្ពុជា។លោកផានិចបានហៅទូរស័ព្ទទៅលេខារបស់លោកឈ្មោះសំគៀត ដោយប្រាប់លោកអោយប្រាប់អាប់ភិស៊ីតថាលោក(ផានិច)បានចូលក្នុងទឹកដីកម្ពុជា។សមាជិកសភានេះបានប្រាប់លេខារបស់លោកថាលោកនាយករដ្ឋមន្ត្រី គ្មាននរណាម្នាក់ផ្សេងទេ បានដឹងអំពីសភាពការណ៍នេះ
អ្នកនាំពាក្យរដ្ឋាភិបាល លោកផានីតាន់ វ៉ាតតាណាយ៉ាកនបាននិយាយក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា នាយករដ្ឋមន្ត្រីថៃលោកអាប់ភិស៊ីត វេចាជីវ៉ាបានពន្យល់ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារថាលោកគ្រាន់តែបានដឹងថាសមាជិកសភាគណបក្សប្រជាធិបតេយ្យលោកផានិច វីគិតស្រេតនឹងធ្វើដំណើរទៅតំបន់ព្រំដែនមួយ តែមិនបានដឹងថាគាត់(ផានិច)បានស្ថិតនៅទីណាទេ។
លោកអាប់ភិស៊ីតមុនចូលប្រជុំកណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារបានទទួលស្គាល់ថាលោកបានបញ្ជូនលោកផានិចទៅព្រំដែននិងបាននិយាយថាលោកនឹងពន្យល់បញ្ហានេះក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។
លោកផានីតាន់បាននិយាយថាលោកនាយករដ្ឋមន្ត្រីបានប្រាប់គណៈរដ្ឋមន្ត្រីថាលោកផានិចពីដំបូងបានប្រាប់លោកថាលោកនឹងទៅកាន់ចំណុចព្រំដែនមួយនៅក្នុងខេត្តប្រាជិន ប៊ូរី។តែ ចេញពីព្រំដែនលោកផានិចបានរាយការណ៍តាមរយៈលេខាផ្ទាល់របស់នាយករដ្ឋមន្ត្រីថាលោកបានទៅខេត្តស្រះកែវជំនួសវិញ។
យោងតាមលោកផានីតាន់ ក្រសួងការបរទេសបានរាយការណ៍ជូនគណៈរដ្ឋមន្ត្រីអំពីផែនការជួយជនជាតិថៃទាំង៧នាក់ដែលត្រូវបានចោទប្រកាន់ពីបទចូលក្នុងទឹកដីកម្ពុជានិងតំបន់យោធាដោយខុសច្បាប់កាលពីថ្ងៃ២៩ធ្នូ។
ក្រសួងនឹងតែងតាំងមេធាវី២នាក់សំរាប់ដោះស្រាយករណីនេះ។
ក្រសួងនៅតែនិយាយថាលោកផានិចនិងក្រុមរបស់លោកគ្មានចេតនាចូលទឹកដីកម្ពុជាទេនិងថា“ពួកគេបាននៅទីនោះដើម្បីតែស៊ើបអង្កេតបណ្តឹងពីអ្នកភូមិ ដែលបាននិយាយថាពួកគេលែងអាចធ្វើការចិញ្ចឹមជីវិតនៅក្នុងតំបន់នេះ”។
ក្រសួងការបរទេសនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលខ្លួនអាចដើម្បីរក្សាទំនាក់ទំនងល្អជាមួយកម្ពុជាហើយនឹងបន្តទាក់ទងរដ្ឋាភិបាលកម្ពុជា។
ចំណែកលោកអាប់ភិស៊ីតបាននិយាយក្នុងកិច្ចសម្ភាសន៍ដាច់ដោយឡែកមួយថាលោកបានមើលឃ្លីបវីដេអូដែលត្រូវគេបង្ហោះតាមអ៊ិនធឺណែតនិងដែលត្រូវកម្ពុជាប្រើប្រឆាំងជនជាតិថៃទាំង៧នាក់។
លោកបាននិយាយថាលោកមិនបានទាក់ទងមកនាយករដ្ឋមន្ត្រីកម្ពុជាដោយផ្ទាល់ទេហើយនឹងទុកអោយអាជ្ញាធរសមស្របធ្វើកិច្ចការរបស់គេ។
លោកអាប់ភិស៊ីតក៏បានស្នើក្រុមបណ្តាញអ្នកស្នេហាជាតិថៃកុំបង្កភាពវឹកវរ ពីព្រោះវានឹងមិនធ្វើអ្វីមួយល្អសំរាប់ប្រទេសទេ។
No comments:
New comments are not allowed.