ភ្នំពេញ៖ អនុសំវច្ឆរៈមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី១៩ បានប្រារឰពិធីបើកនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១១ នៅសាលសន្និសីទចតុមុខ ដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដម មិន ឃិន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានថ្លែងឱ្យដឹងថា អនុសំវច្ឆរៈមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី១៩ ឆ្នាំ២០១១ ប្រព្រឹត្ដទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១១ ដើម្បីបូកសរុបពិនិត្យមើលលទ្ធផលនៃការ អនុវត្ដសង្ឃប្រកាសរបស់អនុវច្ឆរៈមហាសន្និបាតមន្ដ្រីសង្ឃក្នុងឆ្នាំកន្លងទៅ និងពិភាក្សាពិគ្រោះប្ដូរយោបល់លើការងារព្រះពុទ្ធសាសនាពេលបច្ចុប្បន្ន និងលើកទិសដៅបន្ដសំដៅពង្រឹងអនុវត្ដរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងពង្រឹងលិខិតបទដ្ឋានគិតយុត្ដដែលមានស្រាប់ ធ្វើឱ្យវិស័យព្រះពុទ្ធសាសនារីកចម្រើនសក្ដិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទ និងពង្រឹងគុណភាពពុទ្ធិកសិក្សាដើម្បី អភិវឌ្ឍធនធានបព្វជិតឱ្យកាន់តែសុក្រឹតនិងគុណភាពខ្ពស់។
សម្ដេច ជា ស៊ីម ប្រធានព្រឹទ្ធភាព បានបញ្ជាក់ថា ទន្ទឹមនឹងការរីកចម្រើនក៏នៅមានបញ្ហាជាច្រើនដែរ ដែលត្រូវបន្ដដោះស្រាយ។ សម្ដេចប្រធានព្រឹទ្ធសភាបានឯកភាព ជាមួយមហាសន្និបាតលើកនេះដែលបានចាប់អារម្មណ៍ដល់ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងអភិបាលកិច្ច ការគោរពប្រតិបត្ដិធម៌វិន័យ និងការចូលរួមការងារសង្គមជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសអប់រំ សីលធម៌ ព្រោះព្រះពុទ្ធសាសនា គឺជាកម្លាំងដឹកនាំចរិយាធម៌សង្គមដ៏ល្អបំផុត។
សម្ដេចបន្ថែមថា ការពង្រឹងគុណភាពលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងជួរមន្ដ្រីសង្ឃត្រូវផ្សារភ្ជាប់នឹងបច្ចេកវិទ្យាទំនើបដើម្បីឱ្យកិច្ចការសាស នាមានសណ្ដាប់ធ្នាប់ល្អ និងធានាបាននូវសាមគ្គីភាពក្នុងជួរពុទ្ធសាសនិកជន។ ការយកចិត្ដទុកដាក់ចំពោះពុទ្ធិកសិក្សា ក៏ជាការចាំបាច់យ៉ាងសំខាន់ដែរដែលត្រូវពង្រឹង និងពង្រីកនៅគ្រប់ទីកន្លែង ដែលសមស្របហើយគ្រប់គ្នាគួរប្រកាន់ យកព្រះពុទ្ធឱវាទធ្វើជាប្រទីបបំភ្លឺផ្លូវសម្រាប់អប់រំចរិយាធម៌ និងស្មារតី ដោយជម្រុះចោលនូវគំនុំការច្រណែន និន្ទានិងអំពើហិង្សា។
សម្ដេចក៏បានថ្លែងសរសើរចំពោះពុទ្ធសាសនិកទាំងបព្វជិត ទាំងគ្រហស្ថ ដែលខិតខំប្រតិបត្ដិខ្លួនឯង ជួយអប់រំពុទ្ធបរិស័ទផង ទៅតាមលំអានខ្លឹមសារក្នុងព្រះត្រៃបិតកដែលជាព្រះធម៌របស់សម្មាសម្ពុទ្ធ។ សម្ដេចក៏សូមឱ្យជនរួមជាតិខិតខំសម្អាតកាយវាចា ជម្រះនូវសេចក្ដីសៅហ្មងទាំងឡាយ ធ្វើដំណើរតាមគន្លងព្រះធម៌ និងមានសេចក្ដីជ្រះថ្លា ក្នុងការប្រមូលផ្ដុំកម្លាំងថែរក្សាការពារ សេចក្ដីសុខ សន្ដិភាព ស្ថិរភាព សាមគ្គីភាព ក្ដីសង្ឃឹម ហើយជំរុញការកសាងជាតិឆ្ពោះទៅរកភាពថ្កុំថ្កើងរុងរឿង សម្បូរតសប្បាយរៀងទៅ។
សម្ដេចក៏សូមឱ្យអនុវត្ដឱ្យបានត្រឹមត្រូវនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានកំណត់ថា គោរពសិទ្ធិសេរីភាពខាងសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបង្កលក្ខណៈសម្បត្ដិល្អដល់សកម្មភាពនៃសាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋានថែរក្សា សាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ដោយរារាំងការរើសអើង និងការបែកចែកសង្គម ដែលបណ្ដាលមកពីភាពខុសគ្នាខាងជំនឿង និងសាសនា៕
No comments:
Post a Comment