Tuesday, December 28, 2010

ឯកឧត្តម​បណ្ឌិត សុខ អាន ទទួលជួប​ឯកអគ្គ​រដ្ឋទូត​សហភាពមីយ៉ាន់ម៉ា​ ដែលនឹង​​ត្រូវ​បញ្ចប់​បេសកកម្មការទូត​នៅ​កម្ពុជា​


 ឯកឧត្តម​ អ៊ុយ វិនសេន (U Win Shein) ឯកអគ្គរដ្ឋទូត​នៃ​សហភាព ​មីយ៉ាន់​ម៉ា​បាន ​ចូល​ជួប​ សម្តែង​ការ​គួសម​ និង​ជម្រាប​លា​ឯកឧត្តម​បណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការ​គណៈរដ្ឋមន្ត្រី​ នាព្រឹក​ថ្ងៃទី២៨ ខែ​ធ្នូ ឆ្នាំ​២០១០ នៅទីស្តីការ​គណៈរដ្ឋមន្រ្តី​ ក្នុង​ឱកាស​ដែល​ ឯកឧត្តម​នឹង​ត្រូវ​បញ្ចប់​បេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រកម្ពុជា​។​

 ជាមួយ​នឹង​ការ​សម្តែង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​​ផ្តល់​ការ​គាំទ្រ​ និង​ជួយ​សម្រួល ​បេសកកម្ម​ការ​ទូត​របស់​សហភាព​មីយ៉ាន់​ម៉ា​នៅ​ព្រះរាជាណាចក្រកម្ពុជា​បាន​ល្អ​ប្រសើ​រ។​​ ឯកឧត្តម​ អ៊ុយ វិនសេន (U Win Shein) បាន​មាន​ប្រសាសន៍​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​ការ​រី​កចំរើន​នៃ​ទំនាក់​ទំនង ​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ពីរ​ មីយ៉ាន់ម៉ា-កម្ពុជា​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា​ បាន​មាន ​ប្រសាសន៍​​ឲ្យ​ដឹង​​ថា ភាគី​សហភាពមីយ៉ាន់ម៉ា​បាន​ និង​កំពុង​តែ​ជម្រុញ​ការ​អនុវត្ត​នូវ​ កិច្ច​ព្រម​ព្រៀង​ សហប្រតិបត្តិការ​​រវាង​ប្រទេស​ទាំង​ពីរ​ ជា​ពិសេស​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​លើ​វិស័យទេសចរណ៍​ និង​សេវាកម្ម​ទេស​ចរណ៍​ ដែល​​នៅ​ក្នុង​ខែ​ មករា ​ខាងមុខ​នេះ​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ នៃ​សហភាព មីយ៉ាន់ម៉ា​នឹង​មក​បំពេញទស្សនកិច្ច​ចូល​រួម​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​នារាជធានី​ភ្នំពេញ​។
 ឯកឧត្តម​បណ្ឌិត សុខ អាន​ ​បាន​មាន​ប្រសាសន៍​ស្វាគមន៍​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ ឯកឧត្តម​​ឯកអគ្គរដ្ឋ ទូត​សហភាពមីយ៉ាន់ម៉ា​ ដែល​បាន​ជួយ​ជម្រុញ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា-មីយ៉ាន់ម៉ា​ឲ្យ​ដំណើរ​ការ​បាន​ល្អ​ ជាពិសេស​គឺ​ការ​រៀបចំឲ្យ​មាន​វត្តមាន​ឯកឧត្តម ថេន សេន (H.E.U Gen. Thein Sein) នាយករដ្ឋមន្រ្តី​មីយ៉ាន់ម៉ា​ ក្នុង​កិច្ច​ប្រជុំ CLMV និង ACMECS ​នៅ​រាជធានី​ភ្នំពេញ​នាពេល​កន្លង​មកនេះ​។​

  ឯកឧត្តម​បណ្ឌិតឧបនាយករដ្ឋមន្រ្តី​ បាន​ចាត់ទុក​ការជម្រុញ​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​ និង​ សេវាកម្ម​​ អាកាសចរណ៍​ដោយ​ត្រង់​​រវាង​ប្រទេស​ទាំង​ពីរ​​ គឺ​ជា​ចំនុច​សំខាន់​នៃ​ការ​បង្កើន​ កិច្ច​ សហប្រតិបត្តិការ ​សេដ្ឋកិច្ច​កម្ពុជា-មីយ៉ាន់ម៉ា​។ ឯកឧត្តម​បណ្ឌិត សុខ អាន បានជម្រាប​ឯកអគ្គរដ្ឋទូត​ សហភាពមីយ៉ាន់ម៉ាថា ប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា​ នឹងទៅទស្សនកិច្ច​នៅ​​សហភាព​មីយ៉ាន់ម៉ា​ នាពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ដើម្បី​ពិនិត្យអំពី​​ឱកាស​វិនិយោគទុន​ និង​ជម្រុញ​សហប្រតិបត្តិការ ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។


 ឯកឧត្តម​បណ្ឌិត សុខ អាន បាន​ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋាភិបាល​​សហភាពមីយ៉ាន់ម៉ា​ ដែល​បាន​ ផ្តល់​ជំនួយ​ដល់​កម្ពុជា​នា​ពេល​កន្លង​មក​ ពិសេស​ផ្តល់​អាហារូបករណ៍​រយៈពេល​វែង​ដល់​សមណនិស្សិត​ កម្ពុជា​ ៥៨ អង្គ​ និង​បាន​មាន​ប្រសាសន៍​ស្វាគមន៍​ដល់​ដំណើរ​ការ​ នៃ​ការ​អនុវត្តនូវ​គោល​នយោបាយ​ ៧ ចំនុច​ដោយ​ប្រជាជន​មីយ៉ាន់ម៉ា​ ដើម្បី​កសាង​​មីយ៉ាន់​ម៉ា​ជា​ប្រទេស​ទំនើប​ និង​ប្រជាធិបតេយ្យ​​។

No comments:

Post a Comment