Tuesday, December 28, 2010

កាកបាទក្រហមកម្ពុជា​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​២​.០៤៦​គ្រួសារ

ខេត្ត​ប៉ៃលិន​ ៖ ​កាក​បាទ​ក្រហម​កម្ពុជា​ បាន​នាំ​យក​​អំណោយ​​មនុស្ស​ធម៌​ទៅចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​​ចំនួន​២.០៤៦​គ្រួសា​រ ​ដែល​ពិធី​បាន​ប្រារព្ធ​ធ្វើ​នៅ​​​វិទ្យាល័យ​សម្ដេច​តេ​ជោ​ ហ៊ុន សែន ទេពនិម្មិត​ក្រុងប៉ៃលិន​ ស្ថិត​​ក្នុង​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​ ​​កាល​ពី​​​ថ្ងៃ​ទី​២៨​ ធ្នូ ឆ្នាំ​២០១០ ​ក្រោម​អ​ធិប​​តី​ភាព​លោក​ជំទាវ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ។ អញ្ជើញ​ចូលរួម​​ក្នុង​ពិធី​នោះ​ដែរ មាន​​លោក​ជំទាវ ទៀ បាញ់​, ​លោក​ជំទាវ ស ខេ​ង និង​​​លោក​ជំទាវ​អ្នក​មុខ​អ្នក​ការ​​ជា​ច្រើន​រូប​ទៀត​ លោកអ៊ី ឈាន ​អភិបាលខេត្ដ​ប៉ៃលិន​ និង​លោក​ជំទាវ បាន ស្រី​មុំ តំណាង​សាខា​កាកបាទក្រហម​​​ខេត្ដ​ពោ​ធិ៍​​សាត់ បាត់ដំបង ព្រៃវែង ​និង​បន្ទាយ​មាន​ជ័យ ​ព្រម​ទាំង​​អភិបាលរង​ខេត្ដ​​ចន្ទ​បុរី​-​ត្រា​ត ​និង​ប្រតិភូ​យោធា​ថៃ​​ជាង​១០​រូប​ ។​

លោក​អ៊ី ឈាន បាន​រាយ​ការណ៍​​អំពី​សកម្ម​ភាព​របស់​​​សាខា​កាកបាទក្រហម​ខេត្ដ​ ​ដែល​មាន​លោក​ជំទាវ​បណ្ឌិត​​ជា​ប្រធាន​ដឹក​នាំ​កន្លង​មក​តែងតែ​ជួយ​ជា​ប្រចាំ​ដល់​បងប្អូន​ជួប​ការ​លំបាក ​និង​​ជួប​ប្រទះ​នូវ​គ្រោះ​មហន្ដរាយ​ក្នុង​នាម​មនុស្ស​ធ​ម៌​ ​ហើយ​ពេល​នេះ​ជា​កិត្ដិយស​ដ៏​ធំធេង​​​ដែល​លោក​ជំទាវ​បាន​មក​ពិនិត្យ​ដោយ​ផ្ទាល់​​ឱ្យ​ដឹង​ពី​សុខទុក្ខ​​ និង​ការ​លំបាក​របស់​​ប្រជា​ពល​រដ្ឋ​​។ មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ និង​ប្រជា​ពល​រដ្ឋ​ ​លោក​ជំទាវ​​​បណ្ឌិត​បាន​មាន​ប្រសាសន៍​ថា ​ពិតមែនតែ​លោក​ជំទាវ​មិន​បាន​​មក​​កាន់​ទី​នេះ​រយៈ​ពេល​១០​ឆ្នាំ​ក៏​ពិត​មែន តែ​ក៏​មាន​សាខា​នៅ​ទី​នេះ ​បាន​រាយ​ការណ៍​​ឱ្យ​​លោក​ជំទាវ​ដឹង​គ្រប់​សកម្មភាព​ និង​បញ្ហា​ដែល​​បងប្អូន​ជួប​ការ​លំបាក​កន្លង​មក ​។ ពិត​មែន​តែ​មក​យឺត​ក៏​​​វា​គ្រាន់​ជាង​មិន​បាន​មក ​ហើយ​រា​ល់​អំណោយ​​ដែល​ជួយ​កន្លង​មក ​និង​ពេល​នេះ​មិន​មែន​​ជា​អំណោយ​របស់​រដ្ឋាភិបាល​ទេ​ តែ​ជា​អំណោយ​មនុស្ស​ធម​​៌​របស់​សប្បុ​រស​ជន​ក្នុង​ប្រទេស​​ ​ដែល​គ្មាន​អ្វី​ពាក់​ព័​ន្ធ​​នឹ​ង​និន្នាការ​នយោ​​បាយ​អ្វី​ឡើយ​ គឺ​អាច​ជួយ​រំលែក​ទុក្ខ​លំបាក​ផ្នែក​ជីវភាព​ក្នុង​គ្រួ​សារបាន​មួយ​រយៈ​ពេល​។
​លោក​ជំទាវ​បាន​​បញ្ជាក់​​ថា ភាព​ក្រីក្រ​មិន​មែន​​មាន​តែ​​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ទេ​ គឺ​ពេញ​ពិភពលោក​ សូ​ម្បី​តែ​ប្រទេស​មហាអំណាច​ធំ​ៗ​ដូច​ជា​ អា​មេ​រិ​ក​ក៏​នៅ​មាន​ជន​ក្រីក្រ​ដែរ ​ហើយ​ដូច​ជា​​នៅ​តំបន់​ប៉ៃលិន​នេះ ​គឺ​​​កាត់​បន្ថយ​បាន​ច្រើន​ណាស់។ ក្នុង​មួយ​ភូមិ​​ភាព​ក្រីក្រ​​​យ៉ាង​​​ច្រើន​​៣​ ឬ​៤​គ្រួ​សារប៉ុ​ណ្ណោះ​ ហើយ​​ចំពោះ​បង​ប្អូន​ដែល​ពិការ​ គឺ​គាត់​ពិការ​តែ​កាយ​ទេ ​តែ​ចិត្ដ​គាត់​មិន​ពិការ​ឡើយ​។​ ចំពោះ​ក្មួយ​ៗ​ដែល​ជា​យុវវ័យ​កំពុង​សិក្សា ​សុំ​ចៀសវាង​ឱ្យ​បាន​​កុំ​សេព​គ្រឿង​ញៀន​​ឱ្យ​សោះ​ ព្រោះ​វា​ដាក់​បន្ទុក​ក្នុង​គ្រួសារ​ថែម​​ទៀត ​ហើយ​នាំ​ឱ្យ​មានការ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​​ទៀត​ផង។ ឯ​ស្ដ្រី​មាន​ផ្ទៃ​ពោះ​សុំ​ទៅ​​ពិនិត្យ​នៅ​មន្ទីរពេទ្យ​បង្អែក​​ឱ្យ​ទៀងទាត់​កុំ​ធ្វេស​ប្រហែស​ឡើយ​ ព្រោះ​​កន្លែង​ខ្លះ​មាន​លួច​​បើក​មន្ទីរពេទ្យ​ឯកជន​​ដោយ​​គ្មាន​ច្បាប់​អនុញ្ញាត​​ត្រឹមត្រូវ​ ដែល​មិន​អាច​ធានា​​បាន​​អាយុ​ជីវិត​ទាំង​ម្ដាយ ​និង​កូន​។​ លោក​ជំទាវ​​បាន​បញ្ជាក់​តួលេខ​តាម​សារ​ព័ត៌​មាន​ថា គ្រាន់តែ​ក្នុង​ខែ​​វិច្ឆិកា ​កន្លង​ទៅ​នេះ ​អ្នក​ស្លាប់​ដោយ​សារ​យក​កូន​ចេញ​នៅ​មន្ទីរ​​ពេទ្យ​ឯកជន​មាន​​៣​ទៅ​៤​នាក់​ ដោយសារ​តែ​គ្មាន​ការ​ទទួល​​ខុសត្រូវ​ និង​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​ក៏​សុំ​​ឱ្យ​បញ្ឈប់​ ឬ​ត្រូវ​បិទ​ជា​បន្ទាន់​ ទោះបី​មាននៅ​ក្នុង​​ខេត្ដ​-ក្រុង​ណា​ក៏​ដោយ។ ​ចំពោះ​មេរោគ​អេដស៍​ គឺ​យើង​កាត់​បន្ថយ​បាន​​ច្រើន​ ឯ​​ប្រជាជន​គាត់​យល់​ច្រើន​អំពី​ការ​ឆ្លង​នៃ​មេរោគ​អេ​ដស៍ ហើយ​អ្នក​ដែល​មាន​ផ្ទុកមេរោគ​អេ​ដស៍​ គាត់​អាច​ការពារ​ និង​មិន​ចម្លង​ទៅ​អ្នក​ដទៃ​ទៀត​ឡើយ​ គឺ​ទទួល​ថ្នាំ​ពន្យារ​ទៅ​តាម​ការ​ណែ​នាំ​ពី​គ្រូពេទ្យ​។​

​អំណោយ​ដែល​ត្រូវ​ចែក​​នា​ឱកាស​នោះ​មាន​ចំនួន​២.០៤៦​​គ្រួសារ ​ក្នុង​នោះ​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោ​គ​អេ​ដស៍​ចំនួន​១៩៩​គ្រួសារ ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៧៤៧​គ្រួសារ កុមារ​កំព្រា​ចំនួន​១៣៨​គ្រួសារ ​​ជន​ពិការ ​និង​ក្រីក្រ​ចំនួន​៩៦២​គ្រួសារ ​មកពី​ស្រុក​សាលា​ក្រៅ​ និង​ក្រុងប៉ៃលិន​ ដែល​មាន​៨​ឃុំ​ ស្មើ​​នឹង​៩០​ភូមិ។ អំណោយ​ដែល​ទទួល​​បាន​​គឺ​ក្នុង​មួយ​គ្រួសារ​ៗអង្ករ​៣០​គីឡូ​ក្រាម​, ​មី​យើង​១០​កញ្ចប់​, ​ត្រីខ​៥​កំប៉ុង​, ​សារុង​១, ក្រមា​១,​ មុង​១, ភួយ​១,​ កំណាត់​ស​១​ដុំ​, ​ថវិកា​១​ម៉ឺន​រៀល​ (​លោក​ជំទាវ​បន្ថែម​ថវិកា​ផ្ទាល់ខ្លួន​៣​ម៉ឺន​រៀល​ទៀត​)។ ក្រៅ​ពី​នេះ​មាន​រទេះ​​ជន​ពិការ​៣០,​ ថ្នាំពេទ្យ​ជួយ​មណ្ឌល​សុខភាព​ចំនួន​៧​ ដោយ​ទទួល​បាន​ថ្នាំ​​បំបាត់​រាក ២១​កា​តុង​=៦៧.២០០​គ្រាប់ ថ្នាំ​បំបាត់​គ្រុន ​២១​​កា​តុង​=១០០.៨០០​គ្រាប់,​ ថ្នាំ​វីតាមីន ២​កា​តុង​=១៤.៤០០​គ្រាប់, ថ្នាំ​ព្យាបាល​សន្លាក់ ២​កា​តុង​=៥៧.៦០០​គ្រាប់​។ សិស្សា​នុ​សិស្ស​​១.០០០​នាក់​ ក្នុង​ម្នាក់ៗ​​ទទួល​បាន​សៀវភៅ​២ ​ប៊ិច​១ ថវិកា​​៥​ពាន់​រៀល​, ​យុវជន​កាក​បាទ​ក្រហម​​២០០​នាក់​ និង​កាយ​ឫទ្ធិ​២០០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​១​ម៉ឺន​រៀល​, ​អ្នក​ស្ម័គ្រចិត្ដ​២៥​នាក់​ និង​យុវជន​កាកបាទក្រហម​២៥​នាក់ ​​ដែល​រៀប​ចំ​កម្មវិធី​ទទួល​បាន​ក្នុង​ម្នាក់​២​ម៉ឺន​រៀល​។ ​លោក​គ្រូ​ អ្នកគ្រូ​១០០​នាក់​ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​៥​មឺុន​​រៀល​,​ ប្រគេន​ព្រះសង្ឃ​វត្ដ​ភ្នំ​យ៉ា​ត ​៨​អង្គ​,​អង្ករ​៣០០​គីឡូ​ក្រាម​ ​មី​យើង​៤​កេស​ធំ​=២៤​កេស​តូច​, ​ត្រីខ​២​កេស​=២០០​កំប៉ុង​, ​ប៊ី​ចេ​ង​៥​គីឡូក្រាម​, ​ស្កសរ​១០០​គីឡូ​ក្រាម​, ​តែ​១០​គីឡូ​ក្រាម​, ​ទឹកក្រូច​១០​កេស​, ​ទឹកដោះគោ​ខាប់​២​កេស​, មៀន​កំប៉ុង​២​កេស​, ​កា​កាវ​២​កេស​,​ថវិកា​សំរាប់​វត្ដ​២​លាន​រៀល​,​ ព្រះ​ចៅអធិការ​វត្ដ​​២០០​ដុល្លា​រ, ​ព្រះសង្ឃ​៧​អង្គ​ ក្នុង​១​អង្គ​២០​ម៉ឺន​រៀល​,​ ដូនជី​តាជី​១០​នាក់​ ក្នុង​ម្នាក់​ៗ​ទទួល​បាន​កំណាត់​ស​១​ដុំ​ ថវិកា​១​ម៉ឺន​រៀល (​បន្ថែម​​ពី​លើ​១០​ម៉ឺន​រៀល​​ទៀត)​។ ​ម្ចាស់​ឧបត្ថម្ភ​អង្ករ​ ស្បៀង សំភារ ​គឺ​សប្បុ​ុ​រស​ជន​ខេត្ដ​ប៉ៃលិន​ និង​ភ្នំពេញ​, កំណាត់​ស ប៊ិច សៀវភៅ​ និង​ថវិកា ​(​សម្ដេច​តេ​ជោ​ហ៊ុន សែន​ និង​លោក​ជំទាវ​), ​ថ្នាំ​បំបាត់​រាក​, ​គ្រុន​,​ក្រុម​ហ៊ុន​មេ​ឌី​កាល់ សប​ប្លាយ​, ​ថ្នាំ​វីតាមីន​, ​ព្យាបាល​​សន្លាក់​ ​ក្រុមហ៊ុន​យូ​ណាយ​ធី​ត ហ្វា​ម៉ា​, ​រទេះ​ជន​ពិការ​ ក្រុមហ៊ុន អេ​ប៊ី​ស៊ី​ ប្រទេស​អូស្ដ្រាលី រួម​ទាំងអស់​សរុប​ជា​ថវិកា​៨៨.០៩៨,១២​ដុល្លារ ​​។​​ក្រៅ​ពី​​នោះ​សប្បុរសជន​ និង​ក្រុមហ៊ុន​​នៅ​ខេត្ដ​ប៉ៃលិន បាន​​ឧបត្ថម្ភ​អង្ករ​ និង​ថវិកា​ជា​ច្រើន​ទៀត៕

No comments:

Post a Comment