ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោកង្វៀន ឌឹកគៀន អនុប្រធានរដ្ឋសភាវៀតណាមបានមាន ប្រសាសន៍ថាលោកពេញចិត្តដោយឃើញក្រុមហ៊ុនវៀតណាមមកវិនិយោគនៅប្រទេសកម្ពុជាដូចជាវិស័យថាមពល រ៉ែ និងកសិកម្ម។តែទោះជាយ៉ាងណាក៏ដោយលោកនឹងខិតខំជំរុញបន្ថែមទៀត ដើម្បីឱ្យអ្នកវិនិយោគទុនវៀតណាមមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន។
លោកសង្ឃឹមថាកម្ពុជានិងវៀតណាមនឹងពន្លឿនការបោះបង្គោលព្រំដែនឱ្យបានមុនឆ្នាំ២០១២ហើយបន្ទាប់មកនឹងចរចាព្រំដែនសមុទ្រទៀតដើម្បីទៅថ្ងៃអនាគតបង្កើតព្រំដែនសមុទ្រនិងព្រំដែនគោក មួយប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍សម្រាប់ជាប្រយោជន៍ដល់ ប្រជាជនទាំងពីរ។
លោកអនុប្រធានរដ្ឋសភាវៀតណាមបានមានប្រសាន៍ដូច្នេះក្នុងពេលលោកបានដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាមចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាកាលពីថ្ងៃ២៧ខែធ្នូឆ្នាំ ២០១០នៅឯវិមានរដ្ឋសភា។
សម្តេចហេង សំរិនបានជម្រាបគណៈប្រតិភូវៀតណាមថាកម្ពុជាពេញចិត្តចំពោះការកើនឡើងក្នុង ការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរហើយបានអំពាវនាវបន្តពង្រីកការងារវិនិយោគ ទេសចរណ៍សេដ្ឋកិច្ចដើម្បីជាប្រយោជន៍ទៅវិញទៅមករវាងរដ្ឋាភិបាលនិងប្រជាជន ប្រទេសទាំងពីរ។
ចំណែកស្ថាប័ននីតិប្បញ្ញតិប្រទេសទាំងពីរ មានការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់គណៈកម្មការជំនាញ ក្រុមមិត្តភាពសភា និងថ្នាក់អគ្គលេខាធិការដ្ឋាន។ សម្តេច ហេង សំរិន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភា រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលតែងតែផ្ដល់នូវការគាំទ្រនិងកិច្ចសហប្រតិបត្តិការល្អដល់រដ្ឋសភា រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាក្នុងការលើកកម្ពស់ស្ថាប័ននីតិប្បញ្ញត្តិនិតិប្រតិបត្តិជាពិសេសក្នុងដំណើរការពង្រឹងសុខសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ប្រទេសកម្ពុជា៕
No comments:
Post a Comment