Tuesday, December 28, 2010

ផ្សព្វ​ផ្សាយ​​​សា​រា​ចរ​​ណែនាំ​​ស្តី​ពីការដោះស្រាយ​សំណង់​បណ្តោះ​អាសន្ន​លើ​ដីរដ្ឋ

 នៅ​សាលា​រាជធានី​នា​ព្រឹកថ្ងៃទី២៧ ធ្នូ ២០១០ មាន​រៀប​ចំ​​បើក​សិក្ខា​សាលា​ ដើម្បី​ផ្សព្វ​ផ្សាយ​សារា​ចរ​ណែ​នាំ​របស់​​រាជរដ្ឋាភិបាល​ស្តីពី​ការ​ដោះ​ស្រាយ​សំណង់​បណ្តោះ​អាសន្ន​លើ​ដីរដ្ឋ​ដែលត្រូវ​បាន​ទន្ទ្រាន​​​កាន់​កាប់​ដោយ​ខុស​ច្បាប់​នៅ​រាជ​​ធានី​ភ្នំពេញ ។ សិក្ខាសាលា​នេះ ធ្វើ​ឡើង​​ស្ថិតក្នុង​អធិបតី​​ភាពលោកទេស​រដ្ឋមន្ត្រី​​អ៊ឹម ​ឈុនលឹម ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយ​កម្ម​​ និង​​សំណង់​ និងជា​ប្រធានក្រុម​ប្រឹក្សា​​គោលនយោ​បាយ​ដីធ្លី ដោយ​មានការចូលរួមពីលោកកែប ជុតិមា អភិបាល​រាជ​ធានី​ភ្នំពេញ ​​និង​មន្ត្រី​ពាក់ព័ន្ធ​ក្រោមឱវាទ​ជាច្រើនរូប​ទៀត ។


នៅ​ក្នុង​សារា​ចរ​ណែនាំ​របស់រាជរដ្ឋាភិបាល​ចុះថ្ងៃទី៣១ ឧសភា ២០១០ ដែលមានបោះ​ត្រា និង​ចុះ​ហត្ថលេខា​ដោយ​សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​នៃព្រះរា​ជា​ណាចក្រ​កម្ពុជា​មានចំនួន៥​ទំព័រ ដោយមាន​ការដាក់ចុះ​នូវ​វិធានការ​ចំនួន៧​ធំៗ​ដែលកោះ​សន្តិភាព​សូមលើក​យកចំណុច​គោលៗ​ដោយមិន​​ដកស្រង់​ទាំងស្រុង​នោះទេ ។ ក្នុងនោះ​វិធាន​ការ​ទី១-​ការ​ស្រង់​ទិន្នន័យ​ជាក់​លាក់​អំពី​ចំនួនទី​តាំង​សំណង់​បណ្តោះ​អាសន្ន​ ទី២-​ការ​ធ្វើ​អត្ត​សញ្ញាណ​​កម្ម​ ការ​ធ្វើ​ផែនទី និង​ការ​ធ្វើ​ចំណាត់​ថ្នាក់​​ទីតាំង​​ដីដែល​សំណង់​បណ្តោះ​អាសន្នតាំង​នៅ​ ទី៣-​ការធ្វើ​​ជំរឿន​ចំនួន​គ្រួសារ​ និងប្រជា​ជន​ដែល​រស់នៅក្នុង​ទី​តាំង​បណ្តោះ​អាសន្ន​​ ទី៤-​ការ​ស្វែង​​រក​ដំណោះស្រាយ​​ ទី៥-ការ​ពិភាក្សា​​សំរបសំរួល​ ដើម្បីកំណត់គោលនយោ​បាយ​​ ទី៦-​គេហ​ដ្ឋាន​រចនាសម្ព័ន្ធ​​ និង​សេវា​សា​ធារណៈមូលដ្ឋាន​ចាំ​បាច់សំរាប់​គាំទ្រ​ដល់​ការ​រស់នៅ និង​ទី៧-​ការចូលរួម​របស់ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​អភិ 
វឌ្ឍន៍ ។
​លោកកែប ជុតិមា អភិបាល​រាជ​ធានីភ្នំពេញ​​បានលើកឡើងថា ក្រោមការដឹកនាំ​ប្រកប​ដោយ​ភាពឈ្លាសវៃ​​របស់សម្តេច​តេជោ ហ៊ុន សែន សាលា​រាជធានីភ្នំពេញបានខិតខំ​ធ្វើការ​អភិវឌ្ឍន៍​​ទី​ក្រុង​ឱ្យ​មានការរីកចំរើន​គួរ​ជាទីមោទនៈ​ ដោយ​​យើង​បានកសាងនូវ​សមិទ្ធ​ផល​ថ្មីៗ​ជាច្រើន​ដូចជា​ការអភិ​វឌ្ឍន៍​​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន ​ប្រឡាយ​​ លូ ស្ថានីយ​បូមទឹក បណ្តាញ​អគ្គិសនីបំភ្លឺ​សា​ធារណៈ ​បណ្តាញ​ទឹក​ស្អាត​ សួន ច្បារ និងសមិទ្ធ​ផល​ផ្សេងៗ​ទៀត ។ ការអភិ​វឌ្ឍន៍នេះ​ធ្វើឡើងក្នុងគោល​បំណង​បំរើ​សេចក្តី ​ត្រូវការ​ជូនប្រជា​ពលរដ្ឋ​ ព្រម​ទាំង​បានលើក​​កំពស់​គុណ​ភាពបរិស្ថាន និងសុខុមាល​ភាពឱ្យ​កាន់​តែ​ប្រសើ​រឡើង តាម​រយៈ​ការពង្រឹង​​សេវា​​សុខាភិបាល​​ ការ​កែលំអ​អនាម័យ​ចំណីអា​ហារ ​ការ​ទប់​ស្កាត់​សំណង់​បណ្តោះ​អាសន្ន បំបាត់​ការ​​ជួញដូរ​មនុស្ស អាជីវកម្ម​​លើ​មនុស្ស ​អាជីវកម្ម​​ផ្លូវ​ភេទលើស្ត្រី​ និងកុមារ លុប​បំបាត់​ល្បែង​ស៊ី​សង គ្រប់ប្រភេទ​​ជា​ដើម ។
នៅ​ក្នុង​ឱកាសនោះ​លោក​ទេស​រដ្ឋ​មន្ត្រី​​អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី នគរូប​នីយ​កម្ម និងសំណង់​ បាន​មានប្រសាសន៍​ថា សិក្ខា​​សាលា​នេះ​មានគោលបំណង​ផ្សព្វ​ផ្សាយ​​សារា​ចរណែនាំរបស់រាជរដ្ឋាភិបាល​​លេខ​០៣ ស្តី​ពីការ​​ដោះ​ស្រាយ​សំណង់​​បណ្តោះ​អាសន្ន​លើ​ដី​​របស់រដ្ឋ​ ដែលត្រូវ​​បានទន្រ្ទាន​កាន់កាប់​ដោយ​ខុស​​​ច្បាប់​​ និងក៏គឺដើម្បី​​ផ្តល់ការ​ប្រឹក្សា​បច្ចេក​ទេស​លំអិតដល់​អាជ្ញា​ធរ​ដែនដីគ្រប់ថ្នាក់​ដែលជា​សមត្ថ​កិច្ច​ស្នូល​ក្នុង​ការ​ដឹកនាំអនុវត្ត​សារាច​រ​នេះ ៕

No comments:

Post a Comment