ក្រុមហ៊ុនណឹម ម៉េងគ្រុប អិលធីឌី បានចុះហត្ថលេខាជាមួយក្រុមហ៊ុនហុង ទុង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ នៅលើកិច្ចព្រមព្រៀងធ្វើអាជីវកម្មរ៉ែរួមគ្នានៅស្រុកជីក្រែង ខេត្តសៀមរាប។ ពិធីចុះហត្ថលេខានេះបានរៀបចំឡើងនៅទីបញ្ជាការដ្ឋានអង្គរក្ស (តាខ្មៅ ខេត្តកណ្តាល) រវាងលោកជំទាវ ឡាយ ស៊ីនាង ណឹម ម៉េង អគ្គនាយិកាក្រុមហ៊ុនណឹម ម៉េងគ្រុប និងលោកធិន តុងហ្គ័រ នាយកក្រុមហ៊ុនហុង ទុង ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងលោកសួន សុធី អគ្គលេខាធិការគណៈកម្មាធិការអភិវឌ្ឍន៍កម្ពុជា។
លោកណឹម ម៉េង ថ្លែងថា ដើម្បីចូលរួមអភិវឌ្ឍន៍ប្រកបទៅដោយចីរភាព និងនិរន្តរភាព ក្នុងន័យបង្កើនប្រសិទ្ធភាពនូវសក្តានុពលនៃធនធានរ៉ែរបស់ព្រះរាជាណាចក្រកម្ពុជា និងដោយប្រតិបត្តិតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម ពោរពេញទៅដោយបញ្ញាញាណបានកសាងមាតុភូមិកម្ពុជាពីគំនរផេះផង់ ពីបាតដៃទទេ ដែលបានបន្សល់ទុកពីរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ពីឆ្នាំ១៩៧៩មក ធ្វើឱ្យមានស្ថិរភាពនយោបាយ និងអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យជារៀងរហូតមកដល់សព្វថ្ងៃ។
លោកថ្លែងទៀតថា ដោយផ្តើមចេញពីជំនឿជឿជាក់ និងទុកចិត្តយ៉ាងមុតមាំលើការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់របស់រាជរដ្ឋាភិបាលនេះហើយ ទើបធ្វើឱ្យកម្ពុជាបានធ្វើសមាហរណកម្មចូលទៅក្នុងប្រទេសក្នុងតំបន់ និងពិភពលោកដោយចាប់យកដៃគូ អ្នកវិនិយោគមកធ្វើវិនិយោគយ៉ាងច្រើនលើគ្រប់វិស័យនៅព្រះរាជាណាចក្រកម្ពុជា ដូចជាវិស័យទេសចរណ៍ វាយនភណ្ឌ កាត់ដេរ អគ្គិសនី។ល។ ពិសេសវិស័យធនធានរ៉ែ ដែលសព្វថ្ងៃក្រុមហ៊ុនណឹម ម៉េងគ្រុប និងក្រុមហ៊ុនហុង ទុង នៃសាធារណរដ្ឋប្រជាមានិតចិនបាននិងកំពុងសហការគ្នាយ៉ាងស្អិតរមួត ដើម្បីបំរើឱ្យសេវានេះដំណើរការទៅបានដោយរលូន និងជោគជ័យឆ្ពោះទៅរកទិសដៅរួមចំណែកកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា តាមគោលនយោបាយប្រកបទៅដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាល ដែលជាចំណុចវិជ្ជមានសំរាប់ក្រុមហុ៊នយើងខ្ញុំទាំង២ ទទួលបាននូវលទ្ធផលជាផ្លែផ្កានៅពេលអនាគត។
លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា ដោយផ្តើមចេញពីជំនឿជឿជាក់ និងទំនុកចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើឱ្យកម្ពុជាធ្វើសមាហរណកម្មខ្លួនចូលក្នុងតំបន់ និងពិភពលោក និងបានចាប់យកដៃគូអ្នកវិនិយោគិនមកធ្វើវិនិយោគយ៉ាងច្រើនលើគ្រប់វិស័យ ដូចជាវិស័យទេសចរណ៍ វាយនភណ្ឌ កាត់ដេរ អគ្គិសនីជាដើម។ ពិសេសធនធានរ៉ែ ដែលសព្វថ្ងៃក្រុមហ៊ុនណឹម ម៉េងគ្រុប និងក្រុមហ៊ុនហុង ទុង ប្រទេសចិនបាននិងកំពុងសហការនាពេលនេះ ដែលជាការសំដៅរួមចំណែកកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា តាមគោលនយោបាយប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា៕
No comments:
Post a Comment