Tuesday, December 28, 2010

ក្រសួងការ​បរទេស​​កម្ពុជា​បាន​ផ្ញើ​កំណត់​ការទូត​​ទៅកាន់​ប្រទេស​ឡាវ បន្ទាប់​ពី​​​ស្តី​​បន្ទោស​​ធ្ងន់ៗ​​ទៅកាន់​ប្រទេស​ថៃ​ពីការបាញ់​​សម្លាប់​​ ​ពលរដ្ឋ​ខ្មែរ

ប្រទេស​​កម្ពុជា​បាន​​ផ្ញើ​កំណត់​​​ទូត​ទៅក្រសួង​ការ​បរទេស​ឡាវ ដោយ​​ចាត់ទុក​​​ការ​​បាញ់​សម្លាប់​​​ពលរដ្ឋ​​ខ្មែរពីសំណាក់​​ទាហាន​​ព្រំដែនឡាវថា ជា​អំពើ​​រំលោភ​​គោល​​ការណ៍​​មនុស្ស​ធម៌ និង​ច្បាប់​​អន្តរជាតិ ​និងជា​ការ​​រំលោភ​​លើគោលការណ៍​​នៃ​ភាពជា​អ្នក​​ជិត​ខាង​ល្អ​​រវាង​​ប្រទេស​​ទាំង​២ ។ នេះបើ​តាម​ការ​បញ្ជាក់​ប្រាប់​​តាមទូរស័ព្ទ​​ពីសំណាក់​លោក​កុយ​ គួង ​​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​​កម្ពុជា នៅព្រឹកថ្ងៃ​​អង្គារ ទី​​​២៨ ធ្នូ ២០១០ ។ 
ការថ្លែង​​របស់លោក​កុយ គួង យ៉ាង​ដូច្នេះ​ ធ្វើ​ឡើង​​បន្ទាប់ពីប្រជាពលរដ្ឋ​​ខ្មែរ​ម្នាក់​ឈ្មោះ​​​ថាន់ ​សារ៉ាត់ ​ភេទ​ប្រុស អាយុ​​​៤៦​ឆ្នាំ ​រស់​នៅ​ក្នុង​​​ភូមិ​​ដូង ឃុំ​ដូង ​ស្រុករមា​ស​ហែក ​ខេត្ត​ស្វាយ​រៀង​ ត្រូវបាន​ទាហានឡាវ​បាញ់សម្លាប់​​​ក្នុងព្រៃ ខណៈ​​ពេលដែល​បុរស​រូបនោះ​រួមជាមួយមិត្ត​ភក្តិ​​ម្នាក់ទៀត​បាន​​​ទៅ​កាប់ឈើ​​​កាលពីយប់ថ្ងៃទី​​២២​ធ្នូ កន្លង​មក ​។ លោក​កុយ គួង បានស្រង់​អត្ថ​ន័យ​​ក្នុង​កំណត់​ទូត​ផ្ញើ​ជូន​ទៅក្រសួង​ការបរទេស​ឡាវ កាលពីពេលថ្មីៗ​​នេះ ដោយ​បន្ត​ថា ជន​រង​គ្រោះ​​ដែលស្លាប់​​ និងមិត្ត​ភក្តិ​​របស់គេ​នោះ មិន​បាន​ដឹង​ថា ទឹកដីដែល​ពួកគេ​​ចូលនោះ​ជាទឹក​ដី​​របស់ឡាវនោះទេ ។ ​ដូច្នេះ​ការបាញ់រះ​​ទៅលើ​ប្រជាពលរដ្ឋ​​បណ្តាល​ឱ្យ​​​ឈ្មោះ​​ថាន់ សារ៉ាត់ ​​ស្លាប់​នោះ ​គឺជា​អំពើ​រំលោភ​​លើ​គោលការណ៍​​​មនុស្ស​​ធម៌ និង​​ច្បាប់​​អន្តរជាតិ ​និង​គោល​​​ការណ៍​នៃ​ភាពជា​អ្នកជិត​​ខាង​ល្អ​រវាង​ប្រទេស​ទាំង​២ ។ ​កំណត់​​ទូត​ក៏​បានស្នើ​​ឱ្យ​អាជ្ញា​​ធរ​ឡាវ​ធ្វើការ​ស៊ើប​អង្កេត​ និង​ចាប់​​ជនដៃ​ដល់​​​យកមក​ផ្តន្ទា​​ទោស​ផងដែរ ។
សូមរំលឹក​ឡើ​ងវិញថា លោក​ឧប​នា​យក​រដ្ឋ​មន្ត្រី​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​​ការបរ​ទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​​បាន​មានប្រតិកម្ម​​​ខ្លាំង​ៗ​ថា ទង្វើ​របស់ប្រទេស​ថៃដែលបាន​បាញ់​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ជា​បន្តបន្ទាប់ គឺបង្ហាញ​ឱ្យ​ឃើញ​ថា ប្រទេសមួយនេះមិនសមជា​​ប្រទេស​ស៊ីវិល័យមួយ​នោះឡើយ ។​ លោកឧប​នាយក​រដ្ឋ​​មន្ត្រី​​បានថ្លែង​ដូច្នេះ ក្នុង​ឱកាស​ជួប​ពិភាក្សា​ជា​មួយ​លោកជំទាវ​បណ្ឌិត Dipu Moni រដ្ឋមន្ត្រី​​ក្រសួង​ការ​បរ​ទេស​បង់ក្លាដេស​ កាលពី​ព្រឹក​ថ្ងៃទី២៧ ធ្នូ នៅ​​ទីស្តី​ការ​ក្រសួង​ការ​បរទេស​​ និង​សហប្រតិបត្តិការ​អន្តរជាតិ ។
លោក​ឧបនាយករដ្ឋ​មន្ត្រី​ហោ ណាំហុង ​មានប្រសាសន៍​ថា ថ្ងៃនេះ​ក្រសួង​ការ​បរទេស​​​ផ្ញើ​សារកំណត់ទូត​មួយទៅឱ្យ​ភាគីថៃ​ ក្នុងនោះ​យើង​បានប្រើ​ពាក្យ​ធ្ងន់ៗ​អំពីការ​ប្រើ​អំពើហិង្សា​​បាញ់សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឆ្លងកាត់​ព្រំដែន​ជា​បន្ត​បន្ទាប់ ។ ​លោក​បានបញ្ជាក់​ថា ប្រជាពល​រដ្ឋ​រងគ្រោះ​ទាំងនោះ​គាត់មិន​បាន​ដឹងទេ អំពី​ព្រំដែន​​ជាក់លាក់​រវាងប្រទេស​ទាំងពីរ ។ ម្យ៉ាង​ទៀត ​​​ព្រៃ​​​ក្រាស់ពេកនៅតាមបណ្តោយព្រំ​ដែន​​​អាច​ធ្វើ​​ឱ្យ​​គាត់​មានការ​ភ័ន្ត​ច្រឡំ ឬ​វង្វេង​ដែល​បណ្តាល​ឱ្យ​ពេលខ្លះ​ចូលទឹកដី​ថៃដោយ​មិន​ដឹង​ខ្លួន ។ ​យ៉ាង​​ណា​ក៏​ដោយ​ចុះ​ ភាគី​ថៃត្រូវ​អនុវត្ត​តាម​ច្បាប់​អន្តរជាតិ​ដើម្បី​ឱ្យ​ស័ក្តិ​សម​ជាប្រទេស​ស៊ីវិល័យ​ ។
អាជ្ញាធរ​​ខ្មែរ​បាន​ឱ្យ​ដឹងថា ចាប់​តាំង​ពីអំឡុង​​ខែសីហា ឆ្នាំ​២០០៨ រហូត​មក​​ទល់​ពេល​នេះ នៅ​តាម​ព្រំដែន​ខ្មែរ-សៀម ចាប់ពី​ក្រុង​សំរោង រហូត​​ដល់​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរ​មានជ័យ មាន​ប្រជាពលរដ្ឋ​មិនតិច​ជាង​២០​នាក់ទេ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​យ៉ាង​ព្រៃ​ផ្សៃ​ពី​សំណាក់​​ទាហាន​សៀម​​​ ក្រៅពី​នោះ​​បាត់​ខ្លួន​​ និងរងរបួស​​​ដោយ​សារ​តែ​លួច​ឆ្លង​​​ដែនចូល​​ទៅ​​ក្នុងទឹក​ដី​សៀម​ ដើម្បី​ស៊ីស្នួល​កាប់​ឈើ​គ្រញូង​យក​មក​​លក់​​ឱ្យ​​ឈ្មួញ​​ខ្មែរ​ ដែល​ករណី​ចុង​ក្រោយ​កើត​នៅថ្ងៃ​​ទី​២១ ខែធ្នូ កន្លង​ទៅ​ថ្មី​ៗ​នេះ  បណ្តាល​ឱ្យ​​បុរស២​​នាក់​​រស់​នៅ​ភូមិទួលចារ ស្រុក​ត្រពាំង​ ប្រាសាទ ​ស្លាប់​បាត់​បង់ជីវិត ៕

No comments:

Post a Comment