អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់់កម្មវិធីទំនាក់ទំនងសហគមន៍កាលពីថ្ងៃទី២៧ ធ្នូ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដើម្បីបង្ហាញនូវលទ្ធផលដែលកម្មវិធីសំរេចបាន និងបញ្ហាប្រឈមនានាមួយចំនួន ដែលជួបប្រទះក្នុងការអនុវត្តកន្លងមក ។ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) ជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ ដែលមិនរកប្រាក់ចំណេញ មានទស្សនវិស័យ «សង្គមកម្ពុជាជាទីកន្លែងមួយដែលប្រជាពលរដ្ឋគ្រប់រូបត្រូវបានផ្តល់សិទ្ធិអំណាចស្មើៗគ្នាក្នុងការប្រើប្រាស់សក្តានុពលភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយសេចក្តីថ្លៃថ្នូរ និងយុត្តិធម៌ពេញលេញ ដើម្បីជំរុញឱ្យមានបរិយាកាសរស់នៅមួយដែលមានស្ថិរភាព សុវត្ថិភាព និងយុត្តិធម៌» ។ កម្មវិធីទំនាក់ទំនងសហគមន៍ គឺជាកម្មវិធីមួយរបស់អង្គការ GADC ដែលអនុវត្តសកម្មភាពនៅក្នុងខេត្តគោលដៅចំនួន៣ គឺខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តព្រៃវែង ។
កិច្ចប្រជុំប្រចាំឆ្នាំរបស់កម្មវិធីទំនាក់ទំនងសហគមន៍ គឺជាកត្តាចាំបាច់មួយ ពីព្រោះវាជាការផ្តល់ឱកាសឱ្យអ្នកពាក់ព័ន្ធទាំងអស់ក្នុងកម្មវិធីនេះបានចូលរួម និងដឹងអំពីលទ្ធផលការងារដែលសំរេចបានក្នុងរយៈពេលកន្លងមក និងបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្មវិធី និងស្ថាប័នដែលពាក់ព័ន្ធឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត ។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បី ៖
១-បង្ហាញអំពីលទ្ធផលដែលសំរេចបាន និងការប្រឈមមុខទាក់ទងទៅនឹងការអនុវត្ត គំរោងពង្រឹងសិទ្ធិអំណាចស្ត្រីតាមរយៈចំណេះដឹងច្បាប់ និងគំរោងទស្សនៈបុរសនៃកម្មវិធីទំនាក់ទំនងសហគមន៍ ។
២-បង្កលក្ខណៈដល់ជនបង្គោលស្ត្រី-បុរស នៃកម្មវិធីទំនាក់ទំនងសហគមន៍ មានឱកាសពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកដែលពាក់ព័ន្ធនៅក្នុងតំបន់គោលដៅ ដើម្បីស្វែងរកការសហការ និងការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធក្នុងតំបន់គោលដៅនៃខេត្តទាំង៣ខាងលើ។
៣-បង្កើនកិច្ចសហការ និងការគាំទ្រពីស្ថាប័នពាក់ព័ន្ធ (ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងបណ្តាអង្គការក្រៅរដ្ឋាភិបាល ក្នុងតំបន់គោលដៅ) ដើម្បីជំរុញឱ្យអ្នកអនុវត្តកម្មវិធីទំនាក់ទំនងសហគមន៍ ទទួលបាននូវអនុសាសន៍ថ្មីៗថែមទៀតសំរាប់អនុវត្តបន្ត សំដៅលើកកំពស់សមភាពយេនឌ័រឱ្យទទួលបានជោគជ័យខ្ពស់ ៕
No comments:
Post a Comment