រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១០ សាលារាជធានីភ្នំពេញ បានធ្វើពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីឈានទៅបើកការដ្ឋានជាផ្លូវការស្ថាបនាស្ពានអាកាសនៅស្តុបមន្ទីរពេទ្យព្រះកុសុមៈ នៅព្រឹកថ្ងៃទី២៩ ធ្នូ ដែលតាមគំរោងស្ថិតក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ពិធីសែនក្រុងពាលីធ្វើឡើងក្រោមអធិបតីភាពលោកកែប ជុតិមា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជុំ សាមីន ជាភរិយា លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរាជការក្រោមឱវាទសាលារាជធានីភ្នំពេញ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
ពិធីក្រុងពាលីប្រារព្ធធ្វើនៅសួនច្បារច្រមុះជ្រូកអតីតតោពីរ ដោយមានការបិទកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីមួយចំហៀង ឯពិធីបើកការដ្ឋានផ្លូវការនឹងប្រារព្ធធ្វើនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវបណ្ឌិត ដោយមិនមានការបិទមហាវិថីសហព័ន្ធរុស្ស៊ីទេ ។ តាមគំរោងនៅពេលថ្លែងសុន្ទរកថាចប់ សម្តេចតេជោ និងលោកជំទាវនិងអញ្ជើញទៅចុចប៊ូតុង ឬទាញខ្សែបញ្ជាគ្រឿងចក្រទើបមានការបិទផ្លូវមួយភ្លែត ។
មន្ត្រីជំនាញសាលារាជធានី បានឱ្យដឹងថា ស្ពានអាកាសទី២ ឬស្ពានអាកាសថ្មីដែលគ្រោងសាងសង់នេះ ជាស្ពានបេតុងអាម៉េ មានប្រវែង៣៤៥ម៉ែត្រ ទទឹង១៥,២០ម៉ែត្រ ហោះស្របតាមមហាវិថីសហព័ន្ធរុស្ស៊ី ចំណុចកណ្តាលមានកំពស់៥,៥ម៉ែត្រ យកត្រង់ចំណុចផ្លូវបំបែកជា៤នៃមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវលេខ៥៩៨ ។ ស្ពានអាកាសនេះ ជាស្ពានទ្វេទិសចរាចរណ៍សំរាប់រថយន្តទៅមក និងគ្មានចិញ្ចើមសំរាប់ថ្មើរជើងទេ ។ ស្ពានអាកាសទី២នេះ វែងហើយធំជាងស្ពានអាកាសទី១ ក្បាលថ្នល់ដែលអនុវត្តដោយក្រុមហ៊ុន OCIC ជាថវិកាបានមកពីជួលដីកោះពេជ្រដូចស្ពានទី១ ដែរ ។
ស្ពានអាកាសទី២ នេះ មានដៃស្ពានមួយទៀត ទំលាក់ទៅមហាវិថីកម្ពុជាក្រោម បំបែកពីស្ពានធំស្របមហាវិថីសហព័ន្ធរុស្ស៊ីមានប្រវែង១៦០ម៉ែត្រ ទទឹង៦,៥ម៉ែត្រ ជាស្ពានឯកទិសចរាចរណ៍ក្នុងទិសដៅចុះពីស្ពានធំទៅមហាវិថីកម្ពុជាក្រោម ដែលមានមួយកន្លែងសំរាប់រថយន្ត និងមួយកន្លែងសំរាប់ម៉ូតូ និងគ្មានចិញ្ចើមសំរាប់ថ្មើរជើងដែរ ។ ការស្ថាបនាស្ពាននេះ មានដាក់បង្គោលភ្លើងបំភ្លឺ លាបគំនូសចរាចរណ៍ ដាក់របាំងបេតុងចែកទ្រូងស្ពាន ស្ថាបនាបង្កាន់ដៃស្ពានសងខាងកំពស់១,០៨ម៉ែត្រ ទទឹង០,៥ម៉ែត្រ មានជំរាល៥,៧% ។ ស្ពានមានសសរ១៤បូកទាំងដៃស្ពាន និងមានការស្ថាបនាសួនច្បារនៅខាងក្រោម រៀបចំបណ្តាញអូរអមសងខាងស្ពាន និងតំបន់ជុំវិញ ។ មានស្ថាបនាពង្រីកផ្លូវកៅស៊ូអមសងខាងស្ពាននៅផ្នែកខាងលិចភ្លើងស្តុបទទឹង៧ម៉ែត្រ និងផ្នែកខាងកើតភ្លើងស្តុបទទឹង៥.៥០ម៉ែត្រ ។ ក្រៅពីនេះ មានការស្ថាបនារង្វង់មូលនៅខាងលិចសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងស្ថាបនាសួនច្បារសំរាប់បែងចែកទ្រូងផ្លូវលើផ្លូវលេខ២៧១ និងផ្លូវលេខ៥៩៨ ព្រមទាំងដាក់ស្លាកសញ្ញាចរាចរណ៍ផងដែរ ៕
No comments:
Post a Comment