សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការរិះគន់ទៅលើធនាគារពិភពលោក (WB) ថា ធនាគារនេះ (WB) មានការយឺតយ៉ាវខ្លាំងណាស់ក្នុងការសាងសង់បណ្ណាល័យដែលមានគំរោងតាំងពីឆ្នាំ២០០៧មកម៉្លេះ ឥឡូវជិតដាច់ឆ្នាំ២០១០ ទៅហើយ នៅតែសាងសង់មិនទាន់រួចរាល់ទៀត...មិនដឹងថា គេធ្វើយ៉ាងម៉េចទេ? សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រតិកម្មចំពោះធនាគារពិភពលោកបែបនេះ ខណៈសម្តេច និងលោកជំទាវបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានស្ថាបនាស្ពានអាកាសទី២ ដែលមានទីតាំងត្រង់ផ្លូវបំបែកជា៥ ភ្លើងស្តុបមន្ទីរពេទ្យព្រះកុសុមៈ កាលពីព្រឹកថ្ងៃទី២៩ ធ្នូ ២០១០ ប៉ុន្តែពិធីថ្លែងសុន្ទរកថា និងជួបជុំត្រូវបានរៀបចំនៅក្នុងទីធ្លាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
បណ្ណាល័យដែលសាងសង់យឺតយ៉ាវនេះគឺជាបណ្ណាល័យធ្វើនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជិត៤ឆ្នាំទៅហើយ នៅតែសាងសង់មិនទាន់ហើយទៀត ប្រហែលជាមកពីលុយនៅក្នុងហោប៉ៅរបស់គេហើយមើលទៅ ទើបបានជាវាអញ្ចឹង? បើលុយរបស់យើងវិញ គឺយើងធ្វើលឿនជាងនេះ យើងបានគិតគូរសាងសង់បណ្ណាល័យមួយផងដែរ មានទំហំប៉ុនគ្នា ធ្វើតែរយៈពេល១៨ខែប៉ុណ្ណោះ រួចរាល់បាត់ទៅហើយ...អាហ្នឹងលុយរបស់យើងផ្ទាល់គឺវាអញ្ចឹង ។ ស្តីពីស្ពានអាកាសទី២ ឬស្ពានអាកាសថ្មីដែលគ្រោងសាងសង់នេះវិញ ជាស្ពានបេតុងអាម៉េ មានប្រវែង៣៤៥ម៉ែត្រ ទទឹង១៥,២០ម៉ែត្រ ហោះស្របតាមមហាវិថីសហព័ន្ធរុស្ស៊ី ចំណុចកណ្តាលមានកំពស់៥,៥ម៉ែត្រ យកត្រង់ចំណុចផ្លូវបំបែកជា៥នៃមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវលេខ៥៩៨ ។ ស្ពានអាកាសនេះ ជាស្ពានទ្វេទិសចរាចរណ៍សំរាប់រថយន្តទៅមក និងគ្មានចិញ្ចើមសំរាប់ថ្មើរជើងទេ។ ស្ពានអាកាសទី២នេះ វែងហើយធំជាងស្ពានអាកាសទី១ ក្បាលថ្នល់ដែលអនុវត្តដោយក្រុមហ៊ុន OCIC ជាថវិកាបានមកពីជួលដីកោះពេជ្រដូចស្ពានទី១ ដែរ ។
ស្ពានអាកាសទី២ នេះ មានដៃស្ពានមួយទៀត ទំលាក់ទៅមហាវិថីកម្ពុជាក្រោម បំបែកពីស្ពានធំស្របមហាវិថីសហព័ន្ធរុស្ស៊ីមានប្រវែង១៦០ម៉ែត្រ ទទឹង៦,៥ម៉ែត្រ ជាស្ពានឯកទិសចរាចរណ៍ក្នុងទិសដៅចុះពីស្ពានធំទៅមហាវិថីកម្ពុជាក្រោម ដែលមានមួយកន្លែងសំរាប់រថយន្ត និងមួយកន្លែងសំរាប់ម៉ូតូ និងគ្មានចិញ្ចើមសំរាប់ថ្មើរជើងដែរ ។ ការស្ថាបនាស្ពាននេះ មានដាក់បង្គោលភ្លើងបំភ្លឺ លាបគំនូសចរាចរណ៍ ដាក់របាំងបេតុងចែកទ្រូងស្ពាន ស្ថាបនាបង្កាន់ដៃស្ពានសងខាងកំពស់១,០៨ម៉ែត្រ ទទឹង០,៥ម៉ែត្រ មានជំរាល៥,៧%។ ស្ពានមានសសរ១៤បូកទាំងដៃស្ពាន និងមានការស្ថាបនាសួនច្បារនៅខាងក្រោម រៀបចំបណ្តាញអូរអមសងខាងស្ពាន និងតំបន់ជុំវិញ។ មានស្ថាបនាពង្រីកផ្លូវកៅស៊ូអមសងខាងស្ពាននៅផ្នែកខាងលិចភ្លើងស្តុបទទឹង៧ម៉ែត្រ និងផ្នែកខាងកើតភ្លើងស្តុបទទឹង៥.៥០ម៉ែត្រ។ ក្រៅពីនេះ មានការស្ថាបនារង្វង់មូលនៅខាងលិចសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងស្ថាបនាសួនច្បារសំរាប់បែងចែកទ្រូងផ្លូវលើផ្លូវលេខ២៧១ និងផ្លូវលេខ៥៩៨ ព្រមទាំងដាក់ស្លាកសញ្ញាចរាចរណ៍ផងដែរ៕
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment