Wednesday, December 29, 2010

នាយករដ្ឋ​មន្ត្រី​​ប្រកាស​ឱ្យក្មួយ​​ប្រុស​ឆាប់​​ចូល​ផ្ទះ​ជួបប្រពន្ធ​វិញ ប្រព្រឹត្ត​​ផ្តេស​ផ្តាស​​នៅ​ខាង​ក្រៅ​មិនអាចទទួល​យកបាន​ទេ

រាជ​ធានី​ភ្នំពេញ ៖ សម្តេច​តេជោហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​​ បានប្រកាស​​ជាសាធារណៈ​​ថា សូមក្មួយប្រុស​ហ៊ុន ជា ដែល​កំពុង​គេ​ច​ផ្ទះ គេច​ប្រពន្ធ​​ប្រញាប់​ចូល​ផ្ទះជួប​ប្រពន្ធ​វិញ​​​ផង ​បន្ទាប់​ពី ​ស្នាក់នៅ​ក្រៅ​ផ្ទះអស់​រយៈ​ពេល​​​យូរ​ថ្ងៃ​​មក​ហើយ​...​​ការប្រព្រឹត្ត​​​កំហុសឆ្គង​នេះពូ​មិន​អាច​​ទទួល​យកបានទេ ។​ សម្តេច​​អគ្គ​មហា​សេនាប​តី​តេជោ ហ៊ុន សែន បាន​មាន​ប្រតិ​កម្ម​ចំពោះ​ក្មួយ​​ប្រុស​បែប​នេះ ខណៈ​សម្តេច និង​លោកជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​ សែន ​អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​ស្ថាបនា​​ស្ពាន​អាកាស​​ទី​២ ដែល​មាន​ទីតាំង​​​ត្រង់​ផ្លូវ​បំបែក​ជា​៥ ​ភ្លើង​​ស្តុប​មន្ទីរ​​ពេទ្យ​​ព្រះ​កុសុមៈ កាលពីព្រឹកថ្ងៃទី​​២៩ ធ្នូ ២០១០ ​ប៉ុន្តែ​​ពិធីថ្លែង​សុន្ទរកថា​​ និងជួបជុំ​​ត្រូវ​បាន​​រៀបចំ​​នៅក្នុង​ទីធ្លា​​សាកលវិទ្យា​ល័យ​​ភូមិន្ទ​​ភ្នំពេញ​ ។
សម្តេច​តេជោ​​​បាន​មាន​ប្រសាសន៍​​​ថា តាម​ការ​ស៊ើប​ដឹង​...​គឺហ៊ុន ជា កំពុងតែ​​ស្នាក់នៅ​សណ្ឋា​គារ​​​​ក្រុង​ភ្នំពេញ​​ជាមួយស្រី... យើង​មិន​​ចង់​​ឱ្យ​ហ៊ុន ជា ​នៅក្រៅ​ផ្ទះ​តទៅ​ទៀតទេ ​ព្រោះ​វា​អាច​នឹង​​ប្រព្រឹត្ត​​អ្វី​ខុស...​​អាច​ជាប់​​ជាមួយក្រុម​អ្នក​ញៀន​​ផង​ដែរ​...​ដូច្នេះ​​បើ​ហ៊ុន ជា ដឹង​ខ្លួន ឆាប់​​ចូល​ផ្ទះវិញ ។ សម្តេច​តេជោ​​បានប្រាប់​ឱ្យ​​លោក​​នាយ​ឧត្តម​សេនីយ៍​​នេត សាវឿន ​តាមរក​​ហ៊ុន ជា ផងដែរ​ថា ​ឥឡូវនេះ ​លោកនេត សាវឿន ក្នុង​នាមជា​​បង​ប្រុស​​​​ជីដូន​មួយ​​ត្រូវ​​តាម​រក​ហ៊ុន ជា ឱ្យឃើញ​​យើង​មិន​​ចង់​ឱ្យ​​ហ៊ុន ជា​ប្រព្រឹត្ត​​​អ្វី​ផ្តេសផ្តាសទេ ។
​ស្តីពី​ស្ពាន​អាកាស​​ទី​២ ឬ​ស្ពាន​​អាកាស​ថ្មី​ដែល​គ្រោង​សាង​សង់​​នេះវិញ​ ជា​ស្ពាន​បេតុង​អាម៉េ​ មាន​ប្រវែង​៣៤៥​ម៉ែត្រ ទទឹង​១៥,២០​ម៉ែត្រ ​ហោះ​ស្រប​​តាម​មហា​វិថី​សហ​ព័ន្ធ​​រុស្ស៊ី ចំណុច​កណ្តាល​មាន​កំពស់​​៥,៥​ម៉ែត្រ យក​ត្រង់​ចំណុច​​ផ្លូវ​​បំបែក​ជា​៥​​នៃ​​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី និង​ផ្លូវ​លេខ​៥៩៨ ។ ស្ពាន​អាកាស​នេះ ជា​ស្ពាន​ទ្វេ​ទិស​ចរាចរណ៍​​សំរាប់​រថយន្ត​ទៅ​មក និង​គ្មាន​​ចិញ្ចើម​សំរាប់​ថ្មើរ​ជើង​ទេ ។ ស្ពាន​អាកាស​ទី​២​នេះ វែង​ហើយ​ធំ​ជាង​ស្ពាន​អាកាស​ទី​១ ក្បាល​​ថ្នល់​ដែល​អនុ​វត្ត​​ដោយ​ក្រុម​ហ៊ុន OCIC ជា​ថវិកា​បាន​មក​ពី​ជួល​ដី​កោះ​ពេជ្រ​​ដូច​ស្ពាន​ទី​១ ដែរ ។
ស្ពាន​អាកាស​ទី​២ នេះ មាន​​​ដៃ​ស្ពាន​មួយ​ទៀត ទំលាក់​ទៅ​មហា​វិថី​កម្ពុជា​ក្រោម បំបែក​ពី​​ស្ពាន​ធំ​ស្រប​មហា​វិថី​សហ​​ព័ន្ធ​រុស្ស៊ី​មាន​ប្រវែង​១៦០​ម៉ែត្រ ទទឹង​៦,៥​ម៉ែត្រ ជា​ស្ពាន​ឯក​ទិស​ចរា​ចរណ៍​​ក្នុង​ទិស​ដៅ​ចុះ​ពី​ស្ពាន​ធំ​ទៅ​មហា​វិថី​កម្ពុជា​ក្រោម​ ​ដែល​មាន​មួយ​​កន្លែង​សំរាប់​​រថយន្ត និង​មួយ​កន្លែង​សំរាប់​ម៉ូតូ និង​គ្មាន​​ចិញ្ចើម​សំរាប់​ថ្មើរ​ជើង​​ដែរ ។ ការ​ស្ថាបនា​ស្ពាន​នេះ មាន​ដាក់​បង្គោល​​​ភ្លើង​បំភ្លឺ លាប​​គំនូស​ចរា​ចរណ៍​ ​ដាក់​របាំង​បេតុង​ចែក​ទ្រូង​ស្ពាន ​ស្ថាបនា​​បង្កាន់​ដៃ​ស្ពាន​សង​​ខាង​កំពស់​១,០៨​ម៉ែត្រ ទទឹង​០,៥​ម៉ែត្រ ​មាន​ជំរាល​៥,៧% ។ ស្ពាន​​មាន​សសរ​១៤​បូក​ទាំង​ដៃ​ស្ពាន និង​​​មាន​ការ​​ស្ថាបនា​សួន​ច្បារ​នៅ​​​ខាង​ក្រោម​ រៀប​ចំ​​បណ្តាញ​​អូរ​អម​សង​ខាង​​ស្ពាន និង​តំបន់​​ជុំ​វិញ ។ ​​មាន​ស្ថាបនា​ពង្រីក​ផ្លូវ​កៅស៊ូ​អម​សង​ខាង​ស្ពាន​នៅ​ផ្នែក​​ខាង​លិច​ភ្លើង​ស្តុប​​ទទឹង​៧​ម៉ែត្រ និង​ផ្នែក​ខាង​កើត​ភ្លើង​​ស្តុប​ទទឹង​​៥.៥០​ម៉ែត្រ ។ ក្រៅ​ពី​នេះ ​មាន​ការ​ស្ថាបនា​រង្វង់​មូល​នៅ​ខាង​លិច​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ និង​ស្ថាបនា​សួន​ច្បារ​សំរាប់​បែង​​ចែក​ទ្រូង​ផ្លូវ​លើ​​ផ្លូវ​លេខ​២៧១ និង​ផ្លូវ​លេខ​៥៩៨ ព្រម​ទាំង​ដាក់​ស្លាក​សញ្ញា​ចរា​ចរណ៍​​ផង​ដែរ ៕

No comments:

Post a Comment