ការដ្ឋានវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម មានអានុភាពតម្លើង ៣៣៨ មេហ្គាវ៉ាត់ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន China Huadian Corporation នៃសាធារណៈរដ្ឋប្រជាមានិតចិន ស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង បានប្រារព្ធពិធីបិទ ស្ទឹងដើម្បី សាងសង់កាល ពីថ្ងៃទី ២៨ ខែធ្នូ ឆ្នំា២០១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីមានប្រសាសន៍វាយតម្លៃ ចំពោះការវិនិយោគសាងសង់នៅក្នុងពិធីនោះថា ការបោះទុនដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីសាងសង់វារីអគ្គិសនីឫស្សីជ្រុំក្រោមនេះ មិនត្រឹមតែជាការវិនិយោគមួយដ៏ធំ ផ្នែកអគ្គីសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែការវិនិយោគនេះថែមទាំងបានឆ្លុះបញ្ចាំងអំពីទំនុកចិត្ដរបស់ វិនិយោគិនបរទេសមកលើស្ថិរភាពនយោបាយ និង យុទ្ធសាស្ដ្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្ដក្នុងនីតិកាលទី ៣ និង បន្ដអនុវត្ដក្នុងនីតិកាលទី ៤ នៃរដ្ឋសភាទៀតផង។
សម្ដេចតេជោថ្លែងថា ខ្ញុំសូមបញ្ជាក់ថា ការអភិវឌ្ឍវិស័យថាមពល និង បណ្ដាញអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់នៃ នយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៤ នៃរដ្ឋសភានេះ និង នីតិកាលបន្ដទៀត ហើយការចាប់ផ្ដើម សាងសង់វារីអគ្គិសនីនៅថ្ងៃនេះ ពិតជាបានបញ្ជាក់យ៉ាងច្បាស់នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យអគ្គិសនី និង ការជម្រុញឱ្យវិស័យឯកជនជាដៃគូ និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលគឺជា “យុទ្ធសាស្ដ្រវិទូ”និង ជាអ្នកគ្រប់គ្រងការអភិវឌ្ឍ ដែលមានតួនាទីធានានូវបរិស្ថានធុរកិច្ចល្អប្រសើរ មានស្ថិរភាព មានតម្លាភាព និង ភាពអាចប៉ាន់ប្រមាណបានសម្រាប់វិស័យឯកជន។
ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល មានប្រសាសន៍ឱ្យដឹងថា មកដល់ពេលនេះកម្ពុជា កំពុងដំណីរ ការផលិតថាមពលអគ្គិសនីធំៗចំនួន ៧ ដែលរាជរដ្ឋាភិបាលបាន អនុម័តឱ្យដំណើរការសាងសង់ ក្នុងនោះរួមមាន គំរោងវារីអគ្គិសនី កំចាយមានអនុភាព ១៩៣.២មេហ្គាវ៉ាត់ គំរោង វារីអគ្គិសនីស្ទឹងអាតៃមានអនុភាព១២០មេហ្កាវ៉ាត់ គំរោងវារីអគ្គិសនីស្ទឹងតាតៃមានអនុភាព២៦០មេហ្កាវ៉ាត់ គំរោងវារីអគ្គិសនីគីរីរម្យ៣មានអនុភាព១៨មេហ្កាវ៉ាត់ គំរោងវារីអគ្គិសនីឬស្សីជ្រុំក្រោមមានអនុភាព៣៣៨មេហ្គាវ៉ាត់ គំរោងអគ្គិសនីដុតធ្យូងថ្មទី១មានអនុភាព១០០មេហ្កាវ៉ាត់ គំរោងអគ្គិសនីដុតធ្យូងថ្មទី២ មានអនុភាព២៧០ មេហ្កាវ៉ាត់។ ឯកឧត្ដមរដ្ឋមន្ដ្រីមានប្រសាសន៍បន្ដថា ក្រៅពីគំរោងទាំងនេះ យើងនៅមានគំរោងវារីអគ្គិសនី សេសានក្រោមទី២ មានអនុភាព៤០០មេហ្កាវ៉ាត់ កំពុងធ្វើការចរចាកិច្ចព្រមព្រៀង និងគំរោងវារីអគ្គិសនី១២ផ្សេងទៀត កំពុងសិក្សា។
បើទោះបីជាបានបង្ហាញពីសារៈសំខាន់នៃការអភិវឌ្ឍវិស័យវារីអគ្គិសនីនេះក៏ដោយ ក៏សម្ដេចតេជោបានគូសបញ្ជាក់ថា នៅក្នុងគម្រោងអភិវឌ្ឍនីមួយៗ រាជរដ្ឋាភិបាលបានថ្លឹងថ្លែងដោយហ្មត់ចត់នូវផលប៉ះពាល់បរិស្ថានដែលនឹងអាចកើតមាននោះ។ សម្ដេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ខ្ញុំសូមបញ្ជាក់ថា យើងមិនអាចគិតគូរតែការអភិវឌ្ឍ ដោយមិនគិតគូរអំ ពីការប៉ះពាល់ បរិស្ថានទេ ប៉ុន្ដែទន្ទឹមនឹងនេះ យើងក៏មិនអាចគិតគូរតែពីបញ្ហាបរិស្ថាន ដោយមិនគិតគូរអំពីការអភិវឌ្ឍនានា ដែលប្រទេសយើងត្រូវការ ជាចាំបាច់នោះដែរ ។ ពិតណាស់ថា រាជរដ្ឋាភិបាលមានយន្ដការការងារយ៉ាងច្បាស់លាស់ និង ត្រឹមត្រូវអំពីបញ្ហាបរិស្ថាន និង ការអភិវឌ្ឍ ដោយធ្វើការថ្លឹងថ្លែង និង រក្សាតុល្យភាពឱ្យបានសមរម្យបំផុតរវាងការអភិវឌ្ឍ និងការរក្សាបរិស្ថាន ។
សម្ដេចតេជោមានប្រសាសន៍ថា យន្ដការត្រួតពិនិត្យ និង ថ្លឹងថ្លែងបញ្ហាបរិស្ថាន និង ការអភិវឌ្ឍនេះ គឺមានតាំង ពីដំណាក់កាល ចាប់ផ្ដើមសិក្សាធ្វើផែនការមេ រហូតដល់ដំណាក់កាលនៃការសិក្សាបុរេសមិទ្ធិលទ្ធភាព និង សមិទ្ធិលទ្ធភាព នៃគម្រោងនីមួយៗ ហើយ លទ្ធផលនៃការថ្លឹងថ្លែងនេះនឹងយកមកអនុវត្ដក្នុងការចរចារកិច្ចព្រមព្រៀងវិនិយោគក្នុងការសម្រេច លើការវិនិយោគ និង ការអនុវត្ដគម្រោងវិនិយោគ និង បន្ថែមពីលើនេះ នៅពេលអភិវឌ្ឍគម្រោងនីមួយៗ យុទ្ធសាស្ដ្ររបស់ រាជរដ្ឋាភិបាលគឺត្រូវប្រើប្រាស់ឱ្យអស់ នូវលទ្ធភាពរបស់គម្រោងនីមួយៗ ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន និងសង្គម ផងដែរ ។
ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល មានប្រសាសន៍ឱ្យដឹងដែរថា គំរោងវារីអគ្គិសនីឬស្សីជ្រុំក្រោមនេះមានទីតាំងស្ថិតនៅក្នុងឃុំ បាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង មានចម្ងាយប្រមាណ២៨០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានចម្ងាយ ប្រមាណ៤៩គីឡូម៉ែត្រ ពីទីរួមខេត្ដកោះកុង។ គម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម ជាការវិនិយោគរបស់ ក្រុមហ៊ុន China Huadian Corporation របស់ប្រទេសចិនក្រោមរូបភាព “សាងសង់-ដំណើរការ-ផ្ទេរ ”(BOT)ក្នុងទឹកប្រាក់វិយោគចំនួន ៤៩៥លាន៧៦ដុល្លារសហរដ្ឋអាមេរិក មានអនុភាព៣៣៨មេហ្កាវ៉ាត់ ដែលអាច ផលិតថាមពលអគ្គិសនីប្រចាំឆ្នាំជាមធ្យមប្រមាណ១០២០.៩លានគីឡូវ៉ាត់ម៉ោង មានរយៈពេលសម្បទាន៣៥ឆ្នាំ ក្នុងនោះ៥ឆ្នាំសំរាប់ដំណើរការសាងសង់ និង៣០ឆ្នាំសំរាប់ដំណើរការធ្វើអាជីវកម្ម។ ថ្លៃអគ្គិសនីលក់ឱ្យក្រុមហ៊ុនអគ្គិសនីកម្ពុជា ស្មើនិង៧.៣៥សេនដុល្លាអាមេរិក ក្នុងមួយគីឡូវ៉ាត់ម៉ោង។ មកដល់ពេលសម្ពោធបើកការដ្ឋាននេះដំណើរការសាងសង់សំរេចបាន ប្រមាណ១០% និងគ្រោងបព្ចាប់ដំណើរការសាងសង់ជាស្ថាពរនៅឆ្នាំ២០១៤។
ឯកឧត្ដមរដ្ឋមន្ដ្រី ក៏ដូចជាតំណាង ក្រុមហ៊ុនសាងសង់ មានប្រសាសន៍ឱ្យដឹងដែរថា នៅពេលបញ្ចប់ការសាងសង់ គម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមនេះ មិនត្រឹមតែផ្ដល់ផលប្រយោជន៍ក្នុងការរួមចំណែកការពារទឹកជំនន់ បង្កើតបានជាតំបន់ទេសចរណ៍ បង្កើតមុខរបរជូនដល់ប្រជាជននិង បង្កើនប្រាក់ចំណូលជូនរដ្ឋប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបង្កើនសមត្ថភាព ផ្គត់ផ្គង់ ថាមពលអគ្គិសនីប្រកប ដោយស្ថិរភាព បង្កើនឯករាជ្យភាព និងសន្ដិសុខថាមពលព្រមទាំងមានថ្លៃអគ្គីសនីសមរម្យ ដែលជាការរួមវិភាគទានដ៏សំខាន់សម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
យោងតាមការសិក្សាបង្ហាញឱ្យដឹងថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានសក្ដានុពលប្រភពវារីអគ្គិសនីខ្ពស់ ដែលអានុភាព សរុបប្រហែលជា ១០ ០០០ មេហ្គាវ៉ាត់ ហើយប្រភពវារីអគ្គិសនី គឺជាប្រភពអគ្គិសនីមួយក្នុងចំណោមប្រភពអគ្គិសនីនានា ដែល រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យកចិត្ដទុកដាក់អភិវឌ្ឍ ដើម្បីជំនួសការអភិវឌ្ឍរោង ចក្រផលិតអគ្គិសនី ដែលប្រើដោយប្រេង ឥន្ធនៈជាវត្ថុធាតុដើមនោះ ។
No comments:
Post a Comment