កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី២៩ ធ្នូ ផ្សាយថា លោក Panich Wikitsate សមាជិកសភាគណបក្សប្រជាធិបតេយ្យប្រចាំក្រុងបាងកក និងលោកវីរ៉ា ស៊ុម ខ្វាមឃីដ ជាមេដឹកនាំក្រុមមួយឈ្មោះ «បណ្តាញអ្នកស្នេហាជាតិថៃ» រួមទាំងពលរដ្ឋថៃ៥នាក់ទៀត ត្រូវបានចាប់ខ្លួនដោយទាហានកម្ពុជា កាលពីព្រឹកថ្ងៃទី២៩ ធ្នូ ។ កាសែតថៃដដែលឱ្យដឹងទៀតថា លោក Panich និងលោកវីរ៉ា រួមទាំងពលរដ្ឋថៃទាំង៥នាក់ បានធ្វើដំណើរទៅកាន់ស្រុកអារញ្ញប្រាថេត នៅជាប់ ព្រំដែន រវាងប្រទេសថៃ និងប្រទេសកម្ពុជា ដើម្បីត្រួតពិនិត្យ និងស៊ើបអង្កេតថា តើមាន ពលរដ្ឋកម្ពុជាលួចឆ្លងកាត់ ព្រំដែនចូលទឹកដីថៃឬក៏អត់ ។ ខណៈពេលកំពុងត្រួតពិនិត្យតំបន់ព្រំដែនខាងប្រទេសថៃពួកគេត្រូវបានចាប់ខ្លួនដោយទាហានកម្ពុជា ។
កាសែតបាងកកប៉ុស្តិ៍បានដកស្រង់សំដីលោកកាស៊ីត ភិរម្យ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដែលថ្លែងនៅថ្ងៃទី២៩ ធ្នូ ថា រដ្ឋាភិបាលនឹងបញ្ជូនតំណាងរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ដើម្បីចរចា និងពិភាក្សាជាមួយកម្ពុជាក្រោយពីទទួលបាន ព័ត៌មានថា ពលដ្ឋថៃ៧នាក់ត្រូវបានចាប់ខ្លួនដោយទាហានកម្ពុជា ។ លោកកាស៊ីត ភិរម្យអះអាងថា ពលរដ្ឋថៃ៧នាក់នោះបានធ្វើដំណើរទៅកាន់ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដើម្បីត្រួតពិនិត្យតំបន់ព្រំដែនមានជំលោះក៏ត្រូវបានចាប់ខ្លួន ដោយទាហានកម្ពុជានៅវេលាថ្ងៃត្រង់ ។ រដ្ឋមន្ត្រីការបរទេសថៃរូបនេះថ្លែងទៀតថា លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត ត្រូវបានជំរាបរួចហើយអំពីការចាប់ខ្លួនពលរដ្ឋថៃទាំង៧នាក់នោះ ហើយតំណាងរបស់លោកម្នាក់នឹងត្រូវបញ្ជូនទៅកាន់ប្រទេសកម្ពុជា ដើម្បីជួយពួកគេឱ្យបានទាន់ពេល ។
ដោយឡែកកាសែតឌឹណេស្សិន បានដកស្រង់សំដីលោក Panich Wikistreth ដែលថ្លែងថា ដំបូងរូបលោក បាន ទទួលរបាយការណ៍ថា កងទ័ពកម្ពុជាបានឆ្លងកាត់ព្រំដែនចូលក្នុងភូមិ Ban Nong Jan ក្នុងសង្កាត់ Khok Soon ខេត្ត ស្រះកែវ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៩ ធ្នូ នោះហើយក្រោយពីទទួលបានរបាយការណ៍ដូច្នេះ រូបលោកក៏បានធ្វើដំណើរទៅត្រួតពិនិត្យកន្លែងនោះក៏ត្រូវបានចាប់ខ្លួនដោយទាហានកម្ពុជាតែម្តង រួមជាមួយនឹងពលរដ្ឋថៃ៦នាក់ទៀត ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោកថានី ថុងភក្តី ថ្លែងថា ស្ថានទូតថៃប្រចាំប្រទេសកម្ពុជា ក៏ត្រូវបានជូនដំណឹងអំពីការចាប់ខ្លួនពលរដ្ឋថៃទាំង៧នាក់នោះរួចហើយដែរ រួចកំពុងស្ថិតក្នុងដំណើរការចរចាជាមួយអាជ្ញាធរកម្ពុជាសំរាប់ការដោះលែងពួកគេ ៕
No comments:
Post a Comment