សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនមានប្រសាសន៍ នារសៀលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១០ ថា ខ្ញុំគិតថា ឯកឧត្ដមនាយករដ្ឋមន្ដ្រី អាប់ ភីស៊ីត នឹងយោគយល់ដល់ប្រព័ន្ធច្បាប់របស់កម្ពុជា ដែលមិន អាចមានអ្នកណាមួយ រំលោភបាន ហើយ ខ្ញុំគិតថា ការចាប់ខ្លួនអ្នកទាំង ៧ នាក់នេះគឺមិន រីករាល ដាលក្លាយទៅជាជម្លោះការទូតសារជាថ្មី រវាង កម្ពុជានឹងថៃទេ ព្រោះអំពើខុសច្បាប់បែបនេះ។
ប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តីទាក់ទងដល់ការចាប់ខ្លួនជនជាតិថៃចំនួន ៧ នាក់ដែលបាន ចូលមកដីខ្មែរដោយខុសច្បាប់ ដោយមានទាំង តំណាងរាស្ដ្រគណបក្សប្រជាធិបតេយ្យរបស់នា យករដ្ឋមន្រ្តីថៃ អាប់ភីស៊ីត វេចាជីវ៉ាចំនួន ២ នាក់ផងនោះ គឺបានធ្វើឡើងនៅក្នុងឱកាសដែល សម្តេច តេជោអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងអភិវឌ្ឍជនបទ ដែលប្រារព្ធ ធ្វើនៅសាលសន្និសីទចតុមុខរាជធានីភ្នំពេញ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីថ្លែងឲ្យដឹងថា បន្ទាប់ពីការ ចាប់ខ្លួន (ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០)នោះ មានអន្ដរាគមន៍ឱ្យដោះលែងអ្នកតំណាងរាស្ដ្រ ថៃទាំងពីររូបនោះ ប៉ុន្ដែសម្តេចបានបដិសេធហើយ បញ្ជាក់ត្រឡប់ទៅវិញថា តំណាងរាស្រ្តទាំងពីររូប នេះមកជាមួយសំណុំរឿង ដូច្នោះបើដោះលែង ២ នាក់ទុក ៥ នាក់គឺវាខុសរឿង។ តំណាងរាស្ដ្រ ថៃមានអភ័យឯកសិទ្ធិតែក្នុងដីថៃ តែចូលដីខ្មែរត្រូវតែចាប់។ បើតំណាងរាស្ដ្រខ្មែរចូលដីថៃថ្ងៃក្រោយ ចាប់ចុះ ប៉ុន្ដែយ៉ាងណាក៏ដោយការគោរពសិទ្ធរបស់អ្នកដែលត្រូវបានចាប់ខ្លួនត្រូវតែបានធានាផងដែរ ។
សម្ដេចតេជោ មានប្រសាសន៍ថា នៅពេលដឹកមកដល់ទីក្រុងភ្នំពេញពីខេត្ដបន្ទាយមានជ័យ ជនជាតិថៃ ទាំងនោះ នឹងត្រូវទុកនៅកន្លែងប៉ូលីសអន្ដោប្រវេសន៍ ដើម្បីទុកឱ្យតុលាការក្រុងភ្នំពេញជាអ្នកចោទ ប្រកាន់ តុលាការចោទប្រកាន់យ៉ាងណាវាជានីតិវិធីរបស់តុលាការ នៅពេលចោទប្រកាន់រួចហើយនឹង បញ្ជូនទៅកាន់ពន្ធនាគារព្រៃសហើយ។ទាក់ទងនិងសកម្មភាពរបស់ “បណ្ដាញអ្នកស្នេហាទាមទា កេរ្ដិ៍ដីម៉ែ ដឹកនាំដោយលោកវីរៈស៊ុម ខ្វាមឃិត ដែលត្រូវបានចាប់ខ្លួនដោយសារចូលមកទឹកដីខ្មែរ ដោយខុសច្បាប់នេះដែរ សម្ដេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា បើដីថៃអ្នកឯងធ្វើ សកម្មភាពតាមចិត្ដចុះ តែដីកម្ពុជា កម្ពុជាត្រូវធ្វើសកម្មភាពតាមផ្លូវច្បាប់ ។ វាមិនដូចប្រជា ពលរដ្ឋថៃចំនួន ៣ នាក់ដែលយើងបានដោះលែងនោះទេ ពីព្រោះបណ្ដាញអ្នកស្នេហាជាតិ ថៃគេមក វាស់ដីថៃក្នុងដីខ្មែរ អញ្ចឹងខ្មែរមានមានសិទ្ធចាប់ហើយកាត់ទោស ។ ធ្វើអ្នកតំណាងរាស្ដ្របើមិនដឹងទេ វាគួរតែ ជាប់គុក ។ អ្នកឯងចេះការពារដីម៉ែ ចេះទាមទាដីម៉ែ ខ្ញុំមិនចេះការពារដីម៉ែទេឬ ?
ពាក់ព័ន្ធជាមួយបញ្ហាប្រាសាទព្រះវិហារវិញ សម្ដេចតេជោនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា ខ្ញុំមិន ដែលទទួលស្គាល់ថា ការចុះបញ្ជីប្រាសាទព្រះវិហារចូលទៅក្នុងបេតិកភណ្ឌពិភពលោកនាំឱ្យមានភាព តានតឹងរវាងកម្ពុជា-ថៃទេ បើសិនជាមាន អ្នកណានៅទីក្រុងបាងកកនិយាយបែបនេះ គឺជាការខុស និង បំពាន ។ សម្ដេចតេជោមានប្រសាសន៍ថា សូមអង្គការយូណេស្កូ ឬមិត្ដភក្ដិបរទេសកុំភ័ន្ដច្រឡំ និង ចាញ់ការឃោសនាអកុសលពីជនណាក៏ដោយចុះ ។ អ្វីដែលខ្ញុំទទួលស្គាល់ថា ការតានតឹង គឺបណ្ដាល មកពីការឈ្លានពានរបស់កងទ័ពថៃ នៅថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០០៨ រហូតដល់ខ្ញុំបានប្រកាស ជាសាធារណៈថា ការបញ្ជូនអ្នកការទូតត្រឡប់មកវិញ ការប្ដូរទូតទៅវិញទៅមកក៏មែនពិត ក៏ប៉ុន្ដែខ្ញុំមិន បានចាត់ទុកថា នេះជា ប្រក្រតីកម្មពេញលេញទេ ប្រក្រតីកម្មពេញលេញរហូតដល់ទៅ កងទ័ព ឈ្លានពានដកចេញពីវត្ដកែវសិក្ខាគីរីស្វរៈ។ សម្ដេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ចាប់ពីម៉ោង ១០,៣០នាទី ថ្ងៃទី ១ ខែធ្នូឆ្នាំ ២០១០ កងទ័ពបានកែសម្រួល ចេញពីវត្ដកែវ សិក្ខាគីរីស្វរៈ ខ្ញុំបានប្រកាសថា ប្រក្រតីកម្មពេញលេញហើយ សូមកុំភ័ន្ដច្រឡំលើបញ្ហានេះ ។
ចំពោះការចោទប្រកាន់ថា កម្ពុជាឈ្លានពានដីថៃរហូតដល់ទៅ ១,៨ លានរ៉ៃវិញ សម្ដេចតេជោ មាន ប្រសាសន៍ថា នេះជាលើកដំបូងក្នុងប្រវត្ដិសាស្ដ្រដែលកម្ពុជាឈ្លានពានគេ កន្លងទៅធ្លាប់តែថា គេឈ្លាន ពានកម្ពុជា គេចោទយើងថាជាអាយ៉ង ប៉ុន្ដែឥឡូវកម្ពុជាមានឈ្មោះថាឈ្លានពាន តែក្នុងពេលជាមួយគ្នា នោះដែររដ្ឋាភិបាលថៃ និងកងទ័ពថៃបាននិយាយថា មកដល់ពេលនេះគ្មានការបាត់បង់ទឹកដីថៃ បន្ដិចណាទេ ដូច្នោះមានន័យថា ពួកក្រុមនិយមជ្រុលនិយាយខុសការពិត ។ រដ្ឋាភិបាលថៃក៏ចេះស្នេហា ជាតិដែរ នាយករដ្ឋមន្ដ្រីថៃលោក អាប់ភីស៊ីត ក៏ចេះស្នេហាជាតិដែរ រដ្ឋមន្ដ្រីការពារជាតិថៃក៏ចេះ ស្នេហាជាតិដែរ អគ្គបញ្ជាការកងទ័ពថៃក៏ចេះស្នេហាជាតិដែរ ហើយគាត់បាននិយាយថា គ្មានការបាត់ បង់ទឹកដីនោះទេ បើខាងកម្ពុជាថាអត់បាត់ ខាងថៃថាអត់មានបាត់បង់ទឹកដីនោះវាគ្មាន ការបាត់បង់ ទឹកដីនោះទេ ។
ចំពោះការដកសហគមន៍ប្រជាពលរដ្ឋខ្មែរចេញពីភូមិ“គ១”នោះ សម្ដេចតេជោមានប្រសាសន៍ថា ខ្ញុំសូម បញ្ជាក់ត្រឡប់ទៅវិញថា នេះមិនមែនដក ចេញតាមការទាមទារបស់ថៃនោះទេ។ ភូមិគ១ និង ប្រជាពលរដ្ឋដែលរស់នៅគឺស្ថិតនៅក្នុងតំបន់ត្រូវការពារ ការដកចេញគឺធ្វើតាមតម្រូវការ នៃអាជ្ញាធរ ព្រះវិហារ និង អង្គការយូណេស្កូគឺមិនមែនដកចេញតាមការទាមទារ របស់ក្រុមណាមួយដែល មិនមែនជាកម្ពុជានោះទេ ។
នៅវេលាម៉ោងប្រមាណជា ១០ ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១០ អង្គភាពនគរបាលការពារ ព្រំដែន កម្ពុជាលេខ ៥០៣ បានចាប់ឃាត់ខ្លួនជនជាតិថៃចំនួន ៧ រូប ដែលចូលជ្រៅមកក្នុង ទឹកដី កម្ពុជាដោយ ខុសច្បាប់ ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ។/
No comments:
Post a Comment