Sunday, January 23, 2011

ក្រសួងយុត្តិធម៌ចាត់វិធានការ ជុំវិញការគ្រប់គ្រងតាមពន្ធនាគារ រឿងអ្នកទោសនៅក្រៅគុកមិនប្រក្រតី

រាជធានីភ្នំពេញ​ ៖ លិខិត​ផ្លូវ​ការ​ចុះ​ថ្ងៃទី​​១៩ មករា របស់​ក្រសួង​យុត្តិធម៌​​​ ដែល​ចុះ​​ហត្ថ​លេខា​​ដោយ​​លោក​រដ្ឋ​មន្ត្រី​អង្គ វង្សវឌ្ឍានា បាន​​បញ្ជូន​​ទៅ​កាន់​ព្រះរាជ​អាជ្ញា​អម​សាលា​​ដំបូង​​រាជ​ធានីនិង​​ខេត្ត​​ ឱ្យ​ធ្វើ​របាយការណ៍​បូក​សរុប​បន្ទាន់​មួយ​ផ្ញើ​មក​ក្រសួង​​ ដើម្បី​ត្រួត​ពិនិត្យ​​​​​ជុំវិញ​ការ​គ្រប់​គ្រង​អ្នក​ទោសទាំង​ទណ្ឌិត​ និង​ពិរុទ្ធជន​ ដែល​កំពុង​ជាប់​ក្នុង​ពន្ធ​នាគារ​ដទៃទៀត ។ លិខិត​​របស់​ក្រសួង​យុត្តិធម៌​​បាន​សរសេរថា កន្លង​មក​ ក្រសួង​យុត្តធម៌​​បាន​ទទួល​ព័ត៌​មាន​ពីភាព​មិន​ប្រក្រតី​​មួយ​ចំនួន​ទាក់​ទង​ទៅ​នឹង​ការ​គ្រប់​គ្រង​ការ​ឃុំ​ខ្លួន​នៅតាម​ពន្ធ​នាគារ​ និង​មណ្ឌល​ឃុំ​ខ្លួន​មួយ​ចំនួន ហើយ​នាពេល​ថ្មីៗនេះ​ទៀត ក៏​មាន​​លេចឮ​នូវព័ត៌​មាន​ទាក់ទង​នឹងករណី​ដែល​ទណ្ឌិត​​​ និង​បុគ្គល​ឃុំ​ខ្លួន​មួយ​ចំនួន ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​​សេរីភាព​នៅក្រៅឃុំ​​ដោយ​​មិន​ប្រក្រតី​និង​មិន​​ត្រឹម​ត្រូវ​​តាមនីតិវិធី​ និងគោលការណ៍​នៃ​ច្បាប់​ជាធរមាន ។​ ខ្លឹម​សារ​លិខិត​ដដែល​បន្ត​ថា ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​នៃច្បាប់​​ ក៏ដូចជា​ធានា​នូវ​សន្តិសុខ​​សណ្តាប់​ធ្នាប់​​សាធារណៈ និង​​ដើម្បី​ពង្រឹង​តួនាទី​ និង​ការ​ទទួល​ខុស​ត្រូវ​​​របស់​ខ្លួន​ស្រប​តាម​ច្បាប់​ និងនីតិវិធីជាធរមាន​ ក្រសួង​យុត្តិធម៌​សូម​រំលឹក និង​ណែនាំ​ដល់​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី-ខេត្ត​ទាំងអស់​ដូចតទៅ ៖
១-ត្រូវយក​​ចិត្ត​​ទុក​ដាក់​ក្នុង​ការ​អនុវត្ត​​តួនាទី​​​របស់​ខ្លួន​ប្រកប​ដោយ​​ស្មារតី​​ទទួល​ខុស​ត្រូវ​ខ្ពស់ ឱ្យបានត្រឹម​​ត្រូវ​និង​ឱ្យ​មាន​ប្រសិទ្ធភាព​ ស្រប​តាម​​បទប្បញ្ញត្តិ​​នៃក្រមនីតិវិធី​ព្រហ្ម​ទណ្ឌ​នៅ​ក្នុង​​ការងារ​ ត្រួតពិនិត្យ​ពន្ធ​នាគារ​ និង​មណ្ឌល​ឃុំ​ខ្លួន​​ទាំង​ឡាយ​​ដែល​ស្ថិត​ក្នុង​សមត្ថ​កិច្ច​របស់​ខ្លួន ។​
២-ត្រូវ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ត្រួតពិនិត្យ​​បញ្ជី​ឃុំ​ខ្លួន​នៅតាម​ពន្ធ​នាគារ​ និង​មណ្ឌល​ឃុំ​ខ្លួន​​ទាំង​ឡាយ​ដែល​ស្ថិត​ក្នុង​សមត្ថ​កិច្ច​​របស់​ខ្លួន​ ព្រម​ទាំង​​ចាត់​នីតិវិធីធ្វើអធិការ​​កិច្ច​ឱ្យ​បាន​ទៀងទាត់ និងជាប្រចាំ​ដើម្បីធានាឱ្យបាននូវ​​នីត្យា​នុកូល​​ភាព​នៃការ​ឃុំ​ខ្លួន​ និង​ប្រសិទ្ធភាព​​នៃ​ការ​អនុវត្ត​​ច្បាប់​ ជាពិសេស​ ធានា​​បាន​នូវ​ប្រសិទ្ធភាព​ និង​ការ​គោរព​សេចក្តីសំរេច ឬសេចក្តីបង្គាប់របស់​អាជ្ញា​ធរតុលាការនានា ។​
៣-ត្រូវចាត់វិធានការ​ដោះ​ស្រាយ​​ជាបន្ទាន់​​ស្រប​តាម​ច្បាប់​ និង​នីតិវិធី​ជា​ធរមាន ក្នុង​ករណី​ពិនិត្យ​ឃើញ​មានភាព​​មិន​ប្រក្រតី​ ទាក់ទង​នឹង​ការ​គ្រប់​គ្រង ​ការឃុំ​ខ្លួន​បុគ្គល ជាពិសេស​ការដោះ​​លែង​បុគ្គល ឃុំ​ខ្លួន​មិន​ប្រក្រតី​ និង​ការឃុំ​ខ្លួន​​បុគ្គល​​ខុសនីតិវិធី ។​
ទទួល​យក​បាននូវ​​ការណែនាំ​​នេះ សូម​លោក​ព្រះរាជអាជ្ញា​អម​សាលា​សំបូង​​រាជធានី-ខេត្ត​ទាំងអស់ ​​ចាត់វិធានការ​អនុវត្ត​ជាបន្ទាន់​​ឱ្យ​មាន​​ប្រសិទ្ធភាព​ និង​ធ្វើ​របាយ​ការណ៍​បូក​សរុប​​​មក​ក្រសួង​យុត្តិធម៌​​ឱ្យ​បាន​ឆាប់​ ដើម្បី​ក្រសួង​មាន​មូល​ដ្ឋាន​ពិនិត្យ​​ និង​ចាត់​ការ​បន្ត​ក្នុង​ករណី​ចាំបាច់ ៕

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment