Sunday, January 23, 2011

មន្រ្តី​សាធារណការ​បំភ្លឺ​ថា ដី​ដែល​ជី​ដាក់​លូ​នៅ​ទទឹង​ផ្លូវ​នោះ​ជា​របស់​ក្រុមហ៊ុន «ញឹក ផន ហៅ កៅ»

ភ្នំពេញ​ ៖ មន្រ្តី​ជាន់​ខ្ពស់​មួយ​រូប​របស់​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ប្រាប់​គេហ​ទំព័រ​កម្ពុជា​ថ្មី ក្រោយ​ពី​បាន​ឃើញ​អត្ថបទ​មួយ​បាន​ផ្សាយ​ថា ការ​ជីក​លូ​ទទឹង​ផ្លូវ មិន​មាន​ដាក់​សញ្ញា​សំគាល់ ហើយ​មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ផុង​ចូល​បណ្ដាល​ឲ្យ​ស្លាប់​នោះ គឺ​មិន​មែន​ខាង​សាធារណការ​រាជធានី​ភ្នំពេញ ជា​អ្នក​ទទួល​ការ​សាង​សង់​នោះ​ទេ ប៉ុន្តែ​ជា​របស់​ក្រុមហ៊ុន​ញឹក ផន ហៅ​កៅ ដែល​ទទួល​បាន​ការ​ស្ថាបនា​លូ ពី​សាលារាជធានី​ភ្នំពេញ។
ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​ក្នុង​ខណ្ឌ​ដង្កោ​បាន​បង្ហើប​ប្រាប់​កម្ពុជាថ្មី​ថា ឧកញ៉ា​ញឹក ផន ហៅ កៅ​នេះ ដើរ​ធ្វើ​ដឹក​ជញ្ជូន​លក់​ដី ជីក​ដី ពេញ​ទូទាំង​ខណ្ឌ​ឫស្សីកែវ ខណ្ឌ​ដង្កោ និង​កន្លែង​ផ្សេងៗទៀត​ហើយ កន្លែង​ខ្លះ​ជីក​រហូត​ដល់​ឃើញ​រថយន្ត​បែន​ធំ​ៗ ទៅ​ជា​ប៉ុន​ស្រមោច​ក៏​មាន​ដែរ គឺ​ក្រុមហ៊ុន​របស់​គាត់​ខំ​ប្រឹង​ជីក រហូត​ដល់​ទៅ​ក្បាល​ប្រែត ក៏​មិន​មាន​អាជ្ញាធរ​ណា​ហ៊ាន​ឃាត់​ដែរ។

ជាក់​ស្ដែង​នៅ​វេលា​ម៉ោង​២២​និង​៤០​នាទី​យប់​ថ្ងៃ​ទី​​២១​ខែ​មករា​ឆ្នាំ​២០១១​នៅ​លើ​កំណាត់​ផ្លូវ ​អូរ​ដឹម​កប់​ស្រូវ​ ស្ថិត​ក្នុង​ភូមិ​ជង្រុក​សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ ដង្កោ​រាជ​ធានី​ភ្នំពេញ​ មាន​យុវជន​ម្នាក់ ឈ្មោះ យន់​ ថុង​ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ មានទីលំនៅ​ភូមិ​របង ​ឃុំ​ស្តុក​ ស្រុក​កង​ពិសី ​ខេត្ត​កំពង់​ស្ពឺ​​​បាន​ជិះ​ម៉ូតូ​ម៉ាក​វីវា​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០០៦ ​អត់​ស្លាក​លេខ​។ ការ​ស្លាប់​នេះ​​ដោយ​សារ​តែ​ការ​ធ្វេស​ប្រហែស​មិន​បាន​គិត​ឲ្យ​ដិត​ដល់ ពី​សំណាក់​ក្រុមហ៊ុន​ញឹក ផន ហៅ កៅ​នេះ​តែម្ដង។
ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​នៅ​ម្ដុំ​នោះ​​បាន​​និយាយ​​​ថា​​ការ​ដ្ឋាន​​ធ្វើ​​ផ្លូវ​ជីក ​លូ​នៅ​លើ​ផ្លូវ​អូរ​ដឹម​កប់​ស្រូវ​នេះ​ដូច​ជា​មាន​ការ​យឺត​យ៉ាវ​ខ្លាំង​ណាស់​បើ​គិត​មក​ដល់​ពេល​នេះ​វា​មាន​រយៈ​ពេល​ប្រហែល​​៣​​ខែ​ហើយ​។ ប្រភព​ដដែល​ បាន​បន្ត​ថា​បើ​ការ​ស្ថាបនា​ជួស​ជុល​ផ្លូវ​ដាក់​ប្រព័ន្ធ​លូ​នេះ​អូស​បន្លាយ ​ពេល​យូរ​ទៅ​មុខ​ទៀត​អាច​និង​មាន​អ្នក​គ្រោះ​ថ្នាក់​ច្រើន​ទៀត​ជា​មិន​ខាន៕

No comments:

Post a Comment