អ្នកវិភាគស្ថានការណ៍នយោបាយ និងមន្ដ្រីអង្គការ ក្រៅរដ្ឋាភិបាលមួយចំនួន បានបង្ហាញនូវសេចក្ដីព្រួយបារម្ភ ចំពោះស្ថានភាពអំពើពុករលួយ ការបំបិទសិទ្ធិសេរីភាព និងការបន្ដដឹក នាំប្រទេស ដោយមន្ដ្រីរដ្ឋាភិបាលដដែលៗអាចបង្កឱ្យប្រទេសកម្ពុជា កើតមានហេតុការណ៍ បះបោរប្រឆាំងរដ្ឋាភិបាល ។ ការអះអាងរបស់អ្នកវិភាគស្ថានការណ៍បែបនេះ បានធ្វើឡើង បន្ទាប់ពីមានហេតុការណ៍បះបោរដោយហិង្សាមួយ ដើម្បីទម្លាក់តំណែងប្រធានាធិបតី សាធារណរដ្ឋទុយណេស៊ី លោកឈីនអ៊ែលអាប៊ីឌីន បេនអាលី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១១កន្លងទៅថ្មីៗនេះ ។ ការប្រៀបធៀបរបស់អ្នកវិភាគស្ថានការណ៍នយោបាយកម្ពុជា ទៅនឹងស្ថានការណ៍ក្នុងប្រទេសទុយណេស៊ីនោះ គឺគេបានសំអាងលើហេតុផលថា ប្រទេស ទាំងពីរមានភាពប្រហាក់ប្រហែលគ្នា ដោយសារការគ្រប់គ្រងរបស់កម្ពុជា មានចំណុចជា ច្រើនប្រហាក់ប្រហែលនឹងការដឹកនាំប្រទេសទុយណេស៊ីរបស់ប្រធានាធិបតីឈីនអ៊ែលអាប៊ីឌីន បេនអាលីនោះដែរ ។
ប្រធានាធិបតីទុយណេស៊ី លោកឈីនអ៊ែលអាប៊ីឌីន បេនអាលី បានកាន់កាប់អំណាច រយៈពេល២៣ឆ្នាំ ហើយប្រទេសទុយណេស៊ី គឺជាសមាជិកសហភាពអាហ្វ្រិក ដែលមាន ប្រជាពលរដ្ឋប្រមាណ១០លាននាក់ ។ ការបះបោរប្រឆាំងនឹងការដឹកនាំរបស់ប្រធានាធិបតី រូបនេះធ្វើឡើង បន្ទាប់ពីនិស្សិតសាកលវិទ្យាល័យម្នាក់បានដុតសម្លាប់ខ្លួន ដោយសារតែភាព អត់ការងារធ្វើនៅក្នុងប្រទេសនេះ ។ ការដុតសម្លាប់ខ្លួនរបស់និស្សិតសាកលវិទ្យាល័យ បណ្ដាលឱ្យមានកុប្បកម្មប្រឆាំងនឹងប្រធានាធិបតីបេនអាលីជាច្រើនលើក ហើយទាម ទារឱ្យចុះចេញពីតំណែងជាបន្ទាន់ ។ កូដកម្មដ៏ពុះកញ្ជ្រោលនោះបានធ្វើឱ្យលោកបេនអាលី សម្រេច រត់ចេញពីប្រទេសទុយណេស៊ី ហើយទៅសុំសិទ្ធិជ្រកកោននៅឯប្រទេសអារ៉ាប៊ីសា អូឌីត ដើម្បី កុំឱ្យហេតុការណ៍ក្នុងប្រទេសមានសភាពកាន់តែដុនដាបថែមទៀត ។ ហេតុការណ៍កើត ឡើងនោះធ្វើឱ្យប្រទេសទុយណេស៊ីបង្កើតឡើងនូវរដ្ឋាភិបាលបណ្ដោះ អាសន្នមួយ ដើម្បីដោះស្រាយវិបត្ដិក្រោយពេលរដ្ឋាភិបាលរបស់ប្រធានាធិបតី បេនអាលី ត្រូវដួលរលំ។
អ្នកវិភាគស្ថានការណ៍នយោបាយនៅកម្ពុជា ខ្លះបានលើកឡើងថា ការផ្ទុះកំហឹងប្រឆាំង រដ្ឋាភិបាលនៅប្រទេសទុយណេស៊ី គឺជាមេរៀនមួយសម្រាប់អ្នកដឹកនាំនៅកម្ពុជា យកមក ពិចារណាផងដែរ ។ អ្នកវិភាគបាននិយាយថា រដ្ឋាភិបាលកម្ពុជា មិនត្រូវគិតថា ប្រជាពលរដ្ឋ របស់ខ្លួនជាមនុស្សមិនចេះដឹងនិងមិនចេះងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលនោះទេ ។ ដោយ ហេតុថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា ជួបប្រទះនិងវិបត្ដិសេដ្ឋកិច្ចនឹងកំណើនអ្នកអត់ការងារ ធ្វើកាន់តែកើតឡើងថែមទៀតនោះ គឺប្រទេសនេះ អាចមានបញ្ហាធ្ងន់ធ្ងរ។ ដូច្នេះរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវគិតគូរពង្រឹង កំណើនសេដ្ឋកិច្ច បង្កើតការងារតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ និងត្រូវលុបបំបាត់ អំពើពុករលួយប្រកបដោយប្រសិទ្ធភាព ។ ជាពិសេសសិទ្ធិសេរីភាពនៃការបញ្ចេញមតិដែល ជាគ្រឹៈនៃលទ្ធិប្រជាធិបតេយ្យ គឺរដ្ឋាភិបាលមិនត្រូវរឹតត្បិតឡើយ ព្រោះអាចធ្វើឱ្យប៉ះពាល់ ដល់អារម្មណ៍ប្រជាពលរដ្ឋ។
មន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មទៅនឹងបញ្ហាខាងលើនេះថា រដ្ឋាភិ បាលកម្ពុជា មិនអាចមានហេតុការណ៍អាក្រក់កើតឡើងដូចនៅប្រទេសទុយណេស៊ី ក្នុង សហភាពអាហ្វ្រិកនោះទេ ។ ថ្វីបើសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាន់អំណាច រយៈពេល២៦ឆ្នាំមកហើយក៏ដោយ ក៏សម្ដេចហ៊ុន សែន កាន់អំណាចដោយស្របច្បាប់ មាន ការបោះឆ្នោត គាំទ្រពីសំណាក់ប្រជាពលរដ្ឋភាគច្រើនលើសលប់ ។ ម្យ៉ាងទៀតសេដ្ឋកិច្ច កម្ពុជា មានការកើនឡើងជារៀងរាល់ឆ្នាំ ហើយការកាត់បន្ថយភាពក្រីក្រតាមយុទ្ធសាស្ដ្រ ចតុកោណបានទទួលជោគជ័យ គួរឱ្យកត់សម្គាល់ថែមទៀត ។ ជាងនេះទៅទៀតប្រមុខរដ្ឋា ភិបាលនិងមន្ដ្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការបម្រើប្រយោជន៍ប្រជាពលរដ្ឋនិង ការពារប្រយោជន៍ជាតិ ដោយយកចិត្ដទុកដាក់ដូច្នេះពុំមានហេតុផលអ្វី ដែលប្រជាពលរដ្ឋ ងើបឡើងធ្វើកុប្បកម្មប្រឆាំងមេដឹកនាំដូចហេតុការណ៍ ដែលបានកើតឡើងនៅក្នុងប្រទេស ទុយណេស៊ី កាលពីប៉ុន្មានថ្ងៃកន្លងមកនោះ ។
អ្នកតាមដានស្ថានការណ៍នយោបាយនិងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាមួយចំនួន បានវាយ តម្លៃថា រដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានការ គាំទ្រយ៉ាងខ្លាំងក្លាពីអង្គការសហប្រជាជាតិនិងប្រទេសមហាអំណាចធំៗលើសកលលោក។
ដំណើរទស្សនកិច្ចរបស់លោកបាន គីមូន មកកាន់ប្រទេសកម្ពុជា កាលពីចុងខែតុលា និង ដំណើរទស្សនកិច្ចរបស់លោកស្រីហ៊ីលឡារី គ្លីនតុន រដ្ឋមន្ដ្រីក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីចុងខែតុលា និងដើមខែវិច្ឆិកា ឆ្នាំ២០១០ គឺជាសក្ខីភាពបញ្ជាក់ថា រដ្ឋាភិបាល កម្ពុជា មានការគាំទ្រពីសហគមន៍អន្ដរជាតិយ៉ាងពិតប្រាកដ។ បន្ថែមពីលើនេះកំណើនសេដ្ឋ កិច្ចកម្ពុជា មានការកើនឡើងជារៀងរាល់ឆ្នាំ ហើយវិស័យសំខាន់ៗសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច ជាតិ ត្រូវបានរដ្ឋាភិបាលកម្ពុជាយកចិត្ដទុកដាក់ពង្រឹងកាន់តែខ្លាំង ដូច្នេះពុំមានហេតុផលអ្វី ដែលកម្ពុជាត្រូវកើតគ្រោះអាក្រក់ដូចនៅប្រទេសទុយណេស៊ីទៅរួចឡើយ។
ដោយ ៖ ជ័យ តារា
No comments:
New comments are not allowed.