ក្នុងសបា្ដហ៍នេះ ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអាស៊ី-ប៉ាស៊ីហ្វិក លោក ប្រេត អាដាម បានបើកការវាយប្រហារយ៉ាងខ្លាំងសម្បើមមកលើប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ដោយផ្ដោតចោទប្រកាន់ខ្លាំងៗអំពីការរំលោភសិទ្ធិមនុស្ស និងការក្រាញកាន់អំណាចផ្ដាច់ការនៅកម្ពុជា។ ការរិះគន់នេះធ្វើឡើងនៅចំពេល រាជរដ្ឋាភិបាលកម្ពុជាបានដាក់សេចក្ដីព្រាងច្បាប់ស្ដីពីអង្គការសមាគមក្រៅរដ្ឋា ភិបាល និងអង្គការសមាគមពាក់ព័ន្ធនានាពិនិត្យពិចារណានិងផ្ដល់អនុសាសន៍លើ អត្ថបទខ្លឹមសារនៃច្បាប់ថ្មីមួយនេះ ។ ប្រតិកម្មរបស់អាដាមនេះ ក៏ធ្វើឡើងនៅ ក្រោយគណបក្សប្រឆាំងសម រង្ស៊ី កំពុងទន់ដៃទន់ជើងក្នុងការប្រតិដ្ឋរឿងចោទរាជ រដ្ឋាភិបាលកម្ពុជាអំពីបញ្ហាព្រំដែន ជាមួយប្រទេសវៀតណាមដែលគ្មានភស្ដុតាង ជាក់លាក់នោះដែរ ។
តាម រយៈបណ្ដាញផ្សព្វផ្សាយបរទេសជាខេមរភាសា លោកប្រេត អាដាម ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំអាស៊ី-ប៉ាស៊ីហ្វិក បានរិះគន់យ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសប្រមុខរាជរដ្ឋាភិបាលថាបាននិងបន្ដ នយោបាយផ្ដាច់ការនៅប្រទេសកម្ពុជា ។ ការអធិប្បាយវែកកំហុសរបស់លោក អាដាមមកលើថ្នាក់ដឹកនាំកំពូលៗរបស់រាជរដ្ឋាភិបាលកម្ពុជា លើកនេះ បានប្រើ ពាក្យពេចន៍ដូចគណបក្សប្រឆាំងធ្លាប់និងកំពុងប្រើប្រឆាំងនឹងរាជរ ដ្ឋាភិបាលដែរ ដែលមានលក្ខណៈថ្លោសៗគ្រោតគ្រាត មើលតែមេដឹកនាំខ្មែរទាំងនោះជាសត្រូវ សួពូជរបស់លោកអាដាមជាប់ច្រើនរយជាតិមកហើយ ។ តើហេតុអ្វីបានជា លោកប្រធានឃ្លាំមើលសិទ្ធិមនុស្សមានពាក្យច្រឡោងខាមទទឹងទិសមកលើមេ ដឹកនាំខ្មែរយ៉ាងនេះ? តាមមើលរាជរដ្ឋាភិបាលហាក់ពុំមានរឿងរ៉ាវអ្វីធំដុំទាក់ទង នឹងលោកអាដាមនៅពេលនេះទេ ។
បើពិនិត្យលើបុគ្គលអាដាមនេះ គឺគាត់បានចងអាឃាតប្រទូស្ដរ៉ាយចំពោះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាជាយូរឆ្នាំមកហើយ ដោយមកពីលោកមាន កំហុសច្រើនពេលនៅធ្វើការក្នុងប្រទេសកម្ពុជាពីមុន ហើយរាជរដ្ឋាភិបាល ឈប់ស្វាគមន៍វត្ដមានគាត់នៅនឹងកម្ពុជាតទៅទៀត ។ ដូច្នេះហើយនៅពេលនេះ ខណៈដែលដៃគូប្រឆាំងរបស់គាត់នៅកម្ពុជាមានដូចជាគណបក្សសម រង្ស៊ីជាដើម ដែលកំពុងលិចលង់ផុតដៃផុតជើងក្នុងសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ពិសេសការប្រឆាំងដ៏សែនបរាជ័យលើបញ្ហាបោះបង្គោលព្រំដែនកម្ពុជា-វៀត ណាម ក្នុងពេលថ្មីៗកន្លងមកនេះ ញុំាង ឱ្យលោកអាដាមស្ទើរក្អួតឈាមស្រស់ ទើបគាត់ចាំបាច់ត្រូវបញ្ចេញទស្សនៈផ្ទាល់ខ្លួនវាយប្រហាររាជរ ដ្ឋាភិបាលទាំងទទឹង ទិសយ៉ាងនេះ ដើម្បីជួយលុបដានបរាជ័យដ៏សែនអាម៉ាសរបស់គណបក្សប្រឆាំង។ មកដល់ចំណុចនេះ យើងគួររំលឹកបន្ដិចថា កាលពីពាក់កណ្ដាលខែមុន (ឆ្នាំ២០១០) មន្ដ្រីគណបក្សសមរង្ស៊ីមួយហ្វូងបានចុះពិនិត្យបង្គោលព្រំដែន កម្ពុជា-វៀតណាម នៅស្រុកមេមត់ ខេត្ដកំពង់ចាម ហើយបានអះអាងយ៉ាងឧឡារិកថា ការបោះ បង្គោលព្រំដែននៅទីនោះ ធ្វើឱ្យភូមិចំនួន១៤របស់កម្ពុជាចូលទៅក្នុងទឹកដីវៀតណាម (គឺបាត់ភូមិខ្មែរចំនួន១៤)។ ក្រុមប្រឆាំងបានប្ដេជ្ញាធ្វើរបាយការណ៍នេះជូនរដ្ឋាភិបាល កម្ពុជាដើម្បីជាការតវ៉ាឱ្យពិនិត្យការបោះបង្គោលឡើងវិញ។ ប៉ុន្ដែរហូតមកទល់ ពេលនេះ ក្រុមនេះពុំទាន់បង្ហើយរបាយការណ៍នៅឡើយ ដែលតាមសេចក្ដីឱ្យការណ៍ ពីប្រភពមួយថា ក្រុមប្រឆាំងមិនមានភស្ដុតាងជាក់លាក់តាមដូចការស្រែក ចោទរបស់ពួកគេនោះឡើយ ។ ដូច្នេះ ប្រតិកម្មរបស់លោកអាដាមក្នុង ពេលនេះ វាអាចជាការជួយបង្វិលទិស កុំឱ្យមានចំណាប់អារម្មណ៍ពីសាធារណជនលើរឿង សាំំញុំាភូតកុហករបស់ក្រុមប្រឆាំងនោះ ។
រឿងបន្ទាប់មួយទៀតគឺ បច្ចុប្បន្នកាល រាជរដ្ឋាភិបាលកម្ពុជានិងអង្គការ សមាគមក្រៅរដ្ឋាភិបាលកំពុងជួយគ្នាក្នុងការតាក់តែងច្បាប់ស្ដីពីអង្គការសមាគម ក្រៅរដ្ឋាភិបាលដែលក្នុងគោលបំណងឱ្យអង្គការសមាគមទាំងអស់នៅព្រះរាជា ណាចក្រកម្ពុជា ធ្វើសកម្មភាពនានាឋិតក្នុងក្របខ័ណ្ឌច្បាប់ ។ គោលបំណងនេះ មិនជាអាក្រក់ប្រាសចាកពីគន្លងគ្រប់គ្រងតាមបែបនីតិរដ្ឋដូចបណ្ដាប្រទេសនៅ លើសកលលោកទេ, ប៉ុន្ដែក្រុមប្រឆាំងនិងរាប់ទាំងអាដាមផង បានយល់ផ្ទុយឆ្វេង ថាជាវិធាននៃការរឹតបន្ដឹងដាក់កំហិតបេសកកម្មរបស់អង្គការ សមាគមក្រៅ រដ្ឋាភិបាលទៅវិញ ។ ក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏មានកង្វល់អំពីច្បាប់ ថ្មីមួយនេះ ហើយបានអំពាវនាវកម្ពុជាតាក់តែងច្បាប់ឱ្យស្របតាមបទដ្ឋាន និយាមអន្ដរជាតិ ដើម្បីធានាប្រសិទ្ធភាពការងាររបស់អង្គការ សមាគមក្រៅ រដ្ឋាភិបាលនានានៅកម្ពុជា ។ ដោយទំនងជាបញ្ហាតាក់តែងច្បាប់ថ្មីនេះ ទើប អាដាមចេញមុខបរិហារថ្កោលទោសប្រមុខដឹកនាំកម្ពុជានៅពេលនេះដែរ ហើយ មិនមែនជាការបង្ហាញទស្សនៈរបស់គាត់ដើម្បីទាញតម្រង់ច្បាប់ឱ្យត្រឹមត្រូវល្អ ជាទេ តែជាការជេរប្រមុខរាជរដ្ឋាភិបាលយ៉ាងខ្លាំងទៅវិញ ។ គាត់នេះអះអាងយ៉ាង ដាច់សាច់ថា អំណាចនៅកម្ពុជាប្រមូលផ្ដុំ ទៅលើជនផ្ដាច់ការមួយក្ដាប់ និងថា អ្នកកាន់អំណាចយូរជាជនពុករលួយផ្ដាច់ការ ត្រូវតែចុះចេញពីតំណែងជាដើម ។
ការ ចេញមុខវាយប្រហាររាជរដ្ឋាភិបាលកម្ពុជាទាំងកម្រោល៤ជ្រុងពី សំណាក់ លោកអាដាម ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអាស៊ី-ប៉ាស៊ីហ្វិកនៅពេល នេះ វាកើតឡើងដូចជាតក់ក្រហល់អន្ទះសាហួសហេតុណាស់ ។ ស្ដាប់ប្រតិកម្មរបស់ អាដាមតាំងពីដើមទល់ចប់ក្នុងបទសម្ភាសន៍មួយឈុតជាមួយបណ្ដាញ ផ្សព្វផ្សាយ បរទេសនៅសបា្ដហ៍នេះ គេនឹកគិតថាគាត់នេះទំនងជាមានគំនុំបុគ្គលយ៉ាង ជ្រាលជ្រៅជាមួយមន្ដ្រីរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ជាជាងការផ្ដល់ មតិដើម្បីកែលម្អរាជរដ្ឋាភិបាលឱ្យស្របតាមនីតិវិធី ពីព្រោះគ្រប់សំដីរបស់គាត់ គឺសុទ្ធតែជាសំដីទោសៈហិង្សាជេរបញ្ចោរព្យាបាទតែទៅលើថ្នាក់ ដឹកនាំកម្ពុជា ប៉ុន្មាននាក់ខាងលើៗ ដោយពុំមានមួយម៉ាត់ណាសមរម្យសម្រាប់យកធ្វើជាគតិ បានឡើយ ។ ទោះយ៉ាងណាប្រតិកម្មឆ្កួតៗខុសទំនងបែបនេះ វាជាអំពើបន្ថោក បន្ទាបខ្លួនឯងរបស់លោកអាដាមតែប៉ុណ្ណោះ, ឯកម្ពុជាវិញក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជានៅតែបន្ដនយោបាយកសាងនិងការពារជាតិ មាតុភូមិ របស់ខ្លួនជាប្រក្រតី ដោយពុំខ្វល់នឹងក្រុមអគតិនានាដោយរាប់ទាំងលោកអាដាម ផងនោះឡើយ៕
ដោយៈអាចារ្យ កេត
No comments:
New comments are not allowed.