Saturday, January 08, 2011

ឃាត់ខ្លួន​ពលរដ្ឋ ១៣​នាក់ ប្រុង​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ត្រង់ចំណុច​អូរ​ម្លូ​

បន្ទាយមានជ័យ: មាន​មនុស្ស​ចំនួន ១៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ​បញ្ជូនមក​ធ្វើការ​ព្រមាន ខណៈពេលដែល​ពួកគេ​ទាំងនោះ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​សៀម​នា​ ចំណុច​អូរ​ម្លូ ក្នុង​ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​    ​ការ​រា​រាំ​ពលរដ្ឋ​ហើយ​ឈានដល់​ការឃាត់ខ្លួន​ខាងលើ​កើតឡើង​នៅ​ម៉ោង​៩​ព្រឹក ថ្ងៃទី​៦ ខែមករា​ឆ្នាំ​២០១០ ស្ថិតនៅ​ចំណុច​អូរ​ម្លូ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ។ ពលរដ្ឋ​កម្ពុជា​ទាំង ១៣​នាក់ នោះ​ត្រូវបាន​ឃាត់ខ្លួន​ដោយ​ទាហាន​ប្រតិបត្តិការ​សឹក​រង​ស្រុក​អន្លង់វែង សហការ​ជាមួយ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ ៩០៥ ប្រចាំ​តំបន់ ។​
​    ​សេចក្តីរាយការណ៍​បញ្ជា​ក់ថា ពលរដ្ឋ​ទាំង ១៣​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​នោះ គឺ​ពួកគេ​មាន​ទីលំនៅ​ពិតប្រាកដ​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​    ​ការ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​នេះ​មិនមែនជា​លើក​ទី​១​ឡើយ ដែល​ពួកគេ​ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង​នៅលើ​ទឹកដី​សៀម ។ ពួកគេ​ធ្លាប់​បានចេញ​ចូលទៅ​កាប់​ឈើ​នៅ​ប្រទេស​សៀម​ជាច្រើនលើក​មកហើយ ។ 

​    ​ព័ត៌មាន​ខាងលើ​បញ្ជាក់ថា ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​ហាក់​ពុំ​រាងចាល​ហើយ​យក​ជីវិត​ទៅ​ប្តូរ​នឹង​ គ្រោះថ្នាក់ ដោយសារ​ទាហាន​សៀម​តាម​ព្រំដែន​បាញ់សម្លាប់​និង​របួស​ខណៈពេលដែល​ពួកគេ​ ឆ្លងដែន​ចូលទៅ​កាប់​ឈើ​គ្រញូង​ប្រភេទ​ល្អៗ ហើយ​ត្រូវប៉ាន់​នៅ​ទឹកដី​សៀម ។​

​    ​ពលរដ្ឋ​ទាំង ១៣​នាក់ ត្រូវបាន​គេ​បញ្ជូន​ខ្លួន​មកកាន់​ទីបញ្ជាការ​សឹក​រង​ស្រុក ហើយ​ធ្វើ​ការអប់រំ​រួចហើយ​ក៏បាន​ដោះលែង​ឲ្យ​ត្រឡប់​ទៅ​លំនៅស្ថាន​វិញ​ដោយ​ គ្រាន់តែ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ចូលទៅ​កាប់​ឈើ​នៅក្នុង​ទឹកដី​សៀម​ បន្តទៅទៀត ។​

​    ​ប្រភព​ខាងលើ​បញ្ជាក់ដែរថា ជំនួញ​ឈើ​គ្រញូង​នៅតាម​បន្ទាត់​ព្រំដែន​ភាគ​ខាងលិច​និង​ភាគ​ខាងជើង​នៃ​ កម្ពុជា បច្ចុប្បន្ន​ត្រូវបាន​គេ​រាយការណ៍​ដូចៗ​គ្នា​ថា ជំនួញ​ឈើ​ប្រណីត​បានកើត​ឡើងជា​រៀងរាល់ថ្ងៃ ដោយ​មួយផ្នែក​ពលរដ្ឋ​ទាំង​នោះបាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​កម្ពុជា​និង​ សមត្ថកិច្ច​សៀម ដើម្បី​ចូលទៅ​កាប់​និង​មួយផ្នែក​ទៀត​ពួកគេ​លួច​ឆ្លង​ចូលទៅ​កាប់​ឈើ​គ្រញូង​ ដោយ​ឯកឯង ហើយ​អូស​ឈើ​មក​លក់​ក្នុង​ទឹកដី​កម្ពុជា ។​

​    ​គេ​បាន​រាយការណ៍​ទៀតថា មាន​ករណីខ្លះ​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទាហាន​សៀម​បាញ់ គឺ​ឆ្លង​ចូលទៅ​ដី​ថៃ អូស​ឈើ ឬ កាប់​ឈើ​ដោយសារ​ឈ្មួញ​ធំៗ​នៅ​កម្ពុជា​ជួល​និង​មួយផ្នែក​ទៀត​ពួកគេ​លួច​ទៅ​ កាប់​យកមក​លក់​ឲ្យ​ឈ្មួញ​ធំៗ​ទាំងនោះ​ព្រោះ​វា​បាន​តម្លៃ​ខ្ពស់ ។​

​    ​ប៉ុន្តែ​ករណី​នោះ​វា​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​បំផុត ព្រោះ​វា​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ស្លាប់ ខ្លះ​របួស​ដោយសារ​ទាហាន​សៀម​បាញ់ ខណៈពេលដែល​ពួកគេ​ឆ្លងដែន​ចូលទៅ​កាប់​ឈើ​ក្នុង​ទឹកដី​សៀម ៕
CEN

No comments:

Post a Comment