Saturday, January 08, 2011

ពលរដ្ឋខ្មែរ៦០នាក់ ព្រលឹងចុងសក់ ខណៈដែលទាហានសៀមបាញ់រះ នៅព្រំដែនត្រញំងប្រាសាទ

ត្រពាំង​ប្រាសាទ​-​ឧត្ដរ​មាន​ជ័​យ: ​គេ​អាច​ចាត់ទុកថា នេះ​ជា​សំណាង​មួយ​ក្នុង​១​ពាន់​គ្រោះថ្នាក់ ខណៈពេល​ប្រជាជន​កម្ពុជា ដែលមាន​មុខ​ដដែលៗ​ចំនួន​រហូតដល់​ទៅ​៦០​នាក់ ចូលទៅ​អូស​ឈើ គ្រញូង​ឲ្យ​ឈ្មួញ​មួយរូប​នៅក្នុង​ទឹកដី​សៀម ហើយ​ត្រូវ​ទាហាន​ឈុតខ្មៅ​សៀម​ជាច្រើន​នាក់​ធ្វើ សកម្មភាព​បាញ់រះ​ពេញ​ព្រៃ ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​រត់​យករួចខ្លួន​ទាំង​ជីវិត​ប្រផិតប្រផើយ​ចូលមកក្នុង​ទឹកដី​កម្ពុជា វិញ ។​

​ហេតុការណ៍​ទាហាន​សៀម​ឈុតខ្មៅ​បាញ់​ប្រជាជន​កម្ពុជា​ខាងលើ កើតឡើង​នៅវេលា​ម៉ោង ១១ និង ៣០​នាទី ថ្ងៃត្រង់​ទី​៧ ខែមករា ឆ្នាំ​២០១១ ស្ថិតក្នុង​ទឹកដី​សៀម ភូមិ​ដូន​អាវ ឃុំ​ដូន​អាវ ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ីកា​កេ​ត ឈម​នឹង​ទឹកដី​កម្ពុជា​ចំណុច​អូរ ៥០ ឃុំ​ត្រាំ​ប៉ោង ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ ។ ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ ជនកម្ពុជា​ទាំង ៦០ នាក់ ដែល​សៀម​ដេញ​បាញ់​នោះ​គឺមាន​ពលរដ្ឋ​កម្ពុជា​ម្នាក់​ត្រូវ​ទាហាន​សៀម​ឈុតខ្មៅ​សៀម ចាប់ខ្លួនបាន ហើយក៏​ត្រូវបាន​ដោះលែង​ឲ្យ​វិល​ត្រឡប់មក​ដី​កម្ពុជា​វិញ​បន្ទាប់ពី​សមត្ថកិច្ច​កម្ពុ​ជា ធ្វើការ​សម្របសម្រួល​គ្នា​ជាមួយ​ទាហាន​សៀម ។​

​សេចក្ដីរាយការណ៍​ខាងលើ​បាន​បញ្ជាក់ថា ពលរដ្ឋ​ទាំង ៦០ នាក់​នោះ​មាន​ទីលំនៅ​ឃុំ​ត្រាំ​ប៉ោង ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ ។ ពួកគាត់​ទាំងអស់​គឺ​បាន​ចូលទៅ​កាន់​ទឹកដី​សៀម ដើម្បី​អូស​ឈើ​គ្រញូង​ដែល​កាប់​រួច​តាមរយៈ​ឈ្មួញ​កម្ពុជា​មួយរូប​ជួល​ឲ្យ​ទៅ​ជួយ​អូស ។​

​សេចក្ដីរាយការណ៍​ខាងលើ​ថា ឈ្មួញ​កម្ពុជា​ដែល​ជួល​ឲ្យ​ពលរដ្ឋ​ខ្មែរ ៦០ នាក់​ចូលទៅ​អូស​ឈើ​គ្រញូង នៅ​ទឹកដី​សៀម​នោះ​មានឈ្មោះ លោក​អនុសេនីយ៍ទោ លី គឹម​ស្រ៊ុន ធ្វើការ​នៅ​ការិយាល័យ ទី​២ នៃ​កងពលតូច​អន្ដរាគមន៍​លេខ ៨ ។​

​ព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា ប្រជាជន​កម្ពុជា​ទាំង ៦០ នាក់​នោះ​គឺមាន​ម្នាក់​ឈ្មោះ​យី ឌី ភេទ​ប្រុស អាយុ ២៥ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​បី ឃុំ​ត្រាំ​ប៉ោង ស្រុក​ត្រពាំង​ប្រាសាទ ត្រូវ​ទាហាន ឈុតខ្មៅ​ចាប់ខ្លួន ប៉ុន្ដែ​បាន​ដោះលែង​ត្រឡប់មកវិញ​នៅ​ម៉ោង​១៤ ថ្ងៃ​ដដែល បន្ទាប់ពី​សមត្ថកិច្ច កម្ពុជា​ចូលទៅ​សម្រុះសម្រួល​ជាមួយ​ទាហាន​សៀម ។​

​គេ​បាន​រាយការណ៍​ថា នេះ​មិនមែនជា​លើក​ទី​១ ឡើយ ដែល​ទាហាន​សៀម​បាញ់​ពលរដ្ឋ​ខ្មែរ ពេលដែល​ពួកគេ​ចូលទៅ​កាប់​ឈើ​ក្នុង​ទឹកដី​សៀម ហើយ​ត្រូវ​សៀម​បាញ់​ឲ្យ​ស្លាប់​និង​របួស ជាច្រើន​នាក់​រួចមកហើយ ។ គេ​បាន​បញ្ជាក់ថា ជំនួញ​ឈើ​គ្រញូង​នៅ​ព្រំដែន​កម្ពុជា​សៀម កើតមាន​រាល់ថ្ងៃ ពុំ​មានការ​ទប់ស្កាត់បាន​ឡើយ ហើយ​ឈ្មួញ​នោះគេ​បាន​ស្គាល់ឈ្មោះ​គ្រប់ៗ​គ្នា ទៀតផង ៕

សារព័ត៌មាន CEN

No comments: