Tuesday, January 18, 2011

ក្រសួង​ឧស្សាហកម្ម សហការ​ជាមួយ UNDP ដើម្បី​អភិវឌ្ឍន៍​វិស័យ​រ៉ែ នៅ​កម្ពុជា

ភ្នំពេញ: ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បាន​ចុះហត្ថលេខា​ព្រមព្រៀង​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP នៅ​ថ្ងៃ​អង្គារ ទី​១៨​មករា ឆ្នាំ​២០១១ ដើម្បី​អភិវឌ្ឍន៍​វិស័យ​រ៉ែ​របស់​កម្ពុជា ដែល​កំពុងតែ​ចាប់ផ្តើម​។ នេះ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​។​

​    ​សេចក្តីប្រកាស​ព័ត៌មាន​រួម ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​១៨​មករា ឆ្នាំ​២០១១ បានបង្ហាញ​ថា អនុស្សរណៈ​យោគយល់​គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍​វិស័យ​រ៉ែ នៅ​កម្ពុជា ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល និង​លោក Douglas Broderick តំណាង UNDP ប្រចាំ​កម្ពុជា​។​
​    ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ ដើម្បី​បង្កើត​កិច្ចសហការ ជួយ​ដល់​កម្ពុជា​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម ប្រកបដោយ​ចីរភាព តាមរយៈ​ការពង្រឹង​ផ្នែក​គ្រប់គ្រង​សាធារណៈ​នៃ​វិស័យ​រ៉ែ​របស់​កម្ពុជា ដែល​កំពុង​លេចឡើង​។ 
​    ​សេចក្តីប្រកាស​ដដែល បាន​លើកឡើង​ថា ការចុះហត្ថលេខា​នេះ បាន​កំណត់​គោលដៅ​ថ្មី​មួយ ក្នុង​ទំនាក់ទំនង​រវាង​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល និង UNDP​។ នៅ​ខែ​ឧសភា ឆ្នាំ​២០១០ ក្រសួង​ឧស្សាហកម្ម និង UNDP បានរួម​គ្នា​រៀបចំ​សន្និសីទ​អន្តរជាតិ លើក​ទី​១ ស្តីពី ការធ្វើ​អាជីវកម្ម​រ៉ែ "​ឱកាស​សំរាប់​កម្ពុជា​"​។ គឺជា​ការច្បាស់​ណាស់​ដែល​ថា កម្ពុជា​មាន​នូវ​ធនធាន​រ៉ែ​ដ៏​មានតម្លៃ ប៉ុន្តែ​ការងារ​លំបាក គឺ​ការធ្វើ​ឲ្យ​ធនធាន​រ៉ែ​ទាំងនេះ ក្លាយទៅជា​សម្បត្តិ​ថ្មី​មួយ ដែល​នឹង​បង្កើត​នូវ​កាលានុវត្តន៍ និង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​។​
​    ​សេចក្តីប្រកាស​ព័ត៌មាន ក៏​បាន​បង្ហាញថា ក្រោម​អនុស្សរណៈ​នេះ ភាគី​ទាំងពីរ យល់ព្រម​សហការ​ក្នុង​ផ្នែក​នានា ដោយ​ផ្តោត​ទៅលើ​៖ ទី​១-​ការអភិវឌ្ឍន៍​វិស័យ​រ៉ែ ប្រកបដោយ​ការទទួលខុសត្រូវ សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា និង​ទី​២-​ការគាំទ្រ​ដល់​ការបង្កើត​គោលនយោបាយ និង​បទ​ប្បញ្ញត្តិ ដែល​ត្រូវការ​ចាំបាច់ ដើម្បី​ធានា​ឲ្យ​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព​នៃ​វិស័យ​ឧស្សាហកម្ម​រ៉ែ​របស់​កម្ពុជា និង​ការអភិវឌ្ឍន៍​សមត្ថភាព​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ របស់​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​៕

ដោយ : លីហូវ 

No comments:

Post a Comment