Tuesday, January 18, 2011

ក្រសួង​អប់រំ​ទទួល​ជំនួយ​ពី​បារាំង​លើ​ការបង្រៀន ៣ ឆ្នាំ​ទៀត

ភ្នំពេញ: ​លោក​គ្រី​ស្យ​ង់ កូណ​ង់ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា និង​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កី​ទ្បា បាន​ចុះហត្ថលេខា​រួមគ្នា ក្នុង​ការបន្ត​អនុវត្តន៍​លើ​អនុសញ្ញា​ក្របខណ្ឌ Convention Cadre ស្តីពី​កម្មវិធី​ថ្នាក់រៀន​ពី​ភាសា ។​

​    ​ក្រសួង​អប់រំ យុវជន និង​កី​ទ្បា​បាន​ឲ្យ​ដឹងថា ការបណ្តុះបណ្តាល​ភាសា​នេះ គឺ​ទទួល​ការជួយឧបត្ថម្ភ​ពី​សហគមន៍​អន្តរជាតិ តាមរយៈ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ក្នុង​ការលើក​កំពស់​គុណភាព​នៃ​ការបង្រៀន និង​រៀន​ភាសា​បារាំង តាមរយៈ​ការបណ្តុះបណ្តាល​សាស្ត្រាចារ្យ​ផ្នែក​ភាសា​បារាំង សម្រាប់​គ្រឹះស្ថានសិក្សា​ន​នានា​នៅ​ទូទាំងប្រទេស ។​

​    ​លោក អ៊ឹម សិទ្ធី បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ មករា​កន្លងមក​ថា កម្មវិធី​ថ្នាក់​ពី​ភាសា​ត្រូវបាន​អនុវត្តន៍​តាំងពី​ឆ្នាំ ១៩៩៤ កន្លងមក ក្រោម​ការឧបត្ថម្ភ​ពី​ស្ថានទូត​បារាំង តាមរយៈ​អង្គការ AUF ក្នុង​គោលបំណង​បញ្ជ្រាប​ភាសា​បារាំង​ទៅក្នុង​កម្មវិធីសិក្សា ចាប់ពី​ថ្នាក់​ទី ៥ នៃ​កំរិត​បឋមសិក្សា ដល់​ថ្នាក់​ទី​១២ នៃ​មធ្យមសិក្សា ដែល​ត្រូវ​រៀន​ភាសា​បារាំង​ផង និង​រៀន​គណិតវិទ្យា រូបវិទ្យា ជីវវិទ្យា​ជា​ភាសា​បារាំង​ផងដែរ ។​
​    ​
​    ​លោក គ្រី​ស្យ​ល់ កូណ​ង់ (Christian CONNAN) ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា​បាន​កោតសរសើរ និង​វាយ​តំលៃ​ខ្ពស់ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ប្រទេសជាតិ ក្រោយពេល​សង្គ្រាម ដោយ​ជោគជ័យ​លើ​គ្រប់​វិស័យ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ។​

​    ​លោក​បាន​បន្តថា ’​នេះ​គឺជា​មោទនភាព​របស់​ប្រជាជន​កម្ពុជា ដែល​ធ្លាប់មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រជាជន​បារាំង ប៉ុន្តែ​ទំនាក់ទំនង​នេះ​ត្រូវបាន​កាត់ផ្តាច់ ក្នុងសម័យ​កាន់អំណាច​របស់​ពួក​ខ្មែរក្រហម​” ។ ដោយ​តាមរយៈ​ការភ្ជាប់​ទំនាក់ទំនង​ទ្បើង​វិញ​នេះ ភាគី​ទាំង​ពីរបាន​ខិតខំ​លើ​គ្រប់ផ្នែក ពិសេស​គឺ​ការការពារ និង​តួនាទី​របស់​បារាំង​នៅ​កម្ពុជា តាមរយៈ​គំរោង​នានា​នៃ​កិច្ចសហប្រតិបត្តិការ​បា​រាំង ក្នុងនោះ​មាន​គំរោង​ថ្នាក់​ពី​ភាសា​បារាំង ខ្មែរ ដែល ត្រូវបាន​បន្តទៅទៀត​ឲ្យ​កាន់​តែមាន​គុណភាព និង​ប្រសិទ្ធិភាព​ខ្ពស់ បន្ទាប់ពី​ចុះហត្ថលេខា លើ​អនុសញ្ញា​ក្របខ័ណ្ឌ​ថ្មី​សម្រាប់​រយៈពេល​បី​ឆ្នាំ​ជា​បន្តទៀត ៕

No comments:

Post a Comment