Tuesday, January 18, 2011

សម្តេច​តេជោ​ហ៊ុន សែន​ប្រកាស​បើក​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០១១​

       ភ្នំពេញ៖ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន​ សែន​នាយក​រដ្ឋ​មន្រ្តី​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​និង​លោក​ជំទាវ​បណ្ឌិតប៊ុន​ រ៉ានីហ៊ុន​សែន​នៅ​រាត្រីថ្ងៃ​ទី១៨ខែ​មករា​នេះ​ បាន​អញ្ជើញ​ជាអធិ​បតី​ភាព​ ក្នុង​ពិធីបើក​វេទិកា​ទេសចរណ៍​អាស៊ាន​លើកទី៣០​នៅទីក្រុង​កោះ​ពេជ្រ​។
        សម្តេចតេជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍ថា «ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ ២០១១ គឺជា​ឱកាស​ដ៏​វិសេសវិសាល ដែល​មិន​ត្រឹម​តែ​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​នូវ​ផលិតផល​ទេសចរណ៍​ របស់​កម្ពុជា ក៏​ដូច​ជា​របស់​អាស៊ាន​ទៅ​កាន់​ពិភព​លោក​ទាំងមូល​ប៉ុណ្ណោះទេ ប៉ុន្តែ​នឹង​ជួយ​លើក​ស្ទួយ និង​បង្ហាញ​ថែម​ទៀត​ពី​សារៈសំខាន់​នៃ វិស័យ​ទេសចរណ៍ និង​បន្ត​ជម្រុញ​សកម្មភាព​នេះ​ឱ្យ​កាន់​តែ​ទូលំទូលាយ ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច និង​សម្រេច​នូវ​គោល​ដៅ​អភិវឌ្ឍ​សហស្សវត្ស​របស់ អ.ស.ប ព្រម​ទាំង​ចូល​រួម​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន ក្នុង​តំបន់ និង​នៅ​លើ​សកល​លោក​ទាំង​មូល​ផង​ដែរ» ។ 
        សម្តេច ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំ​មាន​ជំនឿ​​ផង​ដែរ​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​វិស័យ​សាធារណៈ ទាំង​វិស័យ​ឯកជន​នឹង​ខិត​ខំ​សហការ​រួម​គ្នា​ថែម​ទៀត​ក្នុង​ការ​ជម្រុញ អភិវឌ្ឍ​វិស័យ​ទេសចរណ៍​អាស៊ាន ពិសេស កិច្ច​សហការ​រួម​គ្នា​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​អាស៊ាន​ឆ្នាំ ២០១៥​អាស៊ាន ជា​គោល​ដៅ​ទេសចរណ៍​លំដាប់​ពិភព​លោក និង​ផ្តល់​ភាព​កក់​ក្តៅ​ដល់​ទេសចរ» ។
វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ ២០១១ លើក​ទី​៣០ ដែល​កម្ពុជា​បាន និង កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ពេល​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធានបទ«អាស៊ានពិភព​អច្ឆរិយៈ និង ពិពិជភាព(ASEAN. A World of Wonders and Diversity )នៅ​ពេល​ដែល​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ២០១១-២០១៥ ទើប​ត្រូវ​បាន​អនុម័តដោយ​រដ្ឋមន្ត្រី​ទេសចរណ៍ ​អាស៊ាន​កាល​ពី​ថ្ងៃទី​១៧ មករា​មុន​ពេល​ដែល​គណៈប្រតិភូ​នេះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជួប​សំដែង​លា​ ​គួរសម​ជាមួយ​សម្តេច នាយករដ្ឋមន្ត្រី​នៅ​ពេល​រសៀល​នោះ ។
នៅ​ឆ្នាំ ២០១០ អាស៊ាន​សម្រេច​បាន​កំណើន​ទេសចរណ៍​ប្រមាណ​ជាង​១០%​ឡើង​វិញ​ស្រប​ពេល​ដែល​ ស្ថានភាព សេដ្ឋកិច្ច​ពិភព​លោក​បាន​បង្ហាញ​សញ្ញា​ងើប​ឡើង​វិញ បន្ទាប់​ពី​វិបត្តិ ដែល​លទ្ធផល​នេះ​បាន​បង្ហាញ​កាន់​តែ​ច្បាស់​ថែម​ទៀត​អំពី​ភាព​រឹង​មាំ​នៃ​ សេដ្ឋកិច្ច​អាស៊ាន​ ជា​ពិសេស ចលនា​ទេសចរណ៍​ផ្ទៃ​ក្នុង​អាស៊ាន ដែល​មាន​ចំណែក​ដល់​ទៅ ៤៥% (ជាង​២០​លាន​នាក់)​នៃ​ចំនួន​ទេសចរ​សរុប​ដែល​មក​ទស្សនា​អាស៊ាន(ប្រមាណ​ជាង ៦៥ លាន​នាក់)ហើយ​បាន​និង​កំពុង​ជម្រុញ សកម្មភាព​សេដ្ឋកិច្ច​ផ្ទៃក្នុង​អាស៊ាន​យ៉ាង​ខ្លាំង​នោះ ។ ឆ្នាំ​២០១០ កម្ពុជា​សម្រេច​បាន​កំណើន​ទេសចរណ៍ ១៦%ជាមួយ​នឹង​ការ​មក​ដល់​នៃ​ទេសចរ​អន្តរជាតិ​ប្រមាណ​ជាង ២,៥ លាន​នាក់ និង ចលនា​ទេសចរណ៍​ក្នុង​ស្រុក​មាន​ប្រមាណ​ជាង​៧​លាន​នាក់​ក្នុង​កំណើន ៧%បន្ថែម​ទៀត ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា សមិទ្ធផល​ជា​វិជ្ជមាន​ទាំង​នេះ សម្រេច​បាន ដោយ​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អនុវត្ត​យ៉ាង​សកម្ម​នូវ​យុទ្ធនាការ​ ផ្សព្វផ្សាយ​ទេសចរណ៍«កម្ពុជា​ព្រះ​រា​ជា​ណា​ចក្រ​មច្ឆរិយៈ»និង ចលនា​ប្រឡង​ប្រណាំង​«ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ» ដោយ​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន និង ប្រជាជន ។
សម្តេច​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យក​ចិត្ត​ទុក​ដាក់ និង ផ្តល់​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដោយ​ចាត់​ទុក​វិស័យ​នេះ ជា​វិស័យ​អាទិភាព​មួយ​ក្នុង​ចំណោម​វិស័យ​អាទិភាព​ទាំង​១០ ក្នុង​ការ​កសាង​សង្គម និង ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​ស្រប​ពេល​ដែល ផលិតកម្ម និង ការ​នាំ​ចេញ​អង្ករ ដែល​បាន​កំណត់​ជា មាស«ស» ហើយ​វិស័យ​ទេសចរណ៍ ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​ មាស«បៃតង»​ក្នុង​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច និង កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន ព្រម​ទាំង​ចូល​រួម​ដល់​ការ​កសាង សេដ្ឋកិច្ច​បៃតង ផង​ដែរ ។
សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ខ្ញុំ​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​តួនាទី​នៃ​វិស័យ​ទេសចរណ៍ ដែល​បាន​ចូល​រួម​យ៉ាង​មាន​ប្រសិទ្ធភាព​ដល់​ការ​ជម្រុញ​កំណើន​តម្រូវ​ការ​ ក្នុង​តំបន់ និង​ការ​នាំចេញ ដែល​ជា​កត្តា​រួម​ចំណែក​ជម្រុញ​កំណើន​ម៉ាក្រូ សេដ្ឋកិច្ច ការ​អភិវឌ្ឍ​សង្គម និង ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នោះ ។ សម្តេច​មាន​ប្រសាសន៍​បន្ត​ថា ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​នៅ​តាម​មូលដ្ឋាន​ ដូចជា សហគមន៍​ទេសចរណ៍​ធម្មជាតិ សហគមន៍​អេកូ​ទេសចរណ៍ ទេសចរណ៍​ធម្មជាតិ កសិទេសចរណ៍ និង ទេសចរណ៍​ជនបទ ពិត​ជា​បាន​ចូល​រួម​ចំណែក​ដល់​កិច្ច​ការពារ​បរិស្ថាន និង​ប្រ​ព័ន្ធ​ជីវៈចម្រុះ និង​រួម​ចំណែក​ទប់​ទល់​ការ​កើន​ឡើង​កំដៅ​ពិភពលោក​ផងដែរ ។
ប្រទេស​កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ អត្រា​មធ្យម​ប្រចាំ​ឆ្នាំ​១០,៦%​ក្នុង​អំឡុង​ឆ្នាំ ២០០៣-២០០៧ ។ នៅ​ឆ្នាំ​២០១០​សេដ្ឋកិច្ច​កម្ពុជា​បាន​វិល​ត្រឡប់​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើង ​វិញ​ក្នុង​កំណើន​ប្រមាណ ៥,៥% ដោយ រួម​ចំណែក​ពី​កំណើន​នៃ​វិស័យ​ទេសចរណ៍ កសិកម្ម និង វិស័យកាត់ដេរ ។ ចំណែក​ឯ​អត្រា​នៃ​ភាព​ក្រីក្រ​របស់​ប្រជាជន កម្ពុជា​ត្រូវ​បាន​កាត់​បន្ថយ​ពី ៥០% នៅ​ក្នុង​ទសវត្ស​ឆ្នាំ ១៩៩០ មក​នៅ​ត្រឹម ៣០% នៅ​ឆ្នាំ ២០០៧ និង ២៧,៤%នៅ​ឆ្នាំ ២០០៩ ហើយ​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​នឹង​បន្ត​ធ្លាក់​ចុះ​ដល់ ១៩,៥%នៅឆ្នាំ ២០១៥ ខាងមុខនេះ ។
សម្តេចតេជោ​បាន​អះអាង​ថា លទ្ធផល កម្ពុជា​ត្រូវ​បាន អ.ស.ប ចាត់​ទុក​ថា ស្ថិត​ក្នុង​ចំណោម​ប្រទេស​ឆ្នើម​ចំនួន ៥ នៅ​ក្នុង​ពិភពលោក ដែល​ទទួល​បាន​នូវ​សមិទ្ធផល​យ៉ាង​ខ្លាំងក្លា​ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​គោល​ដៅ ​សហសវត្ស​ក្នុង​ឆ្នាំ ២០១៥ ហើយ​ជា​ការ​ពិត​ជោគ​ជ័យ​នេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ប្រត្យក្ស​នូវ​ ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត គោល​នយោបាយ និង​យុទ្ធ​សាស្ត្រ នានា របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ការ​ចូល​រួម​អនុវត្ត​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ពី​គ្រប់​ភាគី​ ពាក់ព័ន្ធ​ទាំងអស់៕

No comments:

Post a Comment