Tuesday, January 18, 2011

ឆ្នាំ​២០១០ ខេត្តកំពង់ចាម​មានកា​រ​កើនឡើង​ទិន្នផល​ស្រូវវស្សា ជាពិសេស​ស្រូវ​សរីរាង្គ​

កំពង់ចាម: តាម​របាយការណ៍​បូកសរុប​របស់​មន្ទីរ​កសិកម្ម​ខេត្តកំពង់ចាម ការប្រមូល​ផល​ស្រូវ​ក្នុង​ឆ្នាំ ២០១០  បង្ហាញថា ទិន្នផល​កើនឡើង​ខ្ពស់​ដោយ​ក្នុង​មួយ​ហិកតា ៣,២០ តោន ស្មើនឹង ៩៧ ភាគរយ នៃ​ផ្ទៃដី​ដែល​អនុវត្តបាន​សរុប​ចំនួន​ជាង ១៦ សែន​ហិកតា ប្រហាក់ប្រហែលគ្នា​កាលពី​ឆ្នាំ ២០០៩ ដែល​ទទួលបាន​តែមួយ​ហិកតា ៣,១៤២ តោន​ប៉ុណ្ណោះ ។  

​    ​លោក ហេង ប៊ិន​យិ ប្រធាន​មន្ទីរ​កសិកម្ម​បាន​ឲ្យ​ដឹងថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​ទិន្នផល​ស្រូវវស្សា​កើនឡើង គឺ​ដោយសារ​អំណោយផល​ពី​ទឹកភ្លៀង បាន​ធ្លាក់​ពី​ដើមរដូវ នាំ​ឲ្យ​កសិករ​ធ្វើស្រែ​បង្កើន​រដូវ កសិករ​បាន​ប្តូរ​ពូជស្រូវ​ពី​ធ្ងន់​មក​ស្រាល ។ ពិសេស​គឺ​ការជ្រើសរើស​ពូជ​របស់​កសិករ គឺ​ពួកគាត់​បាន​ប្រើប្រាស់​ពូជ​សុទ្ធ​ល្អ ទិញ​ពី​ក្រុមហ៊ុន​ក្នុងស្រុក និង​កក្តា​ចុងក្រោយ​កសិករ​បាន​ផ្លាស់ប្តូរ​ពី​ការប្រើប្រាស់​ជីគីមី មក​ប្រើ​ជី​កាកសំណល់​ឡ​ជីវឧស្ម័ន ដែលជា​របស់​ពួកគាត់​មាន​ស្រាប់​ដូចជា ជី​លាមក​សត្វ ធ្វើ​ឲ្យ​គាត់​កាត់បន្ថយ​ការចំណាយ​ទិញ​ជី​ពី​ផ្សារ ។ កក្តា​ទាំងអស់នេះ ធ្វើ​ឲ្យ​កសិករ​គាត់​ទទួលបាន​ទិន្នផល​ខ្ពស់ និង​នាំ​ឲ្យ​គុណភាព​ស្រូវ​ពេល​ផលិត​ជា​អង្ករ​គ្មាន​ជាតិគីមី ដែល​ហៅថា អង្ករ​សរីរាង្គ​អាច នាំ​ចេញទៅ​លក់​នៅលើ​ទីផ្សារ​អន្តរជាតិ ។​

​    ​លោក​បន្តថា លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ណែនាំ​ផ្សព្វផ្សាយ ដល់​កសិករ​ប្រើប្រាស់​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​ចំនួន ១០ ប្រភេទ​ក្នុងនោះ​មានដូចជា ៖ ពូជស្រូវ​ឈ្មោះ អ៊ី​អែរ ៦៦ សែន​ពិដោរ ជលសា​...​ជាដើម ។ ណែនាំ​ឲ្យ​ប្រើប្រាស់​ជី​ដែល​កសិករ​មាន​ស្រាប់​ដូចជា ជី​កំ​ប៉ុស្តិ៍ ជីលា​មក សត្វ ជី​កាកសំណល់​ឡ​ជីវឧស្ម័ន ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំ​បំពុល​កសិកម្ម ឲ្យ​ងាក​មក​ប្រើ​វិធានការ​ទៅតាម​បែបបទ​បច្ចេកទេស​វិញ ។​
​    ​គួរ​បញ្ជាក់ថា ក្នុងនោះ​ស្រុក​ដែល​ទទួលបាន​ទិន្នផល​ស្រូវវស្សា​ខ្ពស់ មានស្រុក​ព្រៃឈរ ស្រុក​ត្បូងឃ្មុំ ស្រុក​ស្ទឹងត្រង់ ស្រុក​ចំការលើ ស្រុក​ជើងព្រៃ និង​ស្រុក​បាធាយ ៕

ដោយ : កងមាស

No comments:

Post a Comment