Tuesday, January 18, 2011

រដ្ឋមន្ត្រី​កា​រងារ​: ច្បាប់​ស្តី​ពី​សហជីព​នឹង​បង្កើន​បរិយាកាស នៅ​កន្លែង​ធ្វើការ​ឲ្យ​កាន់តែ​ល្អប្រសើរ

ភ្នំពេញ: រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ថ្លែងថា នៅពេលដែល​ច្បាប់​ស្តី​ពី​សហជីព ត្រូវបាន​ប្រើប្រាស់​ជា​ផ្លូវការ​ពេលនោះ នឹង​បង្កើន​បរិយាកាស​នៅ​កន្លែង​ធ្វើការ​ឲ្យ​កាន់តែ​ល្អប្រសើរ ពិសេស​ទំនាក់ទំនងរ​វាង​និយោជក និង​កម្មករ​ន​យោ​ជិក សំដៅ​ធានា​បាន​ភាពសុខដុមរម្យនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​និង​ផលិតភាព ។​

​លោក​វង សូ​ត រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​បែបនេះ ក្នុង​អង្គ​សិក្ខាសាលា​ត្រីភាគី​ជុំ​ទី​ពីរ ស្តីពី​កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តី​ពី​សហជីព ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ រយៈពេល ៣ ថ្ងៃ (១៨ ដល់ ២០ មករា ២០១១) ដោយ​មាន​ការចូលរួម​ពី​ភាគី​និយោជក ភាគី​សហជីព ភាគី​រាជរដ្ឋាភិបាល ព្រមទាំង​មាន​ការចូលរួម​ពី​តំណាង​អង្គការ ILO ។

​លោក​វង សូ​ត ថ្លែងបន្ត​ថា ក្នុង​ដំណើ​រការកសាង​សេចក្តីព្រាងច្បាប់ ស្តី​ពី​សហជីព ក្រុម​យន្តការ​ផ្ទៃក្នុង​របស់​ក្រសួង​ការងារ បាន​សហការ​ជាមួយ​តំណាង​អង្គការ ILO អង្គភាព​ពាក់ព័ន្ធ​រៀបចំ​បាន​សេចក្តី​ព្រាង​ច្បាប់​នេះ ដែលមាន ១៧ ជំពូក និង ៩២ មាត្រា ។ ក្រៅពី​កិច្ចប្រជុំ​ជុំទីមួយ ក្រសួង​បាន​រៀបចំ​ប្រជុំ ៣ លើក គឺ​នៅ​ថ្ងៃទី ២៩ ដល់ ៣០ កញ្ញា ២០១០ ពី​ថ្ងៃ​ទី ១៣ ដល់ ១៤ តុលា ឆ្នាំ ២០១០ និង​ពី​ថ្ងៃ​ទី ២១ ដល់ ២២ តុលា ឆ្នាំ ២០១០ ។ សិក្ខាសាលា​ត្រីភាគី​ជុំ​ទី ២ នាពេលនេះ គឺជា​វេទិកា​មួយ​ប្រព្រឹត្តឡើង ដើម្បី​ពិគ្រោះ​យោបល់​និង​ពិភាក្សា​ស្វែងយល់​ខ្លឹមសារ​សេចក្តីព្រាងច្បាប់ ស្តី​ពី​សហជីព ពី​សំណាក់​ភាគី​ពាក់ព័ន្ធ ដែល​មាន​ការ​កិច្ច​រួមចំណែក​កសាង​ច្បាប់​នេះ ។​

​លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ទៀតថា ទិសដៅ​សំខាន់​មួយទៀត គឺ​ទាក់ទាញ​អ្នកវិនិយោគ​ក្នុង​និង​ក្រៅប្រទេស ដើម្បី​ពង្រីក​សក្តានុពល​ផលិតកម្ម និង​បង្កើត​ការងារ​ស្របតាម​តម្រូវការ​របស់​កម្ពុជា​នាពេលនេះ ក៏ដូចជា​អនាគត ។ ម្យ៉ាងទៀត​យោងតាម​អនុសាសន៍​របស់​សម្តេច​តេជោ​ហ៊ុន សែន ក្នុង​វេទិការ​រវាង​រាជរដ្ឋាភិបាល និង​ផ្នែក​ក្រសួង​ការងារ​រៀបចំ​ច្បាប់​ស្តី​ពី​សហជីព និង​អាច​ដាក់ឲ្យ​ប្រើប្រាស់ បាន​នៅក្នុង​អំឡុង​ពាក់កណ្តាល​ឆ្នាំ ២០១១ ខាងមុខនេះ ។​

​លោក​ជួន មុំ​ថុល តំណាង​ឲ្យ​ភាគី​សហជីព​មានប្រសាសន៍ថា យោបល់​របស់​សហជីព​មួយចំនួន ត្រូវបាន​ដាក់បញ្ចូល​ក្នុង​សេចក្តីព្រាងច្បាប់ ប៉ុន្តែ​នៅ​សល់​មួយចំនួនទៀត ពុំ​ត្រូវបាន​គេ​ដាក់បញ្ចូល​នៅឡើយ ។ ចំណុច​សំខាន់ គឺ​នៅ​ត្រង់​មាត្រា ១២ ចំណុច ង ត្រូវ​សរសេរ​ឲ្យបាន​ច្បាស់ ព្រោះ​សហជីព​ដែល​បង្កើត​ដំបូង​លុះត្រា តែ​មាន​សមាជិក ២០ ភាគរយ នៃ​កម្មករ​រោងចក្រ​ទាំងអស់ គឺ​មិន​អាច​ទទួលយក​បាន​ទេ ។ ចំណុច​នេះ​លេខា​កត់ត្រា ពុំ​បាន​សរសេរ​បញ្ចូល ឬ​យ៉ាងណា​ទេ ។​

​លោក​ជួន មុំ​ថុល បញ្ចេញ​មតិ​ថា ចង់​ឲ្យ​ច្បាប់​នេះ​ចេញ​ប្រើ​មានការ​អនុវត្តបានរ​លូន ដោយ​ពុំ​មាន​អ្នក​តវ៉ា ។ លោក​ក៏​បន្ទោស​ដល់​លោក​អាត់ ធន់ ដែល​អវត្តមាន ក្នុង​កិច្ចពិភាក្សា​ដ៏​សំខាន់​នេះ ហើយ​លោក​សង្ឃឹមថា ការពិភាក្សា​រយៈពេល ៣ ថ្ងៃនេះ នឹង​ទទួលបាន​លទ្ធផល​ល្អ ៕

ដោយ : សុពិសិដ្ឋ 

No comments:

Post a Comment