Monday, January 24, 2011

តុលាការ​ខ្មែរក្រហម នឹង​បើក​សវនាការ​ពាក្យស្នើសុំ​ដោះលែង នួន ជា និង ខៀវ សំផន នៅ​ថ្ងៃ​ទី​៣១​មករា

ភ្នំពេញ: អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម នឹង​បើក​សវនាការ​ជា​សាធារណៈ​ដោយ​ផ្ទាល់មាត់ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១១ លើ​ពាក្យ​ស្នើសុំ​បន្ទាន់​ឲ្យ​ដោះលែង​លោក នួន ជា និង លោក ខៀវ សំផន ឲ្យនៅ​ក្រៅ​ឃុំ​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។​

​    ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​២៤​មករា ឆ្នាំ​២០១១ បានបង្ហាញ​ថា សវនាការ​ពាក់ព័ន្ធ​នឹង​ពាក្យស្នើសុំ​បន្ទាន់​ឲ្យ​ដោះលែង​លោក នួន ជា នៅ​ក្រៅ​ឃុំ នឹង​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​មករា ឆ្នាំ​២០១១ វេលា​ម៉ោង ៩ និង ៣០ នាទី​។ ចំណែក​នៅ​ម៉ោង ១ និង ៣០ នាទី រសៀល ថ្ងៃ​ដដែល ជា​សវនាការ​ពាក់ព័ន្ធ​នឹង​ពាក្យ​ស្នើ​សុំ​របស់​លោក ខៀវ សំផន ដើម្បី​នៅក្រៅ​ឃុំ​។​
​    ​ពាក្យ​ស្នើសុំ​ឲ្យ​ដោះលែង​អតីត​មេ​ខ្មែរក្រហម លោក នួន​ជា អតីត​ប្រធាន​រដ្ឋសភា និង​លោក ខៀវ សំផន អតីត​ប្រមុខរដ្ឋ​សម័យ​ខ្មែរក្រហម ដោយសារ​តែ​ក្រុម​មេធាវី​ការពារ​ជនជាប់ចោទ យល់ថា ការបន្ត​ឃុំខ្លួន​អតីត​មេ​ខ្មែរក្រហម​ខ្ពស់បំផុត​ទាំង​ពីរ​រូប ហួស​រយៈពេល​កំណត់​។​
​    ​ការកំណត់ ក្នុង​ការឃុំ​ខ្លួន​អតីត​មេ​ខ្មែរក្រហម ដើម្ប​រង់ចាំ​ការកាត់ទោ​ស គឺ​តុលាការ មាន​សិទ្ធិ​ដាក់​ឃុំ តែ​ពេល ៣ ឆ្នាំ​ប៉ុណ្ណោះ ក្រោយ​ការចាប់​ឃុំខ្លួន​។ លោក ខៀវ​សំផន ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​ថ្ងៃ​ទី​១៩​វិច្ឆិកា ឆ្នាំ​២០០៧​។ រីឯ​លោក នួន ជា ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៩​កញ្ញា ឆ្នាំ​២០០៧​។​
​    ​លោក ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​លើកឡើង​ថា សវនាការ​សាធារណ ដោយផ្ទាល់​មាត់​លើ​អតីត​មេ​ខ្មែរក្រហម​ទាំង​ពីរ នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​ក្រោយ ធ្វើឡើង​ក្រោយ​ពី​អង្គ​បុរេ​ជំនុំជម្រះ ក្នុង​តុលាការ​ខ្មែរក្រហម បាន​ចេញ​ដីកា បញ្ជូន​សំណុំរឿង ០០២ ទៅ​ជំនុំជម្រះ​។ កាលពី​ថ្ងៃ​ទី​១៣​មករា ឆ្នាំ​២០១១ អង្គ​បុរេ​ជំនុំជម្រះ ក៏​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​បន្ត​ដាក់​ជនជាប់ចោទ​ទាំង ៤ រូប រួមមាន​៖ នួន​ជា អៀង​សារី អៀង​ធីរិទ្ធ និង​ខៀវ​សំផន ក្នុង​សំណុំរឿង​០០២ ក្នុង​មន្ទីរឃុំឃាំង​បណ្តោះអាសន្ន រហូតដល់​ពេល​មានការ​នាំ​ខ្លួន​ពួក​គាត់ ទៅ​ជំនុំជម្រះ​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​សាលាដំបូង​។ 
​    ​អតីត​មេ​ខ្មែរក្រហម​ជាន់ខ្ពស់ ២ រូប​ទៀត ក្នុង​សំណុំរឿង ០០២ រួមមាន​៖ លោក អៀង សារី និង​លោកស្រី អៀង ធីរិទ្ធ ក៏​បាន​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​ដោះលែង​ផងដែរ​។ តែ​សវនាការ អាច​ធ្វើ​នៅ​ពេល​ក្រោយ​។​
​    ​លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​បន្ថែមថា ជនជាប់ចោទ​ទាំង ៤ រូប ដែល​ត្រូវបាន​ឃុំខ្លួន​បន្ត ក្នុង​សំណុំរឿង​០០២ អាច​នឹង​ត្រូវ​នាំខ្លួន ទៅ​ជំនុំជម្រះ​លើ​អង្គសេចក្តី ក្នុង​អំពើ​សម្លាប់​មនុស្ស នា​សម័យ​ខ្មែរក្រហម ក្នុង​ចន្លោះ​រយៈពេល ៦ ខែ នៅ​ដើមឆ្នាំ​២០១១​នេះ​៕​

ដោយ : លីហូវ

No comments:

Post a Comment