រវាង លោក បណ្ឌិត ឈឹម ផលវរុណ ប្រធានវិទ្យាស្ថានពលរដ្ឋវិជ្ជា
ជាមួយ លោក ជុំ កុសល
ស្តីពីសង្គ្រាមឈ្លានពានរបស់សៀមមកលើកម្ពុជា
លោក ជុំ កុសល
សំណួរ៖ សព្វថ្ងៃនេះប្រទេសសៀមកំពុងតែគំរាមកំហែងសារជាថ្មីមកលើកម្ពុជាដោយបានបញ្ជូនកងទ័ព និងសព្វាវុធទំនើបៗថែមទៀតមកកាន់ព្រំដែន តើលោកបណ្ឌិតយល់ឃើញយ៉ាងម៉េចដែរអំពីការបញ្ឆេះសង្គ្រាមដែលបង្កឡើងដោយភាគីសៀមនាពេលនេះ?
លោក បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖
-សង្គ្រាមនេះបង្កឡើងដោយរដ្ឋាភិបាលក្រុងបាងកក ក្រុមជ្រុលនិយមអាវលឿង និងក្រុមរាជវាំងសក្តិភូមិដែលនៅពីក្រោយខ្នង។
-ការផ្ទុះអាវុធពីថ្ងៃទី៤ដល់ថ្ងៃទី៧ កន្លងមកនេះ មិនមែនជាទំនាស់តាមព្រំដែនរវាងកម្ពុជា-ថៃទេ ប៉ុន្តែគឺជាសង្គ្រាមឈ្លានពានរបស់យោធាសៀម ក្រោមការបញ្ជារបស់ អាប់ភីស៊ីត ដែលជានាយករដ្ឋមន្ត្រីគ្មានអំណាច ដែលមានអំនាចពិតប្រាកដចេញពីក្រុមអាវលឿង និងក្រុមសក្តិភូមិ។
-សម្រាប់កម្ពុជា សង្គ្រាមឈ្លានពានដែលបង្កឡើងដោយសៀមនាពេលនេះ យើងបានប្រើសិទ្ធិស្វ័យការពារ ដើម្បីឆ្លើយតប និងបានតតាំង ព្រមទាំងបានបង្ក្រាបនូវមហិច្ឆិតាឈ្លានពាននេះប្រកបដោយប្រសិទ្ធភាព។
-យើងគ្មានទំនាស់ព្រំដែនដូចការនិយាយបំភ្លើសរបស់ថៃទេ ដោយសារប្រទេសយើងទាំងពីរកម្ពុជា-ថៃមានគំនូសខ្សែរព្រំដែនច្បាស់លាស់ណាស់ ទាំងនៅលើផែនទីផង ទាំងនៅលើទិដ្ឋភាពជាក់ស្តែងផង។ប៉ុន្តែគឺភាគីថៃទេដែលចង់ប្រើពាក្យការប៉ះទង្គិចនូវទំនាស់ព្រំដែនដើម្បីបំភ្លៃសារធារណៈមតិអន្តរជាតិក្នុងការឈ្លានពានទឹកដីកម្ពុជា។
-សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើរលិខិតទៅជូនក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (អ ស ប ) ដើម្បីឲ្យអង្គការអន្តរជាតិកំពូលនេះកោះប្រជុំភ្លាមៗ និងមានវិធានការណ៍ទប់ស្កាត់ជាបន្ទាន់ ដើម្បីបញ្ចៀសនូវសង្គ្រាមដែលគំរាមកំហែងដោយប្រទេសសៀម ធ្វើឲ្យមានអសន្តិសុខនៅក្នុងតំបន់ និងក្នុងពិភពលោក។ដូច្នេះសមាជិកអចិន្ត្រៃយ៍ទាំ៥ ដែលមានដូចជា អាមេរិក ចិន បារាំង អង់គ្លេស រុស្ស៊ី និងសមាជិកមិនអចិន្ត្រៃយ៍១០ប្រទេសទៀតត្រូវតែមានវិធានការណ៍ដើម្បីបញ្ឈប់នូវការឈ្លានពាននេះឲ្យបាន។
-ការអះអាងនូវបូរណភាពទឹកដីរបស់កម្ពុជាចំពោះ អ ស ប គឺផ្អែកលើច្បាប់គតិយុត្តិ នៃសាលដីកាតុលាការយុត្តិធម៌អន្តរជាតិទីក្រុង ឡាអេ ឆ្នាំ១៩៦២ គឺមិនមែនអះអាងដោយគ្មានភស្តុតាងនោះទេ។ម្យ៉ាងទៀត យើងមានលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀតដែលជាច្បាប់ពិភពលោក ក្នុងនោះមានអនុសញ្ញា និងសន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤និង១៩០៧ដែលជាការទទួលស្គាល់ផ្លូវការទាំងខាងសៀម ទាំងខាងកម្ពុជា និងអន្តរជាតិទៀតផង។ ដូច្នេះវាគ្មានអ្វីដែលបញ្ចាក់ថាជាតំបន់ត្រួតស៊ីគ្នានោះទេ តែសកម្មភាពរបស់កងទ័ពសៀមនាពេលនេះគឺជាសកម្មភាពឈ្លានពានសុទ្ធសាធ។
-សំណើររបស់រាជរដ្ឋាភិបាលនៅពេលនេះគឺមិនមែនឲ្យ អ ស ប មកទប់ស្កាត់ជំលោះព្រំដែនទេ តែជាការស្នើសុំអង្គការសហប្រជាជាតិ ឲ្យមកជួយរក្សាសន្តិសុខក្នុងសង្គ្រាមឈ្លានពានរបស់សៀមមកលើទឹកដីកម្ពុជា។
-ប្រទេសថៃមិនបានបង្ហាញឲ្យឃើញថាជាប្រទេសមានអរិយធម៌ខ្ពង់ខ្ពស់នោះទេនៅពេលដែលប្រទេសនេះមិនគោរពនូវសន្ធិសញ្ញាឆ្នាំ១៩៥៤ និងសន្ធិសញ្ញាឆ្នាំ១៩៧២ ដែលចែងថារាល់មនុស្សគ្រប់រូបត្រូវមានកាតព្វកិច្ច ក្នុងការថែរក្សានូវសម្បត្តិវប្បធម៌ជាតិ និងសម្បត្តិវប្បធម៌ពិភពលោក ផ្ទុយទៅវិញថៃបានបាញ់បំផ្លាញទៅលើប្រាង្គប្រាសាទព្រះវិហារដែលត្រូវបានអង្គការ យូណេស្កូ ដែលជាអង្គការវប្បធម៌កំពូលសម្រេចចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករួចមកហើយ។
លោក ជុំ កុសល
សំណួរ៖ កម្ពុជាចង់ឲ្យមានការចរចារដោយសន្តិវិធី ប៉ុន្តែមិនមែនទ្វេរភាគីទេ គឺត្រូវមានភាគីទី៣ចូលរួម ក្នុងក្របខ័ណ្ឌតំបន់ ឬក្នុងក្របខ័ណ្ឌ អ ស ប ។ប៉ុន្តែរដ្ឋាភិបាលក្រុងបាងកក ហាក់ដូចជាមិនចង់ឲ្យមានភាគីទី៣ចូលរួមដោះស្រាយក្នុងបញ្ហានេះទេ តើលោកបណ្ឌិតយល់ឃើញយ៉ាងម៉េច នូវជំហរចុងក្រោយរបស់រាជរដ្ឋាភិបាលកម្ពុជា?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ប្រជាពលរដ្ឋត្រូវយល់ឲ្យច្បាស់ និងកុំភ័ណ្ឌច្រឡំនូវនយោបាយការពារជាតិ ជាមួយនឹងកិច្ចការសម្របសម្រួលដើម្បីធានាបាននូវសន្តិភាពរវាងប្រទេសកម្ពុជា និងប្រទេសថៃ។
ទី១ដើម្បីទប់ស្កាត់នឹងអំពើឈ្លានពាននោះគឺជាសិទ្ធផ្តាច់មុខរបស់ អ ស ប ។
ទី២ ការជ្រើសរើសនូវវិធានផ្សេងៗក្នុងការចរចារដើម្បី សន្តិភាពគឺជាសីលធម៌មួយរបស់កម្ពុជា។កម្ពុជាក៏បានស្គាល់នូវមាយាទរបស់ក្រុងបាងកកច្បាស់ណាស់ អំពីចរឹតទុច្ចរិតរបស់រដ្ឋាភិបាលថៃ។ការចរចារទ្វេរភាគីកន្លងមកមិនមែនបរាជ័យទេ គឺយើងធ្វើបានសម្រេចដោយគ្មានការបង្ហូរឈាម ដោយឲ្យពួកសៀមដែលនៅក្នុងវត្ត កែវសិក្ខាគីរីស្វារៈ ដកទៅវិញ និងបានធ្វើឲ្យមតិអន្តរជាតិស្គាល់ពីចរឹតឈ្លានពានរបស់ថៃថែមទៀត។នេះហើយជាជោគជ័យដែលរដ្ឋាភិបាលបានធ្វើកន្លងមក។
-ចំណុចមួយទៀតនៅពេលដែលកម្ពុជាជ្រើសយកជំហ៊ានឲ្យមានអន្តរាគមន៍ពី អ.ស.ប គឺដោយផ្អែកលើការឈ្លានពានជាក់ស្តែងរបស់សៀម។ ការកោះប្រជុំរបស់អ.ស.ប នៅពេលខាងមុខនេះគឺជាការបើកតម្លាភាពដល់ពិភពលោកឲ្យគេស្គាល់កម្ពុជាយើងថាជាប្រទេសដែលមានអារ្យធម៌ខ្ពស់ត្រូវការដោះស្រាយដោយសន្តិវិធី។
-កម្ពុជាបន្តចរចារលើសមរភូមិបីៈ ទី១ បើចង់ចរចាទ្វេភាគីគឺត្រូវធ្វើក្នុងតម្លាភាព ដោយត្រូវមានអ្នកទី៣ នៅធ្វើជាសាក្សី។ ទី២ កម្ពុជាមានកាតព្វកិច្ចរបស់ខ្លូនក្នុងការការពារទឹកដី ដូច្នេះគឺស្នើសុំឲ្យ អ.ស.ប មកជួយទប់ស្កាត់នូវការគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់ និងក្នុងពិភពលោក។ នេះគឺជាសមរភូមិការពារទឹកដី។ ដូច្នេះការកោះប្រជុំរបស់ អ.ស.ប នាពេលខាងមុខនេះគឹដើម្បីឲ្យកម្ពុជាបានលាតត្រដាងនូវសមានចិត្តរបស់ខ្លួនទាំងសិទ្ធិជាម្ចាស់ទឹកដី ទាំងកាតព្វកិច្ចចំពោះប្រជាជាតិខ្មែរ ក៏ដូចជាចំពោះប្រជាជាតិអាស៊ីអាគ្នេយ៍ និងពិភពលោក។ សមរភូមិទី៣ គឺជាសមរភូមិដ៏ថោកទាបរបស់យោធាថៃ ដែលធ្វើសង្គ្រាមមិនគ្រាន់តែចង់បានដី ៤.៦ គម២ របស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺចង់បំផ្លាញនូវសម្បត្តិបេតិកភណ្ឌពិភពលោកទៀត។ ចំណុចនេះគឺឆ្លុះបញ្ចាំងនូវចរិតអាក្រក់យង់ឃ្នងបំផុតដែលប្រទេសសៀមបង្ហាញពិភពលោក ពីព្រោះមិនដែលមានប្រទេសណា ធ្វើសង្គា្រមបំផ្លាញវប្បធម៌របស់មនុស្សជាតិទេ។ ដូច្នេះប្រសិនបើថៃនៅតែគគ្លើន បង្កសង្គ្រាមមកលើកម្ពុជាបន្តទៀតគឺមានតែ អ.ស.ប ដែលមានភារកិច្ចក្នុងការទប់ស្កាត់នូវសង្គ្រាមនេះ និងទប់ស្កាត់នូវការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌របស់ពិភពលោកនាពេលនេះ។
មតិលោក ជុំ កុសល
-សូមជនរួមជាតិស្តាប់ឲ្យច្បាស់ថា នៅពេលដែលរដ្ឋាភិបាលបានដាក់ពាក្យប្តឹងទៅ អ.ស.ប ពេលនេះ គឺមិនមែនឲ្យជួយដោះស្រាយលើបញ្ហាព្រំដែនទេ ប៉ុន្តែគឺដើម្បីឲ្យ អ.ស.ប ជួយទប់ស្កាត់នូវសង្គា្រមឈ្លានពាន ដែលគំរាមកំហែងនៅក្នុងតំបន់ និងចំពោះពិភពលោកដែលផ្ទុយទៅនឹងធម្មនុញ្ញរបស់ អ.ស.ប។
-ម្យ៉ាងទៀតថ្មីៗនេះប្រទេសបារាំងក៏បានត្រៀមខ្លួនរួចស្រេចហើយ ក្នុងការផ្តល់នូវឯកសារដែលទាក់ទងទៅនឹងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤-១៩០៧។ ផែនទីនេះក៏ជាភស្តុតាងមួយដើម្បីបង្ហាញដល់ អ.ស.ប ក៏ដូចជាតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ធ្វើជាគោលក្នុងការសម្រេច ហើយក៏ជាតឹកតាងមួយអាចឲ្យភាគីសៀមភ្លឺភ្នែកផងដែរ ពីព្រោះបារាំងបានរក្សានូវផែនទីនេះអស់រយៈពេល១០០ ឆ្នាំកន្លងមកហើយ។
លោក ជុំ កុសល
សំណូរ ៖ ពាក់ព័ន្ធទៅនឹងច្បាប់អន្តរជាតិ តើលោកបណ្ឌិតយល់ឃើញយ៉ាងណាដែរ ដែលនាយករដ្ឋមន្រ្តី អាប់ភីស៊ីត បានបញ្ជាកំលាំងទាហ៊ានរបស់ខ្លួនមកបំផ្លាញទីវត្តអារាម ដែលជាទីគោរពសក្ការៈ មួយរបស់កម្ពុជា និងបានបញ្ជាឲ្យទាហ៊ានផ្លោងគ្រាប់ចូល ដើម្បីបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកនិងបានប្រើប្រាស់គ្រាប់បែកចង្កោម ដែលផ្ទុយទៅនឹងការហាមឃាត់របស់ពិភពលោកបែបនេះ?
លោក ឈឹម ផលវរុណ
ចម្លើយ៖ រឿងសង្គ្រាមឈ្លានពាន បើផ្អែកតាមច្បាប់អន្តរជាតិគឺយើងត្រូវតែមានភស្តុតាងបញ្ជាក់តាមផ្លូវច្បាប់ថា ទីនោះជាទឹកដីរបស់យើង។ ដូច្នេះផ្អែកតាមឯកសារ ដែលក្រសួងការបរទេសបារាំងថានឹងផ្តល់ឲ្យ ផ្អែកតាមឯកសាររបស់យើងដែលមានស្រាប់ និងផ្អែកតាមឯកសារដែលយើងបានតំកល់ទុកនៅ អ.ស.ប ដែលរួមមានទាំងផែនទី និងសន្ធិសញ្ញាផ្សេងៗ បញ្ជាក់ថាការឈ្លានពានរបស់កងទ័ពថៃ នឹងការបាញ់គ្រាប់ផ្លោងចូលទឹកដីកម្ពុជា និងលើប្រាសាទព្រះវិហារ គឺពិតជាការធ្វើសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាយ៉ាងពិតប្រាកដ។
មតិលោក ជុំ កុសល
-ការរុញច្រាននូវនយោបាយរបស់ក្រុមអាវលឿងចំពោះលោកអាប់ភីស៊ីត បានធ្វើឲ្យនាយករដ្ឋមន្រ្តីថៃនេះកាន់តែលង់ខ្លួននៅលើឆាកអន្តរជាតិ។ ទី១ អាប់ភីស៊ីត កំពុងតែអនុវត្តផ្ទុយពីធម្មនុញ្ញរបស់ អ.ស.ប ដោយត្រូវប្រឈមមុខទៅនឹងឧក្រិដ្ឋកម្មនៃសង្គ្រាម។ នៅពេលនេះពួកអាវលឿងបានរុញឲ្យអាប់ភីស៊ីត មិនត្រឹមតែវាយយកបា្រសាទព្រះវិហារ និងវត្តកែវសិក្ខាគីរីស្វារៈទេ គឺពួកនេះបានរុញឲ្យអាប់ភីស៊ីត វាយយកខេត្តបាត់ដំបង និងសៀមរាបដើម្បីកាន់កាប់ ហើយចរចា ដោះដូរជាមួយប្រាសាទព្រះវិហារ នេះគឺជាគំនិតឈ្លានពានដែលបន្សល់ទុកតាំងពីសតវត្សទី ១៨-១៩ កន្លងមក។
-បើនិយាយពីច្បាប់សង្រ្គាម ដែលមានចែងនៅក្នុងអនុសញ្ញាទីក្រុងឡាអេ គឺមានពីរ។ ទី១ នៅឆ្នាំ ១៨៩៩ និង ទី២ ១៩០៧ និងអនុសញ្ញាទីក្រុង ហ្សឺណែវ ឆ្នាំ ១៩៤៩ ។ ច្បាប់នេះគឺគេយកមកអនុវត្តនៅពេលដែលជម្លោះប្រដាប់អាវុធ និងនៅពេលមានសង្គ្រាម។
-ការប្រើអាវុធហាមឃាត់ដូចជាគ្រាប់បែកចង្កោម អាវុធគីមីនេះ គឺវាផ្ទុយទៅនឹងច្បាប់សង្គ្រាម។ ដូច្នេះការរំលោភលើបទធ្វើសង្គ្រាមបែបនេះនឹងត្រូវចាត់បញ្ចូលជាបទឧក្រិដ្ឋសង្គ្រាមនៅក្នុងមាត្រាទី៨ នៃលក្ខខ័ណ្ឌតិក្កៈនៅទីក្រុង រ៉ូម ស្តីពីការរំលោភច្បាប់អន្តរជាតិ។
-យោងតាមមាត្រា៨ ក្នុងចំណុច ៩ គឺបានចែងថា នៅក្នុងពេលមានជម្លោះប្រដាប់អាវុធជាអន្តរជាតិការវាយប្រហារណាមួយដោយចេតនាទៅលើអគារជាទីកន្លែងគោរពបូរជាសាសនា ឬ ទៅលើអគារប្រវត្តិសាស្រ្តណាមួយ និងត្រូវចាត់ទុកថា ជាបទឧក្រិដ្ឋកម្មសង្គ្រាម។ រីឯវត្តរបស់កម្ពុជា គឺវត្តកែវសិក្ខាគីរីស្វារៈ ដែលត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៩៩៨ មកនោះ នឹងមានព្រះសង្ឃគង់នៅ ព្រមទាំងមានពុទ្ធបរិស័ទ្ធគោរពបូរជា បែរជា អាប់ភីស៊ី បានបញ្ជាឲ្យបាញ់កំទេច។ម្យ៉ាងទៀតក៏បានបញ្ជាឲ្យទាហានបាញ់គ្រាប់កាំភ្លើងធំចូលព្រះវិហារដែលជាទីស្ថានប្រវត្តិសាស្ត្រ ជាទីតាំងសម្បត្តិបេតិកភណ្ឌពិភពលោកដែលត្រូវបានហាមប្រាម មិនឲ្យនរណាប៉ះទង្គិចថែមទៀត។នេះជាបទឧក្រឹដ្ឋកម្មសង្គ្រាមមួយទៀត។ យោងតាមបទល្មើសដ៏ធ្ងន់ធ្ងររបស់ អាប់ភីស៊ីត ក៏ដូចជារដ្ឋភិបាលក្រុងបាងកក ច្បាប់អន្តរជាតិបានចែងថា ជនណាបានប្រព្រឹត្តិបទឧក្រឹដ្ឋសង្គ្រាម បើទោះជាប្រមុខរដ្ឋនៃប្រទេសមួយក៏ដោយ ក៏អាចនាំខ្លួនយកទៅកាត់ទោសនៅតុលាការព្រហ្មទណ្ឌអន្តរជាតិបានដែរ ។ ម៉្យាងទៀតតុលាការព្រហ្មទណ្ឌអន្តរជាតិអាចបើកការស៊ើបអង្កេត និងធ្វើការចោទប្រកាន់ពីបទឧក្រឹដ្ឋកម្មសង្គ្រាមដោយមិនចាំបាច់មានការព្រមព្រៀងពីសំណាក់គូរភាគី ក្នុងករណីតុលាការយុត្តិធម៌អន្តរជាតិរកឃើញថាពិតជាបានប្រព្រឹត្តិ ។ ដូច្នេះសូមអំពាវនាវឲ្យតុលាការអន្តរជាតិកោះហៅ ឬក៏នាំខ្លួនលោកអាប់ភីស៊ីត ទោះបីជាស្ថិតនៅក្នុងតំណែងជានាយករដ្ឋមន្រ្តីក៏ដោយ ក៏ត្រូវកោះហៅឡើងទៅតុលាការដែរ ពីព្រោះទង្វើរបស់នាយករដ្ឋមន្រ្តីថៃ វាផ្ទុយទៅនឹងច្បាប់អន្តរជាតិ ហើយតាមធាតុផ្សំបទល្មើសដែលមើលឃើញ គឺសមស្របទៅនឹងមាត្រាដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី