Monday, February 14, 2011

សម្តេចតេជោ​ប្រកាស​​បើកការដ្ឋានសាងសង់ស្ពានអ្នកលឿង ដែលជាជំនួយឥតសំណង របស់ជប៉ុន



ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គត្រង់ទី​ប្រជុំជន​អ្នកលឿង ដែលភ្ជាប់ខេត្តកណ្តាល ទៅ​នឹង​ខេត្ត​ព្រៃ​វែងត្រូវ​បានបើក​សម្ពោធ​​នៅក្នុងថ្ងៃទី១២ ខែ​កុម្ភៈ ឆ្នាំ​២០១១ ក្រោមអធិបតីភាពរបស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង លោក BANO YUTAKA ​អនុរដ្ឋមន្រ្តី​ក្រសួងការ​បរទេស​ជប៉ុន​។
គម្រោង​សាងសង់ស្ពានអ្នកលឿងមានទឹកប្រាក់ចំនួនជាង ៩២ លានដុល្លារអាមេរិកព្រមទាំងថវិកា បដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជាមានចំនួន ២ លាន ៩ សែនដុល្លារអាមេរិក សម្រាប់ដោះ ស្រាយការ​ប៉ះពាល់ដល់ការងារគម្រោងដោយមិនទាន់គិតដល់បន្ទុកថវិការដ្ឋលើសំភារៈនាំចូលនោះឡើយ។
សម្តេចតេជោមានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋាននោះថា ជាមួយនឹងគុណប្រយោជន៍ និង
តួនាទីដ៏សំខាន់ របស់ស្ពាននេះ ខ្ញុំយល់ថា ស្ពាននេះគឺជាស្ពាននាំសំណាងស្ពាននាំកាលា នុវត្តភាព ក្នុងការបង្កើតសន្ទុះ ជីវភាព សេដ្ឋកិច្ច ឱ្យស្ទុះឡើង ហើយជាកាតាលីករសម្រាប់កិច្ចសហប្រតិបត្តិការ និង​សមា​ហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ និង ពិភពលោក ។
សម្តេចតេជោ​នាយករដ្ឋមន្ត្រីថ្លែងថា ការអភិវឌ្ឍផ្លូវជាតិលេខ ១ ដោយភ្ជាប់ជាមួយនឹងការសាង សង់ស្ពាន អ្នកលឿងនេះ ពិតជានឹងលើក​កម្ពស់សមត្ថភាព​ផ្លូវដែលអាច​ទ្រទ្រង់នូវចរាច​រដឹកជញ្ជូន​ក្នុងតំបន់ ដោយ​​ផ្តោត​លើគោលការណ៍តភ្ជាប់ លើផ្លូវអាស៊ានហាយវ៉េធំៗចំនួន ២ ឬផ្លូវហាយវ៉េរបស់ មហាអនុ តំបន់​មេគង្គ​​ដ៏មាន​សក្តានុពលគឺផ្លូវអាស៊ានហាយវ៉េភ្ជាប់រាជ ធានីភ្នំពេញទៅនឹងទីក្រុងបាងកក និង​ទីក្រុង​ហូជីមិញ និង ផ្លូវ​ពី​ទីក្រុងគុនមិញសាធារណរដ្ឋប្រជាមានិតចិន តភ្ជាប់មកទី ក្រុងវៀងច័ន្ទប្រ ទេស ឡាវ កាត់​​តាម​ផ្លវ​ជាតិ​លេខ ៧ និង លេខ ៤ របស់កម្ពុជាឆ្ពោះទៅកំពង់ផែក្រុងព្រះសីហនុ និងឆ្លង កាត់​ទន្លេ​មេគង្គ ដែលជាទន្លេដ៏ធំ និង ល្បីល្បាញរបស់តំបន់នេះ ពីព្រោះថា ក្រៅពីបាន ផ្តល់នូវទឹកនិង ដីដ៏មាន​ជីវ​ជាតិ សម្រាប់ការរស់នៅរបស់ប្រជាជន និង កសិកម្មទន្លេមេគង្គ ក៏នៅដើរតួនាទីជាផ្លូវដឹកជញ្ជូន ពាណិជ្ជ​កម្ម និង ទំនាក់ទំនង យ៉ាងសំខាន់រវាង​ប្រជាពល​រដ្ឋក្នុងតំបន់​ទាំងមូល​ព្រមទាំង​បានផ្តល់​នូវ​មូលដ្ឋាន​​វប្បធម៌ អរិយធម៌​ដ៏រុងរឿង និង សម្បូរបែបដល់ប្រជាជន កម្ពុជា និង ប្រជាជនក្នុងតំបន់ទាំងមូលផងដែរ ។
សម្តេចតេជោថ្លែងថា ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និង ប្រជាជនជប៉ុនដែលបានជួយ ឧបត្ថម្ភគាំទ្រដល់កម្ពុជាទៅលើកគម្រោងការមួយនេះបន្ថែមដោយគម្រោងការដទៃទៀត ដែលមាន​រួចមក​ហើយៗ​ជប៉ុនជាប្រទេសដែល មានកុងសង់ស៊ីសក្នុងនយោបាយចំពោះកម្ពុជា ។
សម្តេចមានប្រសាសន៍ថា បើទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំក្តី ក៏ជប៉ុនគ្មានការផ្លាស់ប្តូរណា មួយក្នុងឥរិយាបទចំពោះការជួយព្រះរាជាណាចក្រម្ពុជាលើការកសាងប្រទេសនោះទេ។ ខ្ញុំសូម​ផ្ញើរ​សារ​ជូន​ទៅ​ប្រជាជន​ជប៉ុនថារដ្ឋាភិបាលជប៉ុនបានប្រើប្រាស់នូវថវិកាទាំងអស់ចំគោល ដៅ​ក្នុង​ការ​ជួយដល់​កម្ពុជា​ហើយ។
ឯកឧត្តម យូតាកា បាណូ អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ជប៉ុន​មានប្រសាសន៍ថា ផ្លូវជាតិលេខ ១ ត្រូវ​បានរំពឹងថា នឹងរួមចំណែកដល់ការផ្លាស់ប្តូរសេដ្ឋកិច្ច និង វប្បធម៌​នៃតំបន់មេគង្គ​ទាំងមូល​ក៏ដូច​ជា​ព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងចំណុចយុទ្ធសាស្ត្រ​លើផ្លូវថ្នល់ ដែលជាសរសៃ​ឈាម​ដ៏មានសារៈសំខាន់នេះ ។
ឯកឧត្តម យូតាកា បាណូ មានប្រសាសន៍សង្កត់ធ្ងន់ថា សារសំខាន់នៃស្ពាន​នេះត្រូវបាន​បញ្ជាក់​អះអាង​ឡើងវិញមិន​ត្រឹម​​តែនៅក្នុង​កិច្ចប្រជុំទ្វេភាគីរវាងជប៉ុន-កម្ពុជានោះទេ តែក៏នៅក្នុងកិច្ច ប្រជុំកំពូល​ជប៉ុន-មេគង្គ​​ផង​ដែរ ។
នៅក្នុងពិធី​សម្ពោធ​បើក​ការដ្ឋាន​សង់​ស្ពាន​អ្នក​លឿង​នោះដែរ ឯកឧត្តមអនុរដ្ឋមន្ត្រី​ក្រសួងការ​បរទេស​​​ជប៉ុន បាននាំយកនូវសារលិខិតរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន និងសារលិខិត ឯកឧត្តម​ប្រធាន​​​ក្រុមមិត្តភាពជប៉ុន-កម្ពុជាផ្ញើរជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ​កម្ពុជា​ដើម្បី​ចូលរួម​អបអរសាទ​រ​ក្នុង​​​ពិធីបើកការដ្ឋានសាងសង់ស្ពានអ្នកលឿងដើម្បីជានិម្មិតរូបដល់ ការពង្រឹង​និងពង្រីកកិច្ចសហ​ប្រតិ​បត្តិការ​ សំរាប់ប្រជាជាតិ នៃ ប្រទេស ទាំងពីរកម្ពុជា-ជប៉ុន​ឱ្យកាន់​តែរឹងមាំ​ថែម​ទៀត។
សូម​បញ្ជាក់​ថាៈ ចាប់តាំងពីឆ្នាំ ១៩៩៤ មកប្រទេសជប៉ុនបានផ្តល់​ថវិកាក្នុង​ក្របខណ្ឌហិរញ្ញប្បទាន​ឥត​សំណង យ៉ាងច្រើនសន្ធឹ​កសន្ធាប់សម្រាប់ការស្តារ និង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង​ធនធាន​មនុស្ស របស់​កម្ពុជា ពិសេស គឺការស្តារផ្លូវស្ពាន រួមមានស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយសង្វារ កំណាត់ ផ្លូវជាតិ​​លេខ ៦ ពីរលួសដល់សៀមរាប ផ្លូវជាតិលេខ ៦ អា ពីគល់ស្ពានជ្រោយចង្វារដល់ថ្នល់កែង និង បន្ត​ទៅ​​ផ្លូវជាតិ​លេខ ៧ ពីថ្នល់កែងដល់ជប់មេមត់ ផ្លូវជាតិលេខ ២ ពីតាកែវដល់ភ្នំដិនព្រំដែន កម្ពុជា-វៀតណាម រួមទាំង​ស្ពាន​សំខាន់ៗជាច្រើនកន្លែង ជាពិសេស គឺស្ពានគីហ្សូណាឆ្លងកាត់ ទន្លេមេគង្គ នៅ​ទន្លេ​បិទ​​នៃទីរួម​ខេត្ត​កំពង់​ចាមមានប្រវែង ១២១៥ ម៉ែត្រ និង ពេលនេះស្ពានអ្នក លឿងឆ្លងកាត់ ទន្លេ​មេគង្គ​នៅ​អ្នកលឿង​ ដែល​មាន​ប្រវែងរហូតដល់ទៅ ២២១៥ ម៉ែត្រ ដែលជាស្ពានដែលវែងជាងគេនៅកម្ពុជា។ ជា​ទូទៅ​​​ហិរញ្ញប្បទាន សហប្រតិបត្តិការឥតសំណងរបស់ប្រទេសជប៉ុនក្នុងការកសាងផ្លូវ និង ស្ពាន មានទឹក​ប្រាក់​សរុបជាង ២៧៧ លានដុល្លារ អាមេរិកហើយ ។ ជារួមជំនួយឥតសំណងរបស់ប្រទេស ជប៉ុន ដែល​បានផ្តល់ដល់​កម្ពុជា​​រហូតមកដល់ឆ្នាំ ២០១០នចំនួន រហូតដល់ទៅ ១៩០០ លានដុល្លារ អាមេរិក ។
ស្ពានអ្នកលឿង​ជា​​គម្រោង​​ស្ថិតនៅក្នុងដំណាក់កាលទី៤ នៃគម្រោងអភិវឌ្ឍផ្លូវជាតិលេខ១ក្រោម​ហិរញ្ញ​ប្បទាន សហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានស្ពាន ២ កន្លែង បានសម្ពោធ រួច​ហើយ​ជា​ដំណាក់​កាលទី១។ ការស្ថាបនាកំណាត់ផ្លូវពីគគីរកៀនស្វាយដល់កំពង់ចម្លង អ្នកលឿង ត្រើយ​ខាង លិច​ប្រវែង ៤២,៨៨០ គីឡូម៉ែត្រស្ថិត​ក្នុងដំណាក់កាលទី ២ និង ការសាងសង់កំណាត់ ផ្លូវ​ពីឃុំ​វាលស្បូវ​​វត្ត​និរោធ​ដល់​គគីរ-កៀនស្វាយប្រវែង ៩,១០ គីឡូម៉ែត្រ ជាដំណាក់កាលទី ៣ ដែលមកដល់​ពេល​នេះ​​ការកសាង​សម្រេច​បាន ៧០%រួច ហើយ។ ឯដំណាក់កាលទី ៥ គឺ​ការសាងសង់​កំណាត់​ផ្លូវដែល​នៅ​សេស​សល់​ពីស្ពាន ព្រះមុនីវង្ស ទៅ​ដល់​ឃុំវាល​ស្បូវនោះក៏ត្រូវបានសម្តេចតេជោ​នាយករដ្ឋមន្ត្រីលើក​ឡើង​ដោយ​​សង្ឃឹមថា ប្រទេស​ជប៉ុន​ក៏នឹង​ផ្តល់​ជំនួយ​ឥត​​សំណង​សម្រាប់​ការស្ថាបនានៅពេល ខាងមុខ​នេះ​ផងដែរ



No comments: