Monday, February 14, 2011

បទអត្ថាធិប្បាយ: ហេតុអ្វីបានជាថៃចង់ប្រើយន្តការទ្វេភាគី?

បទអត្ថាធិប្បាយ
ហេតុអ្វីបានជាថៃចង់ប្រើយន្តការទ្វេភាគី?

នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វ៉េចាជីវ៉ាក់ បាននិយាយកាលពីថ្ងៃទី ៣១ មករា ឆ្នាំ ២០១១ ថា រដ្ឋាភិបាលថៃ នៅតែទទូចចង់បន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយកម្ពុជា រីឯសង្គ្រាម គឺជាជម្រើសចុងក្រោយ( អត្ថបទ Bangkok Post ចុះថ្ងៃទី ៣១ មករា ឆ្នាំ២០១១ ម៉ោង ៥:៤៣ ល្ងាច។
នាយករដ្ឋមន្ត្រីថៃ បានគំរាមឲ្យកម្ពុជាដកបង្គោលសិលាចារឹក ដកទង់ជាតិកម្ពុជាចេញពីវត្តកែវសិក្ខាគីរីស្វារៈ និងបណ្តាញប្រជាជនកម្ពុជា ចេញពីតំបន់ដី៤.៦ គីឡូម៉ែត្រក្រឡា ( Bangkok Post ចុះថ្ងៃទី២៤ ២៥ ខែ មករា ឆ្នាំ២០១១ )។
នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត បានបើកភ្លើងបៃតងឲ្យកងទ័ពថៃ ធ្វើសមយុទ្ធយោធានៅតាមបណ្តាយព្រំដែនក្នុងប្រទេសថៃខេត្ត នៅទល់មុខនឹងប្រាសាទព្រះវិហារ ដើម្បីគំរាមកម្ពុជា និងឲ្យកម្ពុជាបញ្ឈប់ការកសាងផ្លូវឡើងទៅកាន់ប្រាសាទព្រះវិហារ( Bangkok Post ចុះថ្ងៃទី២៦ ខែ មករា ឆ្នាំ២០១១)។
រដ្ឋមន្ត្រីការបទេសថៃ កាស៊ីត ភិរម្យា និងឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជួបបានជួបប្រជុំគ្នានៅថ្ងៃទិ ២ ៣ ខែកុម្ភៈ ឆ្នាំ២០១១ នៅខេត្តសៀមរាប ដោះស្រាយបញ្ហាព្រំដែន និងជនជាតិថៃពីរនាក់ ដែលត្រូវបានកាត់ទោសដោយតុលាការរាជធានីភ្នំពេញ ឲ្យជាប់ពន្ធនាគារ៨ឆ្នាំ និងម្នាក់ទៀត ៦ឆ្នាំ ពីបទចារកម្ម ចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ និងឆ្លងកាត់ចូលក្នុងតំបន់ហាមឃាត់របស់យោធា។ ឯកឧត្តម ហោ ណាំហុង បានប្រកាសថា កម្ពុជា មិនរុះរើវត្តកែវសិក្ខាគីរីស្វារៈ និងដកទង់ជាតិរបស់ខ្លួនចេញពីវត្តតាមសំណូមពររបស់ភាគីថៃទេ ពីព្រោះវត្តនេះ ស្ថិត នៅក្នុងបូរណភាព និងអធិបតេយ្យភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកសាងឡើងដោយប្រជា ជន កម្ពុជា កាលពីឆ្នាំ ១៩៩៨ មុនអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (យោងសាលដីកា តុលាការ យុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ចុះថ្ងៃទី១៥ មិថុនា ឆ្នាំ ១៩៦២) ។ នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត បានឲ្យរដ្ឋមន្ត្រីកាបរទេសថៃ តវ៉ាពីអ្វីដែលកម្ពុជាមិនព្រមដកចេញពីតំបន់ជម្លោះនោះ ( The Nation ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១១)។
នៅថ្ងៃទី ៤ ៥ ៦ និងទិ៧ ខែកុម្ភៈ ឆ្នាំ ២០១១ កងទ័ពថៃបានបើកការវាយលុកចូលក្នុងតំបន់ដី៤.៦ គីឡូម៉ែត្រក្រឡា ដែលស្ថិតនៅបូរណភាព និងអធិបតេយ្យដែនដីរបស់កម្ពុជា ដែលបញ្ហានេះកើតឡើងដោយថៃបានបញ្ជូនគ្រឿងចក្រធ្វើផ្លូវ អមដោយរថក្រោះ យន្តហោះចម្បាំងយកការណ៍ បាញ់កាំភ្លើងផ្លោងធុនធ្ងន់គ្រប់ប្រភេទ មានបេ៤០ ដេកា៧៥, ៨០ មីល្លីម៉ែត្រ ,៨១ . ១០៥. ១២០. ១៣០. និង១៥៥មីល្លីម៉ែត្រ បាញ់ផ្លោងគ្រាប់បែកចង្កោម អាវុធគីមីពុលរបស់ទាហានថៃជាច្រើនគ្រាប់។ នេះ សរបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ថៃប៉ុនប៉ងកាន់កាប់ រំលោភដីទំហំ ៤.៦ គីឡូម៉ែត្រក្រឡា តាមរយៈការលួចគូសផែនទីចោរ មិនមានបរទេសណាទទួលស្គាល់ ហើយបានយកផែនទីចោរនោះមកអនុវត្ត និងបានបាញ់បំផ្លាញតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ បណ្តាលឲ្យស្លាប់ និងរងរបួសកងទ័ព និងជនស៊ីវិលកម្ពុជាជាច្រើននាក់ ព្រមទាំងបណ្តាលឲ្យខូខខាតតួ និងផ្លែកជាច្រើននៃបា្រសាទព្រះវិហារ និងវត្តកែវសិក្ឋាគីរីស្វារៈ ត្រូវបានបំផ្លិចបំផ្លាញកំទេចជាដំណំ។
សាធារណមតិជាច្រើន បានពីពណ៌នាថា នាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត គួរណាស់ស្វែងរកដំណោះស្រាយតាមសន្តិវិធី ដោយប្តូរពីយន្តការទ្វេភាគី មកយកយន្តការសហគមន៍អន្តរជាតិ ពហុភាគី ( អាស៊ាន អង្គការសហប្រជាជាតិ) ហើយនាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត ត្រូវអនុវត្តនិងគោរពតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ឆ្នាំ ១៩៦២ ក្នុងរឿងក្តីប្រាសាទព្រះវិហារ កម្ពុជា ទល់នឹងថៃ ។ ថៃត្រូវគោរពសន្ធិសញ្ញាក្រុងឡាអេ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ១៩៥៤ អនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៧២ ដើម្បីបញ្ចប់ដោយសន្តិវិធីនូវការរំលោភឈ្លានពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
នាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត មិនព្រមដោះស្រាយបញ្ហាដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា អន្តរជាតិ និងមិនព្រមអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេនោះទេ ផ្ទុយទៅវិញបានយកការធ្វើសង្គ្រាម ដើម្បីឈ្លានពានមកលើកម្ពុជាយ៉ាងព្រៃផ្សៃ ដោយសំអាងថា ខ្លួនជាប្រទេសធំមានកងកម្លាំងទ័ពច្រើន ដែលស្ថិតក្នុងលំដាប់ខ្ពស់លើលើពិភពលោក ប៉ុន្តែទីបញ្ចាប់ ថៃត្រូវបរាជ័យ យ៉ាង អាម៉ាស់ លើឆាកអន្តរជាតិ ដោយការដកទ័ពរបស់ខ្លួនថយជាបន្តបន្ទាប់។
នៅថ្ងៃទី៦ ខែ កុម្ភៈ ឆ្នាំ ២០១១ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្តឹងទៅក្នុងបប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីថៃ បង្កសង្គ្រាមឈ្លានពានកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ថា គ្មានការជជែកគ្នាទ្វេភាគីទៀតទេ ពីព្រោះនេះគឺជាកលល្បិចយុទ្ធសាស្ត្រឈ្លានពានរបស់ថៃ មកលើកម្ពុជា ដោយថៃប្រើយន្តការទ្វេភាគី ដើម្បីបំភាន់មតិអន្តរជាតិ ក្នុងបំណងរំលោភឈ្លានពានយកដី៤.៦ គីឡូម៉ែត្រក្រឡា ស្អីគេនោះ ផ្ទុយពីសេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេ ក្នុងគោលបំណងកុំឲ្យអន្តរជាតិ ជាពិសេសកងកម្លាំងរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិចូលជួយការពារកម្ពុជាតាមផ្លូវច្បាប់អន្តរជាតិឡើយ។
ឯកឧត្តមបណ្ឌិត សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្តុកទីស្តីការគណៈរដ្ឋមន្ត្រី បានប្តឹងទៅអង្គការយូណេស្កូ អំពីប្រាសាទព្រះវិហារ ដែលបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក កំពុងប្រឈមមុខនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ពីការវាយប្រហារដោយទ្រង់ទ្រាយធំរបស់ភាគីថៃ។
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប សម្រេចកោះប្រជុំនៅទិក្រុងញូយ៉ក ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១ ដើម្បីដោះស្រាយអំពីសង្គ្រាមឈ្លានពានរបស់ថៃ។
អង្គការយូណេស្កូ នឹងបញ្ជូនបេសកជនពិសេសរបស់ខ្លួនដើម្បីមកពិនិត្យអំពីការខូតខាតនៃប្រាសាទព្រះវិហារ ដោយការវាយប្រហាររបស់ថៃនោះ។
លោក Bernard Valero អ្នកនាំពាក្យក្រសួងការបរទេសបារាំងបាននិយាយកាលពីថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១១ ថាទីក្រុងប៉ារីស រីករាយនិងជួយផ្តល់ឯកសារផែនទីច្បាប់ដើមរបស់តុលាការអន្តរជាតិទីក្រុងឡាអេឆ្នាំ ១៩៦២ សម្រាប់ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃទៅឲ្យប្រទេសណាមួយដែលស្នើសុំឯកសារនោះ។
នាយករដ្ឋមន្ត្រីអាប់ភីស៊ីត បាននិយាយថា មិនមែនជាការចាំបាច់សម្រាប់ប្រទេសបារាំងមកធ្វើអន្តរាគមន៍នៅក្នុងជម្លោះរវាងកម្ពុជា ថៃ ឡើយ។ អាប់ភីស៊ីត វេចាជីវ៉ាក់ ក៏បានទាមទារឲ្យអង្គការយូណេស្កូសើរើការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពភិភពលោក មុនពេលដែលមានកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅខែមិថុនា ឆ្នាំ២០១១ ខាងមុខ និងទាមទារលុបចោលផែនការគ្រប់គ្រងប្រាសាទព្រះវិហាររបស់កម្ពុជាទៀតផង។ សម្តីរបស់នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីតដ៏ព្រហើននេះ បានប្រមាថមាក់ងាយដល់ស្ថាប័នអន្តរជាតិ និងច្បាប់អន្តរជាតិ នៃអង្គការសហប្រជាជាតិ ដែលជាអង្គការកំពូល ដើម្បីធានានូវសុខសន្តិភាពពិភពលោក។
ប្រជាជនកម្ពុជាទូទាំងប្រទេស គ្រប់ជាន់ថ្នាក់ គ្រប់មជ្ឈដ្ឋាន ទាំងសង្គមស៊ីវិល ក្នុងនិងក្រៅប្រទេស បានរួបរួមគ្នាជាធ្លុងមួយ ក្នុងការសាមគ្គីដ៏រឹងមាំដូចថ្មអង្គរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងរាល់សង្គ្រាមឈ្លានពានរបស់ប្រទេសថៃ មិនដូចជានៅក្នុងស្រុកថៃ ដែលបាននិងកំពុងជួបនូវវិបត្តិ និងការបែកបាក់ធ្ងន់ធ្ងរនោះទេ។
ការដែលកម្ពុជា ស្នើសុំអង្គការសហប្រជាជាតិ ក៏ដូចជាអង្គការយូណេស្កូ តុលាការអន្តរជាតិក្រុងឡាអេ និងអង្គការអន្តរជាតិទាំងអស់ ឲ្យចូលរួមជួយអន្តរាគមន៍ជាបន្ទាន់នោះ គឺដើម្បីកុំឲ្យភាគីថៃធ្វើសង្គ្រាមឈ្លានពានមកលើកម្ពុជាបានទៀត។ បច្ចុប្បន្ន ភាគីថៃកំពុងបន្ថែមកងទ័ពជាច្រើនសន្ធឹកសន្ធាប់នៅតាមតំបន់បណ្តាយព្រំដែនកម្ពុជា ថៃនៅជិតតំបន់ប្រាសាទព្រះវិហារ ដែលបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ ឥឡូវកំពុងត្រូវប្រឈមនឹងការរំលោភទន្ទ្រានឈ្លានពានពីភាគីថៃ៕
ដោយ: ទិត សារុនរ៉េត
ទីប្រឹក្សាអមរាជបណ្ឌិតសភាកម្ពុជា

No comments:

Post a Comment