«ខ្មែរឯកភាពជាតិសំឡេងតែមួយប្រឆាំងនឹង
ចោរថៃឈ្លានពានទឹកដី»
បន្ទាប់ពីមានសង្គ្រាមឈ្លានពានមកលើទឹកដីកម្ពុជា បង្កឡើងដោយមហិច្ឆតាវាតទីនិយមរបស់នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត ក្នុងរយៈពេល៤ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០១១ ដែលបានបណ្តាលឲ្យស្លាប់កងទ័ព និងជនស៊ីវិលខ្មែរ ខ្ទេចខ្ទីវត្តអារាម ជាពិសេសខូចខាតតួប្រាសាទព្រះវិហារ យ៉ាងដំណំនោះមក គេបានសង្កេតឃើញថា សម្រាប់ផ្ទៃក្នុងកម្ពុជាទាំងមូល គឺមានការឯកភាពជាតិ ជាសម្លេងតែមួយ ទាំងរដ្ឋាភិបាល គណបក្សប្រឆាំង អង្គការមិនមែនរដ្ឋាភិបាល ព្រះសង្ឃ និងប្រជាពលរដ្ឋទូទៅ នាំគ្នាចូលរួមឧបត្ថម្ភ គាំទ្រ ទាំងសម្ភារៈ ថវិកា យ៉ាងស្រស្រាក់ស្រស្រាំ ក្នុងស្មារតីរួបរួមគ្នា ដើម្បីកាតព្វកិច្ចការពារទឹកដីប្រឆាំងបរទេសឈ្លានពាន។
សន្ទុះនៃសម្លេងគាំទ្រដ៏ច្រើនលើសលប់នៅទូទាំងប្រទេស បង្ហាញពីភាពជឿជាក់នៃការស្រឡាញ់ជាតិ មាតុភូមិ ហើយសកម្មភាពនេះ បានកើតមានឡើងស្របពេល និងដំណាលគ្នា បន្ទាប់ពីបានដឹងយ៉ាងប្រាកដនូវជំហរច្បាស់លាស់ឥតងាករេរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ពាក្យបណ្តឹង ប្តឹងទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានទាមទារឲ្យមានការកោះប្រជុំសមាជិករបស់ខ្លួនជាបន្ទាន់ ក្នុងគោលបំណងចាត់វិធានការលើថៃឲ្យបញ្ឈប់នូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យកម្ពុជា។
ថ្នាក់ដឹកនាំនិងប្រជាជននៅលើពិភពលោកគេបានដឹងថា ប្រាសាទព្រះវិហារ គឺស្ថិតនៅក្នុងទឹកដីកម្ពុជា តាមរយៈសេចក្តីសម្រចនៃសាលដីកា តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២មកម្លេះ ។ ដោយយោងទៅលើភស្តុតាងនានា ឯកសារគតិយុត្តិ និងការកាន់កាប់ជាក់ស្តែង ជាពិសេស លិខិតូបករណ៍ច្បាប់ដ៏រឹងមាំរបស់កម្ពុជា នេះហើយ គឺជាភាពឈ្នះ របស់កម្ពុជា ដែលប្រទេសដ៏ទៃមិនអាចរំលោភបំពានបានឡើយ។
ក្រោយពីសម្តេចតេជោបានដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិរួចមកនោះ គេឃើញមានសេចក្តីថែ្លងការណ៏ជាបន្តបន្ទាប់ ក្នុងនោះមានទាំងសម្តេចព្រះសង្ឃរាជាគណៈទាំងពីរនៃព្រះរាជាណាចក្រកម្ពុជា អង្គការសង្គមស៊ីវិលដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង មានទាំង គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែលធ្លាប់តែប្រឆាំង រិះគន់មកលើរដ្ឋាភិបាលនោះ ក៏បានគាំទ្ររាជរដ្ឋាភិបាលផងដែរ។ សកម្មភាពទាំងនេះ សរបញ្ជាក់ឲ្យឃើញថា នៅចំពោះមុខសត្រូវឈ្លានពាន គឺប្រជាជនកម្ពុជាបាននាំគ្នាស្រឡាញ់គ្នា និងរស់នៅជាគ្រួសារតែមួយ ដោយមិនមានការបែកបាក់សាមគ្គីភាពដូចជានៅក្នុងប្រទេសថៃនោះឡើយ។ ផ្ទុយទៅវិញ នៅស្រុកថៃ មានតែការបែកបាក់ វិបត្តិ កលិយុគ្ក និងការផ្ទុះបាតុកម្មរាល់ថ្ងៃដែលជាសកម្មភាពប្រឆាំងនិងរដ្ឋាភិបាលអាប់ភីស៊ីត មុនការបោះឆ្នោតជិតចូលមកដល់។
គេសង្កេតឃើញថា ភាពប្រេះស្រាំដែលកើតចេញការដណ្តើមអំណាចតាមរបៀបរដ្ឋប្រហារ បានហែកប្រទេសថៃជាពីរចំណែក គឺចលនារបស់ក្រុមអាវក្រហម និងមួយក្រុមទៀត គឺចលនាពួកអាវលឿង។ ក្រុមទាំងពីរនេះមិនមានគោលជំហរដូចគ្នាទេ ក្នុងនោះក្រុមអាវលឿង គឺជាអាយ៉ងរបស់នាយករដ្ឋមន្រ្តីថៃ ហើយគេក៏មានការសង្ស័យផងដែរថា នៅមានក្រុមអាមាថរាជវាំងនៅពីក្រោយខ្នង ហើយក្រុមអាវលឿងនេះ សូម្បីតែប្រជាជនថៃខ្លួនឯង នៅខេត្តស៊ីសាកេតរាប់ពាន់គ្រួសារ ដែលជាខេត្តមួយទល់មុខព្រំដែនប្រាសាទព្រះវិហារ ជាពិសេសប្រជាជន នៅខេត្តខាន់ថាឡាក់ ក៏គេស្អប់ខ្ពើមនិងនាំគ្នាលើកបដា និងប្រើចំពៀមកៅស៊ូប្រឆាំងក្រុមអាវលឿងដែលមាន លោក ចាំឡងស្រីមឿង សុន ធិលឹមថងគុន ថេបម៉ុនទ្រី និងក្រុមជាតិនិយមជ្រុលដ៏ទៃមួយចំនួនទៀត ដែលគ្រោងមកទស្សនកិច្ចនៅខេត្តស៊ីសាកេត ដែលប្រជាជនទាំងនោះបាននិយាយថា «ពួកយើងមិនស្វាគមន៏ក្រុមទាំងនោះទេ យើងស្អប់គេណាស់ ព្រោះគេជាអ្នកបង្កើតសង្រ្គាម។ សេចក្តីសុខរបស់ពួកយើងអត់មានទេឥឡូវនេះ ដោយសាតែពួកបាតុករក្រុមអាវលឿងដែលជាអ្នកនាំភ្លើងឲ្យមានជម្លោះនៅតាមព្រំដែន។
ប្រជាជនទាំងនោះបានបន្តថា ជិត១០០ឆ្នាំហើយ យើងមិនដែលជួបសង្រ្គាមទេ គ្រួសារយើងមិនដែលបែកបាក់គ្នាទេ ស្រុកភូមិយើងមិនដែលឆេះដោយសារគ្រាប់កាំភ្លើងទេ។ តែឥឡូវនេះស្រុកភូមិយើងត្រូវខ្ទេចខ្ទាំអស់ហើយ ព្រោះតែមហិច្ឆតារបស់ក្រុមអាវលឿងធ្វើការតវ៉ានិងបង្ករឿងឥតឈប់ឈរនៅតាមព្រំដែនប្រឆាំងជាមួយកម្ពុជា ហើយត្រូវបានរដ្ឋាភិបាលថៃ អនុវត្តតាមការតវ៉ារបស់ក្រុមនោះ ដែលធ្វើឲ្យភ្លើងសង្រ្គាមបានឆាបឆេះឡើង» ។
បដាពាក្យស្លោករបស់ប្រជាជននៅខេត្តស៊ីសាកេត បានសរសេ៣ឃ្លា ក្នុងន័យប្រឆាំងជាមួយពួកក្រុមអាវលឿង រួមមាន ទី១- ពួកអ្នកឯងជាអ្នកបង្កើតសង្រ្គាម ទី២-ពួកអ្នកឯងធ្វើឲ្យគ្រួសារយើងពិបាកវេទនា និងទី៣-ពួកយើងមិនស្វាគមន៏ពួកអ្នកឯងទេ យើងស្អប់មុខអ្នកឯងណាស់»។ ពួកអ្នកស្រុកនៃខេត្តស៊ីសាកេតក៏បានទាមទារឲ្យរដ្ឋាភិបាល អាប់ភីស៊ីត ចរចាបញ្ចប់សង្រ្គាមតាមព្រំដែនដោយសន្តិវិធី កុំយកសព្វាវុធទំនើបៗ មកដោះស្រាយបញ្ហា។
បើយោងតាមការ «ស្ទង់មតិ»របស់អង្គការឯករាជ្យមួយនៅប្រទេសថៃបានបង្ហាញឲ្យដឹងថាមានតែប្រជាជន២០%ប៉ុណ្ណោះដែលគាំទ្រលោកអាប់ភីស៊ីត ធ្វើសង្រ្គាមឈ្លានពានទឹកដីកម្ពុជា ប៉ុន្តែប្រជាជនថៃ៨០%មិនគាំទ្រឲ្យឲ្យមានការធ្វើសង្រ្គាមទេ ពួកគេស្អប់ខ្ពើមសង្រ្គាម ពីព្រោះក្នុងសតវត្សនេះនៅលើពិភពលោកគេគិតតែពីបញ្ហាសេដ្ឋកិច្ច និងសេចក្តីសុខ គេមិនដែលគិតពីការធ្វើសង្រ្គាមទេគឺមានតែលោកអាប់ភីស៊ីត មួយគត់ដែលជាជនល្មោភសង្រ្គាម ។
ជារួមប្រជាជនខ្មែរបានសាមគ្គីគ្នាគ្រប់គណបក្សនយោបាយទាំងអស់ ជាពិសេសថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា តែងតែខិតខំខ្នះខ្នែងក្នុងការរកជំនួយគ្រប់បណ្តាប្រទេសជាច្រើន តាមផ្លូវច្បាប់ និងការទូត និងបានរាយការណ៍ទាន់ពេលវេលាជម្រាបជូនទៅប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អគ្គនាយិការអង្គការយូណេស្កូ បណ្តាស្ថានទូត និងប្រទេសមហាអំណាចនានាដើម្បីបានដឹងពីការពិតជុំវិញការរំលោភឈ្លានពានដោយយោធាថៃមកលើទឹកដីកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានរាយការណ៍ជាបន្ទាន់ជូនទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យជួយអន្តរាគមន៍បញ្ឈប់សង្គ្រាមពីសំណាក់ភាគីថៃមកលើកម្ពុជា តាមរយៈយន្តការត្រីភាគី ដែលបានទទួលការឯកភាពពីឯកឧត្តម បាន គីមូន អគ្គលេខាធិការ អ.ស.ប. សម្រេចកោះប្រជុំសមាជិកក្រុមប្រឹក្សាសន្តិសុខ ដើម្បីជជែកពិក្សាអំពីបញ្ហានេះនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១១៕
រួម ជាតិ