ភ្នំពេញ: រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសរុបចំនួន ២៥៥.៦៥៤ លានដុល្លារអាមេរិក លើវិស័យអប់រំនៅកម្ពុជា។ ជំនួយថវិកាបន្ថែមនេះ ធ្វើឡើងតាមរយៈគម្រោងប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុននៃជំនួយឧបត្ថម្ភ សម្រាប់គម្រោងទ្រង់ទ្រាយតូច-សន្តិសុខមនុស្សជាតិ ( ជំនួយគូសាណូណិ )។
កិច្ចសន្យាផ្តល់ជំនួយរបស់ជប៉ុននេះ ត្រូវបានចុះហត្ថលេខានៅស្ថានទូតជប៉ុន ប្រចាំកម្ពុជា នារសៀលម៉ោង ៣ ថ្ងៃទី៤កុម្ភៈ ឆ្នាំ២០១១។ ពិធីចុះហត្ថលេខានោះ ចូលរួមដោយលោក ម៉ាសាហ្វ៊ូមី គូរ៉ូគី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងឲ្យស្ថាប័នទទួលជំនួយនិមួយៗ។
ជំនួយរបស់រដ្ឋាភិបាលជប៉ុនចំនួន ២៥៥.៦៥៤ ដុល្លារអាមេរិក សម្រាប់ស្ថាប័នចំនួន ៣ រួមមាន៖ ទី១-ថវិកាចំនួន ៨៧.៣៤០ ដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់អគារពិសោធន៍វិទ្យាសាស្ត្រនៅសាលាគរុកោសល្យ និងវិក្រិតការ ខេត្តសៀមរាប។ ទី២-ថវិកាចំនួន ៨២.៤៨០ ដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់អគារពិសោធន៍វិទ្យាសាស្ត្រនៅសាលាគរុកោសល្យ និងវិក្រិតការ ខេត្តបាត់ដំបង និងទី៣-ថវិកាចំនួន ៨៥.៨៣៤ ដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់អគារសិក្សា នៅសាលាបឋមសិក្សាកោះក្រសាំង ក្នុងស្រុកបាកាន ខេត្តពោធិសាត់។
ឯកសារ បានបង្ហាញថា ជំនួយរបស់រដ្ឋាភិបាលជប៉ុន ជួយដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០០៩ មានចំនួន ១,៨ ពាន់លានដុល្លារអាមេរិក៕
ដោយ : លីហូវ
No comments:
Post a Comment