Tuesday, February 01, 2011

បទសម្ភាសន៍ជា​មួយ​លោក​បណ្ឌិត ឈឹម ផលវរុណ​ ស្តីពីការទាមទារ​របស់ថៃ ឲ្យកម្ពុជាដកទង់ជាតិចេញពី វត្តកែវសិក្ខាគីរីស្វារៈ ដែលស្ថិតលើទឹកដីកម្ពុជា ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១១


          លោក​ សត្យារក្ស
សំណួរ ៖ ថ្មីៗនេះលោក អាប់ភីស៊ីត វេចាជីវ៉ា នាយករដ្ឋមន្ត្រីសៀម បានទាមទារឲ្យ​ កម្ពុជា​ដកទង់ជាតិកម្ពុជាចេញពីវត្ត កែវសិក្ខាគីរីស្វារៈ ដែលស្ថិតនៅលើទឹកដីកម្ពុជា ចំពោះ ការ​លើកឡើងនេះសូមលោកបណ្ឌិតជួយបំភ្លឺអំពីទង្វើ និងសកម្មភាព​ដែលសៀម​មាន គំនិត​ចង់​ឈ្លាន​ពានទឹកដីកម្ពុជាបែបនេះបានទេ បាទ?          
លោក បណ្ឌិត ឈឹម ផលវរុណ
        ចម្លើយ៖ បាទ សូមអរគុណ
          -ប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទ គឺត្រូវបានយុត្ថាធិការនៃតុលាការ យុត្តិធម៌​អន្តរជាតិ​​​ទី​ក្រុង​ឡាអេ​បាន​សម្រេច​ទទួល​ស្គាល់​ និង​បាន​កាត់ក្តី​មកឲ្យ​ប្រទេសកម្ពុជា​ តាំង​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ ១៩៦២។ លោក​ អាប់ភីស៊ីត វេចាជីវ៉ា នា​ពេល​ថ្មី​ៗ​នេះ​នៅ​តែ​ចិញ្ចឹម ​ចិត្ត​ទុច្ចរិត​​របស់​ខ្លួន​ឈ្លាន​ពាន​ប្រាសាទ​ព្រះ​វិហារ ​ដោយ​ទាម​ទារ​ឲ្យ​កម្ពុជា​ដក​ទង់ជាតិ​ចេញ​ ពីវត្ត​កែវ​សិក្ខា​​គីរីស្វរៈ ដែល​ជា​​ទឹក​ដី​​របស់​កម្ពុជា​។ ប្រសិន​បើ​សៀម​គឺ​ជា​ប្រទេស​មហាអំណាច​​ ធ្លាប់​ធ្វើ​អាណានិគម​ លើ​ប្រទេស​ជិតខាង​ដូច​ពេល​មុន​នោះ​ ទើប​អាច​លើក​ទ័ព​មក​ឈ្លាន​ពាន​ កម្ពុជា​បាន​។ នយោបាយ​ពាល​បែប​នេះ ​សូម្បី​តែ​សកលលោក​មាន​ដូច​ជា​សហរដ្ឋអាមេរិក​ ចិន​ បារាំង​ អង់គ្លេស រុស្ស៊ី ក៏​​គេលែង​ប្រើ​នយោបាយ ​ធ្វើ​សង្គ្រាមឈ្លាន​ពាន​​លើ​ ប្រទេស​​ជាតិ​ ដទៃ​ដូច​សៀម​ពេល​នេះ​ទៀត​ហើយ។
-កន្លង​​មក​ទង់​ជាតិ​របស់​ព្រះរាជាណាចក្រកម្ពុជា​គឺ​មាន​នៅ​លើ​វត្ត​​ កែវសិក្ខាគីរីស្វរៈ នេះ​យូរមក​ហើយ ហើយ​ប្រទេស​សៀ​ម​ក៏​មិន​ដែល​ទា​មទារ​អ្វី​ដែរ​។ ប៉ុន្តែ​នៅ​ពេល​ដែល​ សៀម​បាន​ដក​ទ័ព​ទៅ​វិញ​កាល​ពី​ថ្ងៃ​ទី​១​ ខែ​ធ្នូ ឆ្នាំ​ ២០១០ កម្ពុជា​ក៏​បាន​ដាក់​ស្លាក​នៅ​ទី​នោះ​ថា ទីនេះ​ជា​ទី​ដែល​សៀម​ឈ្លាន​ពាន កម្ពុជា កាល​ពី​ថ្ងៃទី​១៥ ខែ កក្កដា ឆ្នាំ​ ២០០៨ ក្រោយ​មក​សៀម​ក៏​បាន​ទាម​ទារ​ឲ្យ​កម្ពុជា​បំផ្លាញ​ស្លាក​នេះ​ចោល​ កម្ពុជា​ក៏​យល់​ព្រម​យក ​ស្លាក​នេះ​ចេញ​ ដោយ​យោគ​យល់​ដល់​មុខ​មាត់​ប្រទេស​សៀម​ កុំ​ឲ្យ​អាម៉ាសលើ​ឆាក​ អន្តរជាតិ​។ ប៉ុន្តែ​ដោយ​សារ​នយោបាយ​​ពាល​របស់​ក្រុង​បាងកក​គេ​បាន​ទាម​ទារ​បន្ត​ទៀត​ ឲ្យ​​កម្ពុជា​ដក​ទង់ជាតិ​ចេញ​ពី​វត្ត​ កែវសិក្ខា​គី​រី​ស្វ​រៈ​ ដែល​ជា​ទឹក​ដី​របស់​ខ្លួន​ទៀត​ ចំណុច​នេះ​ កម្ពុជា​មិន​អាច​ទទួល​យក​បាន​ទេ​ នេះ​គឺ​ជា​ចរិត​ចង់​ឈ្លាន​ពាន​របស់​​ប្រទេស​សៀម ​យ៉ាង​ ពិត​ប្រាកដ​ ដោយ​ភ្ជាប់​បញ្ហា​នេះ​ជា​មួយ​ការ​ទាម​ទារ​របស់​ក្រុ​ម​អាវ​លឿង ​ដែល​​ជា​ក្រុម​រាជ​វាំង​ គាំទ្រ​ដោយ​ពួក​យោធាមួយ​ចំនួន​។
លោក​ សត្យារក្ស
សំណួរ៖ ចំណុច​មួយ​ទៀត​គឺ​គំនិត​ទុច្ចរិតរបស់​រដ្ឋាភិបាល​សៀម​ និង​ពួក​ជ្រុល​និយម​​ អា​វ​លឿង​នៅ​តែ​ចិញ្ចឹម​ចិត្តថាប្រាសាទ​ព្រះ​វិហារ​ជា​របស់​កម្ពុជា​ ប៉ុន្តែ​ដី​នៅ​ក្រោម​ប្រាសាទ និង​នៅ​ជុំវិញ​ប្រាសាទ​ជា​របស់​សៀម​។ ត្រង់​ចំណុច​នេះ​ប្រសិន​បើ​កម្ពុជា​យើង​និយាយ​ថា វាំង​របស់​សៀម​នៅ​ទី​ក្រុង​បាង​កកជារបស់​សៀម​ ប៉ុន្តែ​ដី​ទាំង​នោះ​គឺជា​ដី​របស់​កម្ពុជា​វិញ​ នេះ បើ​ផ្អែក​តាម​ប្រវត្តិ​សាស្រ្ត​ តើ​ប្រទេស​សៀម​ទទួល​យក​បាន​ដែរ​ឬទេ​។ ចំណុច​នេះ​សូម​ លោក ​បណ្ឌិត​ជួយ​ធ្វើ​ការ​ពន្យល់​ទៅ​ដល់​ក្រុម​ជ្រុល​និយម​ទាំង​នោះ​ ឲ្យ​បាន​យល់​ច្បាស់​បាន​ទេ​បាទ​?
លោក បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖
-រដ្ឋាភិបាល​របស់​លោក អាប់ភីស៊ីត បច្ចុប្បន្ន គឺជា​រដ្ឋាភិបាល​របស់​ពួក​ អាវ​លឿង​ ដែល​ជា​អាយ៉ង​របស់​ក្រុម​រាជវាំង​សក្តិភូមិ​ និង​ក្រុម​យោធា​ថៃ​មួយ​ចំនួន​។ ដូច្នេះ​ការ​ដែល​ អះអាង​ថា​ តួ​ប្រាសាទ​ព្រះ​វិហារ​ជា​របស់​ខ្មែរ​ តែ​ដី​នៅ​លើ​ទី​តាំង​នោះ​ជា​របស់​សៀម​ គឺ​អាច​ និយាយ​បាន​តែ​ពួក​ជ្រុល​និយម​អាវ​លឿង​មួយ​ចំនួន​តូច​​​ប៉ុណ្ណោះ​។ ប៉ុន្តែ​សម្រាប់​ប្រជា​ជាតិ​ ថៃ​ទាំង​មូល​​គេ​មិន​និយាយ​​បែប​នេះ​ទេ​។ ប្រការ​ដែល​ក្រុម​ជ្រុល​និយមអាវលឿង​ កំពុង​តែ​ និយាយ​បែប​នេះ​គឺ​អន្តរជាតិ​ គេ​កំពុង​តែ​សើច​ចម្អក​ឲ្យ​ប្រទេស​ថៃ​ពី​ព្រោះ​ថា បើ​និយាយ​តាម ​ច្បាប់​អន្តរជាតិ​ និង​ផែន​ទី​ដែល​បាន​ដំកល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ​​ប្រាសាទ​ព្រះវិហារ​ និង​តំបន់​ជុំ​វិញ​ប្រាសាទ​ពិ​ត​ជា​ទឹក​ដី​របស់​កម្ពុជា​។ ប្រការ​ដែល​ក្រុម​ជ្រុល​និយម​អាវ​លឿង​ និង​ ក្រុម​រាជវាំង​​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​ប្រាសាទ​ព្រះ​វិហារ​នេះ​ គឺ​ជា​ការ​ល្ងង់​ខ្លៅ​ចំពោះ​ច្បាប់​ អន្តរជាតិ​យ៉ាង​ពិត​ប្រាកដ​។
-​បើ​កម្ពុជា​យក​ប្រវត្តិសាស្រ្ត​មក​ផ្សារភ្ជាប់​ក្នុង​រឿង​នេះ​ ទឹក​ដី​ក្រុង​បាង​កក​គឺ​ជា​របស់​ កម្ពុជា​ ប៉ុន្តែ​វាំង​ដែល​ថៃ​​បាន​កសាង​ចាត់​ទុក​ថា​ជា​របស់​ថៃ​ទៅ​ចុះ​ ហើយ​បើ​កម្ពុជា​និយាយ ​បែប​នេះ​មែន​ តើ​​ប្រទេស​ថៃ​​ប្រតិកម្មយ៉ាង​ណា​? កម្ពុជា​មិន​ដែល​មាន​គំនិត​ដូច្នេះទេ​ គឺ​កម្ពុជា​​ ឈរ​លើការ​ពិត​នៃ​​បច្ចុប្បន្ន​ភាព​ រីឯ​អតីតកាល​វា​បាន​បញ្ចប់​ទៅ​ហើយ​ គឺ​យើង​ត្រូវ​រាប់​អាន​គ្នា​ ដោយ​ភាតរៈភាព​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​ និង​មិន​ត្រូវ​យក​ប្រត្តិសាស្រ្ត​មក​ធ្វើ​ជម្លោះ​តទៅ​ ទៀត​ទេ។​ កម្ពុជា​ និង​ថៃ​គ្មាន​ទឹកដី​ ឬ តំបន់​ត្រួត​ស៊ីគ្នាទេ​ ហើយ​ក៏​គ្មាន​តំបន់​ ៤.៦ គមដូច​ការ ​ទាម​ទារ​របស់​ថៃ​នោះ​ដែរ​។
លោក​ សត្យារក្ស
សំណួរ៖ សកម្មភាព​ និង​ទង្វើ​របស់​សៀម​សព្វ​ថ្ងៃ​នេះ​បង្ហាញ​ពី​ចរិត​ឈ្លានពាន​ របស់​ ប្រទេស​​សៀម​មក​លើ​កម្ពុជា​តែ​ម្តង ចំពោះ​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​ទន់​ភ្លន់​ តែ​ម៉ឺង​ ម៉ាត់​ បច្ចុប្បន្ន​ប្រជា​ពលរដ្ឋ​បាន​ផ្ញើ​វាសនា​ និង​អាយុ​ជីវិតជាតិ និង​បូរណភាព​ទឹកដី​ ចំពោះ​ភាព​ ដឹក​នាំ​ដ៏ម៉ឺង​ម៉ាត់​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ផ្ទាល់​តែ​ម្តង​។​  ប្រសិន ​បើ​សៀម​ចូល​ឈ្លាន​ពាន​កម្ពុជា​ ការ​ប្រើសិទ្ធិ​ស្វ័យ​ការ​ពារ​របស់​កម្ពុជា​បែប​នេះ​ បើ​ផ្អែក​តាម​ ច្បាប់អន្តរជាតិ​តើ​កម្ពុជា​ខុស​ដែរ​ឬទេ​?
លោក បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ ៖ បាទសូម​អរគុណ ប្រសិន​បើ​សៀម​ចូល​ឈ្លាន​ពាន​មែន​កម្ពុជា​​ពិត​ជា មាន​ សិទ្ធិ​ស្វ័យ​សម្រេច​ក្នុង​ការ​ពារ​ប្រទេស​ជាតិរបស់​ខ្លួន​ ហើយ​កម្ពុជា​នឹង​ប្តឹង​ដល់​ក្រុម​ប្រឹក្សា​ សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ ដែល​ពេល​នោះ​រដ្ឋាភិបាល​សៀម​​ និង​ទទួល​នូវ​ការ​ បរាជ័យ​ និង​អាម៉ាស់​នៅ​លើ​ឆាក​អន្តរជាតិ​ជា​មិន​ខាន​។ ប្រទេស​កម្ពុជា​ត្រូវ​បាន​អន្តរជាតិ​ ទទួល​ស្គាល់​ថា​ជា​ប្រទេស​មាន​ឯករាជ្យ​ និង​អធិបតេយ្យ​ភាព​ពេញ​បរិបូរណ៍ នៅ​លើ​ឆាក អន្តរជាតិ​ ហើយ​កម្ពុជា​តែង​តែ​ប្រើ​ប្រាស់​នូវ​នយោបាយ​ការ​បរទេស​ទន់ភ្ល​ន់ ដោយ​ផ្អែក​លើ​ នយោបាយ​សន្តិភាព​ និង​សហ​ប្រតិបត្តិការ​​ជាមួយ​ប្រទេស​ជិតខាង​ ប៉ុន្តែ​គឺ​មាន​ភាព​ម៉ឺ​ង​ម៉ាត់​។ កម្ពុជា​មិន​ប្រើ​នយោបាយ​ហឹង្សា ដើម្បី​ដោះស្រាយ​បញ្ហាជាមួយ​ប្រទេសជិតខាង​នោះ​ទេ​។​ ប៉ុន្តែ​កម្ពុជា​សូម​រក្សាសិទ្ធិ​ និង​កាតព្វកិច្ច​ក្នុង​ការការ​ពារ​ទឹក​ដី​ ដោយ​មិន​ឲ្យ​បាត់​បង់​ទឹក​ដី​ របស់​ខ្លួន​ ១ មម ទេ​ តែ​ក៏​មិន​ឈ្លាន​ពាន​គេ​ ១ មម ដែរ។​
លោក​ សត្យារក្ស
សំណួរ៖ តើលោកបណ្ឌិត​មើល​ឃើញយ៉ាង​ណា​ដែរ​ នូវ​ទឹក​ចិត្ត​ស្នេហាជាតិរបស់​ យុទ្ធជន​កម្ពុជា​ក្នុង​ការ​ការពារ​ប្រទេស​ និង​ទឹក​ចិត្ត​ប្រយុទ្ធ​របស់​ទ័ពសៀម​?
លោក បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖
-ផ្អែក​តាម​ភូមិសាស្រ្ត​របស់​កម្ពុជា​ គឺ​យើង​មាន​ភាព​អំណោយ​ផល​ច្រើន​ សម្រាប់​កង ទ័ព​កម្ពុជា​ ដោយ​យើង​មាន​ទី​តាំង​ឈរជើង​ស្ថិត​នៅ​លើ​ទី​ទួលខ្ពស់​ ដែល​ជា​អំណោយ​ផល​ ក្នុង​ការ​ប្រយុទ្ធ​។​
-តាម​ភូមិសាស្រ្ត​សេដ្ឋកិច្ច​នៅ​តំបន់​ទាំង​នោះ​ គឺ​ខាង​ថៃ​មាន​ផល​ប្រយោជន៍​ជាង​ កម្ពុជា​​ព្រោះ​ប្រជា​ពលរដ្ឋ​ថៃ​ ទទួល​ផល​នៅ​ទី​នោះ​ច្រើន​​ក្នុង​ការ​ផ្លាស់​ប្តូរ​នូ​វពាណិជ្ជកម្ម​។ ដូច្នេះ​ប្រសិន​បើ​​ប្រទេស​ទាំង​ពីរ​​មាន​សង្គ្រាម​​ជា​មួយ​គ្នា​អ្នក​វិនិយោគថៃ​ និង​ពាណិជ្ជករ​ថៃ​ នឹង​បាត់​បង់​នូវ​ប្រយោជន៍​ទាំង​នេះ​ ច្រើន​ជាង​កម្ពុជា​។​
-បើ​ផ្អែក​តាម​ចិត្ត​សាស្រ្ត​របស់​យុទ្ធជន​កម្ពុជា​ គឺ​យោធា​កម្ពុជា​មាន​ទឹក​ចិត្ត​ប្រយុទ្ធ​ខ្ពស់​ ដោយ​ឈរ​លើ​ស្មារតី​ឯកភាព​ក្នុង​ជួរ​កង​ទ័ព​ ក្នុង​ការ​ស្តាប់​មេ​បញ្ជាការ​ និង​ជា​ពិសេស​គឺ​ទឹក​ចិត្ត​ ប្រឆាំងនឹង​​ការ​​ឈ្លានពាន​របស់​បរទេស។ ម្យ៉ាង​ទៀត​បទពិសោធន៍​ក្នុង​ការ​ប្រយុទ្ធ​របស់​ យុទ្ធ​ជន​កម្ពុជា​ គឺ​មាន​ជាយូរ​មក​ហើយ​។​ ចំណែក​ឯយុទ្ធជន​របស់​ថៃ​ពុំ​មាន​ទឹក​ចិត្ត​ ក្នុង​ការ ​ប្រយុទ្ធ​ទេ​ ដោយ​ពួក​គេ​ជា​អ្នក​ឈ្លាន​ពាន​ និង​គ្មាន​បទពិសោធន៍​ក្នុង​ការ​ធ្វើ​សង្រ្គាម​ គឺ​ធ្វើ​តាម​ តែ​បញ្ជា​របស់​ក្រុម​យោធា​រាជវាំង​មួយ​ចំនួន​​តែ​ប៉ុណ្ណោះ​។​
លោក​ សត្យារក្ស
សំណួរ៖ តើ​លោក​បណ្ឌិត​អាច​បង្ហាញ​បាន​ទេ នូវ​នយោបាយ​ស្នេហា​ជាតិ​ក្នុង​ការ​ពារ​​ ជាតិ​របស់​គណបក្សប្រឆាំង​នៅ​កម្ពុជា​ ពិសេស​គឺ​គណបក្ស​សមរង្ស៊ី និង​ គណបក្សលោក កឹម សុខា នាពេល​នេះ​?
លោក បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖
-​នយោបាយ​ការពារ​ជាតិ​របស់​គណបក្ស​ប្រឆាំង​ធ្វើ​ឡើង​ គឺ​សម្រាប់​បំផុស​ប្រជាជន​ ឲ្យ​តវ៉ា​ជាមួយ​រដ្ឋាភិបាល​តែប៉ុណ្ណោះ​ គឺ​គណបក្ស​ប្រឆាំង​មិន​ដែល​លើក​ទឹក​ចិត្ត​ដល់​កង​ទ័ព​ និង​ឧបត្ថម្ភ​ដល់​កង​ទ័ពក្នុង​ការ​ការ​ពារ​បូរណភាព​ទឹក​ដី​ឡើយ​។ ជាក់​ស្តែង​នាពេល​នេះ​ គណបក្ស​ប្រឆាំង​គួរ​តែ​ខិត​ខំ​ប្រមែ​ប្រមូល​ប្រជា​ជន ​ឲ្យជួយ​​លើក​ទឹក​ចិត្ត​ដល់​យោធា​ នៅ​ សមរភូមិ​​មុខ​ដែល​​​កំពុង​ប្រឈម​ជា​មួយ​នឹង​ការ​ប៉ុន​ប៉ង​ឈ្លាន​ពាន​របស់​សៀម​។​
សម្រង់​ព័ត៌មាន​៖ លោក នូ សាវុធឌ

No comments:

Post a Comment