Sunday, January 09, 2011

ខណ្ឌរដ្ឋ​បាល​ជលផល​ពោធិ៍សាត់់​ជួប​ជុំ​មន្ត្រីចូលនិវត្តន៍លើកទី៣


ខេត្ត​ពោធិ៍​សាត់ ៖ ​កាលពីព្រឹក​ថ្ងៃទី​​៦ មករា ២០១១ លោក​សេង ស៊ុនហ៊ួត នាយខណ្ឌ​រដ្ឋ​បាល​​ជលផល​ពោធិ៍សាត់​​ បាន​អញ្ជើញ​​លោក​តា​ចាស់ៗ​ចំនួន​១៥​នាក់​ ស្ថិត​ក្នុង​ក្របខណ្ឌ​​​រដ្ឋ​បាល​ជលផល​ដែល​ចូល​​និវត្តន៍​កន្លង​ទៅ ឱ្យ​មក​ជួប​​ជុំ​​គ្នាទទួលទានអាហារ​សាមគ្គី​​ដើម្បី​សំដែង​ការ​នឹក​រលឹក​​រកគ្នា​​ទៅវិញ​ទៅ​មក​ ។ ការ​ជួបជុំ​​គ្នា​​នេះជា​លើក​ទី៣​ហើយ​ គឺមួយ​ឆ្នាំ​ធ្វើ​ម្តង​ បន្ទាប់​ពី​លោក​​​​មក​កាន់​ជា​នាយ​ខណ្ឌ​​រដ្ឋ​បាល​​ជលផល​​នៅ​ខេត្ត​ពោធិ៍សាត់ ។​
លោក​​តា ឡាវ សេង មន្ត្រី​ចូល​និវត្តន៍​​ម្នាក់​​​ក្នុង​​​ចំណោម​​មន្ត្រី​​​​ចូល​និវត្តន៍​ទាំង​​១៥រូប​​ និង​ជា​ចាស់​​​ព្រឹទ្ធាចារ្យ​​ផង​នោះ ​បាន​ថ្លែង​​កោត​សរសើរ​ចំពោះ​​​លោក​សេង ស៊ុនហ៊ួត​ នាយខណ្ឌ​រដ្ឋ​បាល​​ពោធិ៍​សាត់​​ដែល​លោក​​មិន​ត្រឹម​​តែដឹកនាំ​​ការងារ​​ល្អ​ ធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​ស្រឡាញ់​ពេញ​ចិត្ត​​គ្រប់ៗគ្នា​​ប៉ុណ្ណោះ​ទេ​ ថែមទាំង​​មាន​សន្តាន​ចិត្ត​​ទូលំ​ទូលាយ​​នឹក​ឃើញ​​​ដល់​មន្ត្រី​ចូលនិវត្តន៍ ​​នៅ​តែរាប់​អាន​​ហៅមកជួបជុំ​គ្នា​ជា​រៀងរាល់​ឆ្នាំទៀត​ផង​ ។ មន្ទីរ​ឬអង្គ​ភាព​​នានា​ក្នុង​ខេត្ត​​​ពោធិ៍​សាត់​​ បើ​តាម​​ការ​កត់​សំគាល់​​របស់​លោកឃើញ​ថា​ ​​អ្នក​ដែល​​ចូល​និវត្តន៍​​ហើយ​ គឺ​គេ​មិន​សូវ​ឱ្យ​តម្លៃ​​ទេ ។ ទើប​តែ​​ឃើញ​នាយ​ខណ្ឌ​រដ្ឋ​បាល​​ជលផល​​មួយ​ប៉ុណ្ណោះ​​​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​មន្ត្រី​ចូល​និវត្តន៍​​ជាគំរូ​មួយដ៏​ល្អ ដែល​ពាក្យ​ចាស់​​ពោល​ថា «កូន​​ណា​ដឹងគុណ​ឪពុក​ម្តាយ​ កូន​នោះ​​តែង​ចំរុង​ចំរើន​ និង​មាន​សេចក្តី​​សុខ​ជានិច្ច»។​

លោក​សេង ស៊ុនហ៊ួត មាន​ប្រសាសន៍​ថា ការ​ជួបជុំ​គ្នា​ថ្ងៃនេះ ដើម្បី​ចង់​ដឹងពី​សុខទុក្ខ​​ និង​សំដែង​​​ការ​ដឹងគុណ​​ចំពោះ​លោក​តា​ចាស់​​ៗដែល​​​​ចូល​និវត្តន៍​​ថា ​តើ​រហូត​មក​ដល់​​ពេល​នេះ អ្នក​ណា​​នៅ​មាន​ជីវិត​​រស់នៅ ?  រស់​នៅ​​ដោយ​របៀប​ដូច​ម្តេច? ម្យ៉ាង​វិញ​ទៀត​ដើម្បី​រឹត​ចំណង​​សាមគ្គី​​ឱ្យ​កាន់​តែ​មាន​ភាព​ស្និទ្ធ​ស្នាល​ រវាង​​ថ្នាក់​​ដឹក​នាំ​ជា​មួយ​មន្ត្រី​​រាជ​ការ​ក្រោម​ឱវាទ​ ក៏ដូច​ជា​អបអរ​សាទរ​ថ្ងៃ​បុណ្យ​​ជាតិ​៧ មករា ខួប​លើក​ទី៣២ នៃ​ទិវា​ជ័យ​ជំនះ​លើ​របបបន​ប្រល័យ​​ពូជ​សាសន៍​​​ផងដែរ​ ។ លោក​សេង ស៊ុនហ៊ួត បាន​ចាត់​ទុក​មន្ត្រី​ចូល​និវត្តន៍​ទាំង​អស់​ជាឪពុកម្តាយ ​ជាថ្នាំ​បុរាណ​​​ដ៏​មាន​​តម្លៃ​​មិន​អាច​​បោះបង់​ចោល​បានទេ ដែល​យើង​ទាំងអស់​​គ្នា​ត្រូវ​​តែគោរព​និង​រៀន​​សូត្រ​តាម ។ ទន្ទឹម​​នឹង​​នេះ លោក​សូម​​ឱ្យ​មន្ត្រី​រាជ​ការ​ដែល​កំពុង​បំរើ​ការ​​សព្វ​​ថ្ងៃរួម​សាមគ្គី​គ្នា ខិតខំ​បន្ត​ធ្វើ​ការ​ ហើយ​បើ​មាន​គំនិត​ឈ្នានីស​ ភាព​សៅ​ហ្មងទាំង​ឡាយ​សូម​ឱ្យ​ជំរុះ​ចោល​ក្នុង​ឆ្នាំ​ចាស់​ឱ្យ​អស់ ។ ឆ្នាំថ្មី​គំនិត​ថ្មី ភារកិច្ច​ថ្មី នាំ​មក​​នូវ​សិរីសួស្តី​​ដល់​យើង​គ្រប់ៗគ្នា ។ ចុង​ក្រោយ​​លោក​ជូនពរ​​ឱ្យ​ឆ្នាំ​​ក្រោយ​​មក​ជួបជុំគ្នា​​មិន​បាត់​អ្នកណា​ម្នាក់ ។​
ក្នុង​ឱកាស​​នោះ​ លោក​សេង ស៊ុនហ៊ួត បាន​ជូន​វត្ថុ​អនុស្សាវរីយ៍​​ដល់​មន្ត្រី​ចូល​និវត្តន៍​ទាំង​​១៥​រូប​ ក្នុង​ម្នាក់​សៀវភៅ​ទិនានុលេខ​របស់​ជលផល​​១​​ក្បាល សារុង​១ ក្រមា១ ថវិកា១០០.០០០​រៀល​​ ហើយ​លោក​ឆាម ឈុន ប្រធាន​ឡូត៍​នេសាទ​​​លេខ​៦ ប​ន្ថែម​ថវិកា​ម្នាក់​៥០.០០០​រៀល​ទៀត សរុប​​១៥០.០០០​រៀល ។ ចំពោះ​​ន្ត្រី​រាជ​ការ​​ជូន​​​សៀវ​ភៅ​​១​ក្បាល​ និង​សារុង​១ ព្រម​ទាំង​​បាន​អញ្ជើញ​​ពិសា​អាហារ​សាមគ្គី​​នៅភោជ​នីយ​ដ្ឋាន​ម្លប់​ស្វាយ​​ ជាហាង​ដ៏ល្បី​នៅ​ខេត្ត​ពោធិ៍​សាត់​ផងដែរ៕

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment