Sunday, January 09, 2011

លោក​កែប ជុតិមា ប្រារព្ធ​ទិវា​អប​អរ​ថ្ងៃ៧​ មករា និង​សួរ​សុខ​ទុក្ខ​កង​ទ័ព​នៅ​មុំ៣


ខេត្ត​ព្រះ​វិហារ​ ៖ ឆ្នាំ​២០១១​នេះ ​មន្ត្រី​សា​លា​រាជ​ធានី​ភ្នំពេញ​ដឹក​នាំ​ដោយ​លោក​កែប ជុតិមា​ ​អភិ​បាល​រាជ​ធានី​​ និង​លោក​ម៉ប់ សារិន​ ប្រធាន​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ ​បានអញ្ជើញ​​ទៅ​ធ្វើ​មីទ្ទីង​រំលឹក​ខួប​ទី​៣២​នៃ​ទិវា​ជ័យ​ជំនះ​៧​មករា ដោយ​ភ្ជាប់​ជាមួយ​ការ​ចុះ​សួរ​សុខ​ទុក្ខ និង​ចែក​អំណោយ​ដល់​នាយ​-​នាយ​រង​​ និង​ពល​ទាហាន​ក្នុង​កង​ពល​តូច​អន្តរា​គមន៍​​លេខ​៩​​​ដែល​ឈរ​ជើង​តាម​បន្ទាត់​ព្រំ​ដែន​តំបន់​មុំ​៣​ ក្នុង​ទឹក​ដី​ខេត្ត​ព្រះ​វិហារ​។ លោក​ឧត្តម​សេនីយ៍​ត្រី​ គល់ វ៉ៃ​ មេ​បញ្ជា​ការ​កង​ពល​តូច​អន្តរា​គមន៍​លេខ​៩ បាន​ឱ្យ​ដឹង​ថា ​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក​នេះ​ ដោយ​សារ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​បណ្តា​អង្គ​ភាព​ ក្រសួង​ មន្ទីរ​នានា​ជា​ពិសេស​សាលា​រាជ​ធានី​ភ្នំពេញ​ កង​ពល​តូច​អន្តរា​គមន៍​លេខ​៩​បាន​ទទួល​ជំនួយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ជា​បន្ត​​បន្ទាប់​ ក្នុង​នោះ​មាន​ស្រះ​ទឹក ផ្ទះ​ទទួល​ភ្ញៀវ ស្រូវ​ពូជ​៨០​តោន​ បាន​ទទួល​ទិន្ន​ផល​៣៧៥​តោន​។
​មេ​គោ​ពូជ​៤០​ក្បាល​កើត​កូន​​បាន​១៤០​ក្បាល​​ ជ្រូក​ពូជ​២៥​ក្បាល​ វិទ្យុ​ទាក់​ទង​ ម៉ាសីុន​ភ្លើង​ ថ្នាំ​ពេទ្យ​៣៧​​មុខ គ្រាប់​ពូជ​គ្រប់​ប្រភេទ​ចំនួន​១០០​គីឡូ​ក្រាម ​​កាំ​បិត​​១០០​ ពូថៅ​១០០​ ចប​កាប់​១០០ ​រួម​ជាមួយ​​គ្រឿង​​ឧប​ភោគ បរិ​ភោគ​​ផ្សេងៗ​ជាច្រើន​ទៀត​។ លោក​ឧត្តម​សេនីយ៍​ត្រី​បាន​បន្ថែម​ទៀត​ថា រាល់​សមិទ្ធ​ផល​ទាំង​ឡាយ​ដែល​ជា​ជំនួយ​ដ៏​ថ្លៃ​ថ្លា​របស់​សាលា​រាជ​ធានី​ភ្នំពេញ​កន្លង​មក​នេះ​ បាន​លើក​ស្ទួយ​​ដល់​ជីវ​ភាព​រស់​នៅ​របស់​កង​ទ័ព​ ព្រម​ទាំង​ក្រុម​គ្រួសារ​​ជា​ការ​​រួម​ចំណែក​យ៉ាង​ធំ​ធេង​ណាស់​​​ធ្វើ​ឱ្យ​​កង​ទ័ព​ ព្រម​ទាំង​ក្រុម​គ្រួសារ​មាន​ការ​ដឹង​គុណ​ចំពោះ​ភាព​ចែក​រំលែក​ដ៏​ស្មោះ​ស្ម័គ្រ​​នេះ​។ បច្ចុ​ប្បន្ន​​ភូមិ​ដែល​ស្ថិត​​នៅក្នុង​ភូមិ​សាស្ត្រ​​​កង​ពល​តូច​អន្តរា​គមន៍​​លេខ​៩ ​​សុទ្ធ​តែ​មាន​ដំណាំ​ដាំ​ដុះ ​សួន​បន្លែ​គ្រប់​ប្រភេទ​ ហើយ​ក៏​បាន​ទទួល​ផល​ស្រូវ​សំរាប់​ដោះ​ស្រាយ​ជីវ​ភាព​រស់​នៅ​បាន​មួយ​កំរិត​ និង​បន្ត​ទុក​សំរាប់​ធ្វើ​ពូជ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​។

លោក​មេ​បញ្ជា​ការ​កង​ពល​តូច​អន្តរា​គមន៍​លេខ​៩​បាន​រំលឹក​ថា គុណ​បុណ្យ​ថ្ងៃ​៧​មករា គឺ​ជា​ថ្ងៃ​រស់​ឡើង​វិញ​នូវ​ជីវិត​ថ្មី​មួយ​ទៀត​ដែល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ជា​អ្នក​ផ្តល់​ឱ្យ ​ពិសេស​ពី​សំណាក់​សម្តេច​ទាំង​បី​ដែល​បាន​ផ្តល់​នូវ​សិទ្ធិ​សេរី​ភាព​ ជំនឿ​សាសនា​ ចំណេះ​ដឹង​ទូ​ទៅ និង​ការ​អភិ​វឌ្ឍ​​ដល់​ជន​គ្រប់​រូប​មិន​អាច​​ខ្វះ​បាន​។ ជាក់​ស្តែង​ពេល​ថ្មីៗ​កន្លង​មក​នេះ​ គណ​បក្ស​ប្រជា​ជន​បាន​ផ្តល់​នូវ​សមិទ្ធ​ផល​ថ្មី​មួយ​ទៀត​​ដែល​ធ្វើ​ឱ្យ​កង​ទ័ព​ ព្រម​ទាំង​ក្រុម​គ្រួសារ​​រឹត​តែ​មិន​អាច​បំភ្លេច​បាន​នោះ​ គឺ​ផ្តល់​ទី​លំនៅ​បង្ក​បង្កើន​ផល​ ព្រម​ទាំង​ផ្តល់​លំនៅ​ឋាន​ដ៏​សម​រម្យ​​តាម​រចនា​បថ​ខ្មែរ​​ដែល​ក្រុម​គ្រួសារ​កង​ទ័ព​កំពុង​រស់​នៅ​នា​ពេល​នេះ​មាន​ចំនួន​៦២៦​ខ្នង​សំរាប់​ភូមិ​ចំនួន​៥​របស់​កង​ពល​តូច​អន្តរា​គមន៍​លេខ​៩​។ 
ក្នុង​ឱកាស​នោះ​លោក​កែប ជុតិមា ​អភិ​បាល​រាជ​ធានី​ភ្នំពេញ​ បាន​ថ្លែង​នូវ​ការ​កោត​សរ​សើរ​ចំពោះ​​វីរ​ភាព​ដ៏​អង់​អាច​ក្លា​ហាន​របស់​នាយ-នាយ​រង​ និង​ពល​ទាហាន​ក៏​ដូច​ក្រុម​គ្រួសារ​កង​ទ័ព​ ដែលបាន​តស៊ូ​ក្រាញ​ននៀល​នៅ​ឈរ​ជើង​​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី​តាម​ខ្សែ​បន្ទាប់​ព្រំ​ដែន​របស់​យើង​។ សាលា​រាជ​ធានី​ភ្នំពេញ​​ដែល​ជា​សមរ​ភូមិ​ក្រោយ​មាន​ជំហរ​យ៉ាង​មុត​មាំ ​នៅ​តែ​បន្ត​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ទាំង​ស្មារតី​ និង​សំភារ​ ជា​ពិសេស​ធ្វើ​ការ​ជំរុញ​ក្រុម​គ្រួសារ​កង​ទ័ព​ឱ្យ​កាន់​តែ​មាន​ជីវ​ភាព​ធូរ​ធារ​ថែម​មួយ​កំរិត​ទៀត​។
លោក​កែប ជុតិមា បាន​លើក​ឡើង​ថា ក្រោម​នយោ​បាយ​ឈ្នះ​=​ឈ្នះ​ របស់​សម្តេច​តេជោ​ ហ៊ុន សែន​ ជា​ពិសេស​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​យើង​មាន​ការ​អភិ​វឌ្ឍ​យ៉ាង​ឆាប់​រហ័ស​។​ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​​ការ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​ដេក​ផ្លូវ​ ២ ឬ​៣​យប់​ តែ​ពេល​នេះ​យើង​​អាច​ធ្វើ​ដំណើរ​​ដោយ​វិល​ល្ងាច​បាន ​ហើយ​នៅ​ទូ​ទាំង​ប្រទេស​ក៏​ដូច​គ្នា​ផង​ដែរ​។ កំរិត​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ពិត​ជា​មាន​ការ​អភិ​វឌ្ឍ​ខ្លាំង ​ដែល​យើង​ទាំង​អស់​គ្នា​នឹក​ស្មាន​មិន​ដល់​ នេះ​គឺ​ផ្តើម​ចេញ​ពី​ការ​ដឹក​នាំ​ល្អ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​ទាំង​បី​។​ នៅ​ក្នុង​ឱកាស​នោះ ​សាលា​រាជ​ធានី​ភ្នំពេញ​បាន​នាំ​អំណោយ​ទៅ​ចែក​ជូន​ដល់​នាយ-នាយ​រង​ ​ពល​ទាហាន​ ព្រម​ទាំង​នាយ-​នាយ​រង​ពល​នគរ​បាល​ ព្រម​ទាំង​ក្រុម​គ្រួសារ​ដែល​ឈរ​ជើង​ការ​ពារ​នៅ​តំបន់​មុំ​៣​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ៕

No comments:

Post a Comment