ទាហានថៃប្រមាណ៥ទៅ៦នាក់ បានធ្វើដំណើរមកដល់ទ្វារដែក នៅច្រកទល់មុខប្រាសាទព្រះវិហារ ក្នុងបំនងប៉ុនប៉ងចូលមកក្នុងទឹកដីកម្ពុជា ប៉ុន្តែត្រូវកងកម្លាំងទាហានខ្មែរ នៅតំបន់ប្រាសាទព្រះវិហារ បានបណ្តេញចេញទៅវិញ កាលពីព្រឹកមិញ។
ប្រភពពីមន្ត្រីយោធា ប្រចាំការនៅទីនោះ បានរាយការណ៍ថា ស្ថានភាពនៅថ្ងៃអាទិត្យនេះ មានលក្ខណៈតឹងតែងជាធម្មតា ដោយសារតែក្រុមទាហានថៃ បានខឹងនឹងទាហានខ្មែរ នៅពេលមិនអាចធ្វើដំណើរ ចូលមកក្នុងទឹកដីកម្ពុជាបាន។
សេចក្តីរាយការណ៍ បានអោយដឹងថា ទាហានថៃទាំងនោះ បានយកលេសថា ចង់ចូលមកក្នុងវត្តខ្មែរ កែវសិក្ខាគីរីស្វារៈ ប៉ុន្តែកម្ពុជា បានបង្ហាញជំហរដាច់ខាតថា មិនអោយក្រុមទាំងនោះ បានចូលមកឡើយ។
ការប៉ុនប៉ងរបស់ទាហានថៃ ចង់ចូលមកក្នុងបរិវេណ តំបន់ប្រាសាទព្រះវិហារ គឺនៅស្របនឹងស្ថានការណ៍មួយ ដែលក្រុមថៃអាវលឿង ក្នុងក្រុងបាងកក បានចេញសេចក្តីថ្លែងការណ៍មួយ អំពាវនាវដល់រដ្ឋាភិបាលថៃ អោយធ្វើសកម្មភាពបង្ខំ កម្ពុជា ដោះលែងជនជាតិថៃទាំង៧ ដោយគ្មានលក្ខខណ្ឌ។
No comments:
Post a Comment