CEN; បញ្ញវន្ត (ថ្ងៃទី 23 វិច្ឆិកា 2010)
ភ្នំពេញ: សោកនាដកម្មនៅលើស្ពានកោះពេជ្របានធ្វើឲ្យចំនួនមនុស្សស្លាប់កើនឡើងជាបន្តបន្ទាប់ និងគួរឲ្យរន្ធត់បំផុតមិនធ្លាប់មាន។
តួលេខដែលផ្តល់ដោយសមត្ថកិច្ចនៅវេលាម៉ោង៧និង៣០នាទីបង្ហាញថា មានមនុស្សស្លាប់កើនដល់៣៤៩នាក់ និងអ្នករបួសចំនួនជាង៥០០នាក់កំពុងតែសម្រាកព្យបាលនៅឯមន្ទីរពេទ្យ។ ចំនួនអ្នកស្លាប់និងរបួសចេះតែបន្តកើនឡើងជាលំដាប់។
សមត្ថកិច្ចនៅមិនទាន់រកឃើញមូលហេតុពិតប្រាកដដែលនាំឲ្យកើតមានបញ្ហានេះនៅឡើយទេ។ លោកនាយករដ្ឋមន្ត្រីអះអាងថា នឹងស៊ើបអង្កេតឲ្យបានច្បាស់លាស់ដើម្បីរកមូលហេតុដែលនាំឲ្យកើតមានមហាសោកនាដកម្មនេះ។
រដ្ឋាភិបាលបានកំណត់យកថ្ងៃទី២៥ វិច្ឆិកា ជាថ្ងៃកាន់ទុក្ខនៅទូទាំងប្រទេសដោយគ្រប់ក្រសួងមន្ទីរនិងស្ថាប័នរដ្ឋទាំងអស់ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង។ សមត្ថកិច្ចកំពុងតែអំពាវនាវ ឲ្យមានការចូលរួមដើម្បីស៊ើបអង្កេតឲ្យឃើញមូលហេតុពិតប្រាកដ។
សូមបញ្ជាក់ថា ភាពចលាចលមួយបានកើតឡើងនៅល្ងាច ថ្ងៃទី២២ វិច្ឆិកា ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលមានមនុស្សរាប់លាននាក់ចូលរួម ។ សោកនាដកម្មបានកើតឡើង នៅលើស្ពានចេញពីកោះពេជ្រ ។ ការកកស្ទះ និងភាពចលាចលបានបណ្តាលឲ្យមនុស្សផ្អើលជាន់គ្នា បណ្តាលឲ្យស្លាប់និងរបួសបែបនេះ ៕
No comments:
Post a Comment