CEN; សេរី (ថ្ងៃទី 23 វិច្ឆិកា 2010)
ភ្នំពេញ: លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ បានពន្យល់ថា នៅពេលដែលមនុស្សដើរច្រើន មនុស្សត្រូវការ អុកស៊ីសែនកាន់តែច្រើន។ នៅក្នុងស្ថានភាពដែលមានមនុស្សកកកុញខ្លាំងក្នុងករណីនៅលើ ស្ពានពេជ្រនោះ កំហាប់អុកស៊ីសែនមានកម្រិតទាប។
លោក លី ចេងហ៊ុយ បន្តថាការប្រជ្រៀតគ្នាខ្លាំងពេកធ្វើអោយសន្ទះទ្រូងមនុស្សណែន ពិបាកដកដង្ហើម។ នៅកន្លែងដែលមានមនុស្សប្រជ្រៀតគ្នាខ្លាំងយ៉ាងនេះ កំហាប់អុកស៊ីសែនថយចុះ ហើយនៅពេលជាមួយគ្នានោះ ឧស្ម័នកាបូនិចដែលបញ្ចេញពីមនុស្សម្នាក់ៗនៅទីនោះ កាន់តែច្រើន។ ដូចច្នេះ មនុស្សដែលនៅក្នុងកន្លែងចង្អៀតនោះ អាចស្រូបយកអុកស៊ីសែនទៅខួរក្បាលបានតិច គឺវាបង្កអោយមនុស្សខ្សោយកំលាំង និងអាចសន្លប់បាន។ នេះជាផលប៉ះពាល់មួយដែលកើតមកពីការថយកំហាប់អុកស៊ីសែន"។
លោកវេជ្ជបណ្ឌិតពន្យល់ទៀតថា កត្តាផ្លូវចិត្តក៏អាចបង្កអោយមានមនុស្សដែលស្ថិតនៅក្នុង ស្ថានភាពប្រជ្រៀតគ្នានោះដួលសន្លប់ផងដែរ។ ការភ័យស្លន់ស្លោ របស់មនុស្សនៅក្នុងកន្លែងចង្អៀតដែលអស់កំលាំងដោយសារការរើបម្រាស់ខ្លួន ហើយដែលមិនអាចគ្រប់គ្រងខ្លួនឯងលែងបាននោះ ក៏ជាកត្តាបង្កអោយពួកគេសន្លប់ផងដែរ។ លោកវេជ្ជបណ្ឌិតពន្យល់ថា ពេលមនុស្សភ័យ បេះដូង និងសួតដើរកាន់តែញាប់ បូកផ្សំជាមួយការស្រូបយកអុកស៊ីសែនមិនគ្រប់គ្រាន់ទៀតនោះ ប្រការនេះបានធ្វើអោយមនុស្សកាន់តែខ្សោយ។
នៅក្នុងហេតុការណ៍នៃការប្រជ្រៀតគ្នានោះដែរ ជនរងគ្រោះមួយចំនួនដែលបានរួចផុតពីសេចក្តីស្លាប់បានរៀបរាប់អោយដឹងថា នៅពេលមនុស្សប្រជ្រៀតគ្នាខ្លាំងរើមិនរួច នៅក្នុងបរិយាកាសថប់ដង្ហើមនោះ ពួកគេបានត្រឹមតែងើយក្បាលឡើងលើដើម្បីរកខ្យល់ដកដង្ហើម និងទទួលទឹកដែលក្រុមប៉ូលីសបាចដាក់។ ក្នុងករណីនេះ តើទឹកអាចមានសារៈសំខាន់ប៉ុណ្ណា?
លោកវេជ្ជបណ្ឌិតលី ចេងហ៊ុយបានពន្យល់ថា នៅក្នុងសារធាតុទឹកមានអុកស៊ីសែន ទឹកជួយដាស់អារម្មណ៍មនុស្សដែលមានកម្រិតសន្លប់ល្មមៗក៏ពិតមែន។ ប៉ុន្តែទឹកមិនអាចជួយមនុស្សដែលអាការៈសន្លប់ធ្ងន់ធ្ងរខ្លាំងនោះឡើយ។ សម្រាប់លោកវេជ្ជបណ្ឌិត ក្នុងករណីដែលប្រើប្រាស់បរិមាណទឹកច្រើនជ្រុលវិញនោះ ទឹកនឹងអាចបង្កអោយមានគ្រោះថ្នាក់ដល់ជនរងគ្រោះទៅវិញទេ៕
No comments:
Post a Comment