Tuesday, November 23, 2010

អ្នក​រួច​ជីវិត​ពី​ការ​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ​អះអាង​ថា​ផ្អើល​ត​គ្នា​មិនដឹង​មូលហេតុ​ច្បាស់​

CEN; សុភ័ក្ត្រ​ (ថ្ងៃទី 23 វិច្ឆិកា 2010
ភ្នំពេញ: ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​នៅលើ​ស្ពាន​កោះ​ពេជ្រ​ កាលពី​យប់​ថ្ងៃ​ទី​២២ ​ខែវិច្ឆិកា​ ឆ្នាំ​២០១០​បណ្តាល​ឱ្យ​មនុស្ស​រាប់រយ​នាក់​ស្លាប់​ នឹង​ជាច្រើន​រយ​នាក់​ទៀត​រងរបួស​នោះ​មក​ដល់​ពេល​នេះ​នៅ​ពុំទាន់​មាន​ស្ថាប័ន​អាជ្ញាធរ​ធ្វើ​ការអះអាង​ពី​មូលហេតុ​ច្បាស់លាស់​ដែល​ជា​ដើម​ហេតុ​បង្ក​ឱ្យ​កើតមាន​មហា​សោកនាដកម្ម​ដ៏រន្ធត់​នេះ​នៅឡើយ​ទេ​ ។​
​    ​
​កញ្ញា​ ឈៀង ​ថា​រី ​អាយុ ​២០​ឆ្នាំ​ស្នាក់​នៅ​ភូមិ​ទឹកថ្លា ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ​មុខរបរ​កម្មករ​កាត់ដេ​រ​នៅ​រោងចក្រ​ហុង​វ៉ា​ថ្មី ​ដែល​រួច​ជីវិត​ពី​ក្រុម​ហ្វុង​មនុស្ស​នៅលើ​ស្ពាន​ពេជ្រ​នោះ​បាន​និយាយ​ប្រាប់​ឱ្យដឹងថា ​នៅ​យប់​ថ្ងៃទី​២២ ​ខែ​វិច្ឆិកា​នោះ​រូប​នាង​មិន​ដឹង​ពី​មូលហេតុ​អី​កើត​ទេ​ គឺ​ផ្អើល​រត់​តាម​គេ​ស្រាប់តែ​ដល់​លើ​ស្ពាន​មនុស្ស​ណែន​ប្រជ្រៀត​គ្នា​ទៅ​មុខ​មិន​រួច​ថយ​ក្រោយ​មិន​រួច ​។ 

​រូប​នាង​ត្រូវ​គេ​ជាន់​ពី​លើ​ហើយ​នាង​ក៍ជាន់​ពី​លើ​មនុស្ស​ខាងក្រោម​ដែរ ​និង​មាន​មនុស្ស​គរ​គ្នា​ហើយ រូប​នាង​ត្រូវ​មិត្តភិក្ត​ជួយ​ទាញ​ចេញ​ទើប​នៅរ​ស់​ជីវិត ​។ ​កញ្ញា​ថា​រី ​ត្រូវបាន​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​រុស្ស៊ី​ ដោយ​នាង​មាន​អាការៈ​ស្ពឹ​កមួយ​ចំហៀងខ្លួន​ខាងស្តាំ​ ។​នៅ​យប់​នោះ​នាង​ដើរលេង​ជាមួយ​មិត្តភិក្ត​ចំនួន ​៥​នាក់​តែ​ពួកគេ​អត់​មាន​គ្រោះថ្នាក់​ទេ​ ។​

​​អ្នកស្រី ទូច ធា​រី អាយុ ​៣៨​ឆ្នាំ ​មក​ពី​ស្រុក​ទ្រាំង ខេត្តតាកែវ ដែល​រួច​ជីវិត​នៅក្នុង​ហេតុការណ៍ រត់​ជាន់​គ្នា​នៅលើ​ស្ពាន​ពេជ្រ​បានឱ្យដឹងថា ​អ្នកស្រី​នៅជាប់​កណ្តាល​ស្ពាន​ពេជ្រ​ហើយ​មនុស្សម្នា ប្រជ្រៀត​គ្នា​ឯ​រូប​អ្នកស្រី​ខំ​ត្រដរ​រើ​ចេញ​មក​ក្រៅ​ ពី​ព្រោះ​ហប់​ខ្យល់ ​។​ នៅលើ​ខ្លួន​អ្នកស្រី​មាន​ស្លាកស្នាម​ជាំខ្មៅ​ និង​ដាច់​សាច់​ពេញមុខ​ និង​លើ​ខ្លួន​ ។ ​អ្នកស្រី​បន្ត​ថា ​មិត្ត​ភិ​ក្ត​របស់ខ្លួន ​២​នាក់ ​ដែល​ជាប់​នៅក្នុង​ហេតុ​ការ​នោះ​ស្លាប់​ចំនួន ​២​នាក់ ​ផង​ដែរ ​៕

No comments:

Post a Comment