សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ៦៧ សសរ ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១០ បង្កើតគណៈកម្មការ និងអនុគណៈកម្មការទទួលបន្ទុកដោះស្រាយករណីឧបទ្ទវហេតុ ដែល បានកើតឡើងនារាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នៅលើស្ពានពេជ្រ នៃតំបន់កោះពេជ្រ ដែលមានឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជាប្រធាន និងមាន ឯកឧត្តមដែលជាថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួនជាអនុប្រធាន និងសមាជិក ចំនួន ១៣ រូបផ្សេងទៀត។
ក្នុងអង្គប្រជុំនៅសាលារាជធានីភ្នំពេញ នារាត្រីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១០ ឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា គណៈកម្មការ និង អនុគណៈកម្មការចំនួន ៣ ដែលមានឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន មានភារកិច្ច ៖ ចាត់ចែង សង្គ្រោះបន្ទាន់ជនរងគ្រោះ, រៀបចំចាត់ចែងបញ្ជូនសពដល់គ្រួសារ ដើម្បីរៀបចំពិធីបុណ្យ តាមប្រពៃណី, រៀបចំចាត់ចែងឧបត្ថម្ភដល់គ្រួសារសព, ធ្វើកោសល្យវិច្ច័យសាកសព និង ស៊ើបអង្កេតអំពីំមូលហេតុនៃឧបទ្ទវហេតុ, រាយការណ៍អំពីករណីឧបទ្ទវហេតុជូនប្រមុខ រាជរដ្ឋាភិបាល, និងបំពេញភារកិច្ចផ្សេងទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូន។
ដោយបានចាត់ទុកថាឧបទ្ទវហេតុនៅលើស្ពានពេជ្រ នៃតំបន់កោះពេជ្រជាសោកនាដកម្ម ដែលមិនធ្លាប់មាន ក្នុងរយៈពេលជាងសាមសិបមួយឆ្នាំក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយសូម្បីតែទឹកជំនន់កាលពីឆ្នាំ២០០០ ក៏មិនបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនដូច ឧបទ្ទវហេតុរយៈពេលតែប៉ុន្មានម៉ោងកន្លងមកនេះដែរនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានតាមដានសភាពការណ៍ជាប់តាំងពីរាត្រីថ្ងៃទី២២ រហូតដល់ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១០ បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ថា “ ដើម្បីរកឲ្យឃើញនូវមូលហេតុនៃគ្រោះថ្នាក់ដ៍រន្ធត់នេះ ខ្ញុំព្រះករុណាខ្ញុំ បានសម្រេចចាត់តាំង គណៈកម្មការពិសេសមួយ ដើម្បីធ្វើការអង្កេតស្រាវជ្រាវ និងចាត់ចែងបញ្ហានេះឲ្យបាន សមស្រប។ រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរមួយ ប្រកាសយកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១០ ជាថ្ងៃកាន់ទុក្ខនៅទូទាំងប្រទេស “ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជា ណែនាំឲ្យក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាត់ចែងការគ្រប់គ្រង ធ្វើអត្តសញ្ញាណកម្ម ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ដើម្បីប្រគល់ជូនក្រុមគ្រួសារនៃសពធ្វើបុណ្យតាមប្រពៃណី និងសូម ឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិចូលរួមចាត់ចែងសម្រួលពិធីបុណ្យសពនេះ នៅតាមមូលដ្ឋាន របស់ខ្លួន។ ស្របជាមួយនេះ មន្ទីរពេទ្យនានាត្រូវផ្តល់ការព្យាបាលឲ្យបានដិតដល់ ចំពោះអ្នក រងរបួសទាំងឡាយពីឧបទ្ទវហេតុដ៍អាក្រក់មួយនេះ ដោយចាត់ចែងឲ្យមានគោលនយោបាយ សមស្របជូនដល់អ្នកទាំងនោះ។
ទាក់ទងនឹងឧបទ្ទវហេតុនេះ សម្តេចតេជោ បញ្ជាក់ថា មកដល់ពេលនេះពុំមានសញ្ញាណា មួយបង្ហាញឲ្យឃើញថាឧបទ្ទវហេតុនេះកើតឡើងដោយសារភេវរកម្មនោះឡើយ។ ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ក្រសួងស្ថាប័នមានសម្ថកិច្ចគ្រប់ជាន់ថ្នាក់នឹងប្រឹងប្រែង ដោយយកអស់ ពីសមត្ថភាពដើម្បីស្រាវជ្រាវរកមូលហេតុនៃសោកនាដកម្មនេះ។ ដោយហេតុនេះ រាជរដ្ឋា ភិបាលកម្ពុជា សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាធុរៈជនទាំងឡាយបន្តរក្សាភាព ស្ងាត់ស្ងៀម បំពេញការងារ និងប្រកបរបរតាមធម្មតាបន្តទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយនិងការចូលរួមរំលែកទុក្ខ និងបួងសួងឲ្យវិញ្ញាណក្ខ័ន្ធ អ្នកដែលបានបាត់បង់ជីវិតបានទៅកាន់សុគ្គតិភពនោះ បានមានប្រសាសន៍ថា “ ខ្ញុំព្រះករុណា ខ្ញុំ សូមបងប្អូនជនរួមជាតិទាំងអស់មេត្តាយោគយល់ និងខន្តីអភ័យទោស ចំពោះសភាព ការណ៍ដ៍អាក្រក់នេះ និងសូមចូលរួមកាន់ទុក្ខទូទាំងប្រទេសនៅថ្ងៃព្រហស្បតិ៍ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១០ខាងមុខនេះ “ ។
ដោយឡែក ឯកឧត្តម ព្រំ សុខា ប្រធានអនុគណៈកម្មការស្រាវជ្រាវស៊ើបអង្កេត ករណីឧបទ្ទវហេតុលើស្ពានកោះពេជ្រ បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋ ដែល បានឃើញនិងដឹងហេតុការណ៍មេត្តាចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច ដើម្បីអនុគណៈ កម្មការសម្រេចភារកិច្ច
ស៊ើបអង្កេតអំពីមូលហេតុពិតប្រាកដ នៃសោកនាដកម្មនេះជូនរាជរដ្ឋាភិបាលបានទាន់ ពេលវេលា។
ឯកឧត្តម អ៊ិត សំហេង ប្រធានអនុគណៈកម្មការដោះស្រាយការងារបន្ទាន់ ក៍បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា រាជរដ្ឋាភិបាលនឹងជួយរៀបចំការដឹកជញ្ជូនសាកសព ដល់លំនៅដ្ឋាន និងជួយឧបត្ថម្ភថវិការចំនួន ៥ លានរៀលជូនដល់សពនីមួយៗផងដែរ។
សូមបញ្ជាក់ថាឧបទ្ទវហេតុនៃសោកនាដកម្មនៅលើស្ពានពេជ្រ នៃតំបន់កោះពេជ្រ រាជធានីភ្នំពេញដែលបានកើតឡើងកាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ រហូតមកដល់ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១០នេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ចំនួន៣៤៧នាក់ (ប្រុស ១២៦ និងស្រី ២២១នាក់) អ្នករបួសធ្ងន់ និងស្រាលមានចំនួន៣៩៥នាក់។
No comments:
Post a Comment