Tuesday, November 23, 2010

ថ្ងៃ​ដ៏​សោកសៅ​នៅឯ​មន្ទីរ​ពេទ្យរុស្ស៊ី​

 CEN; ចក្ខុ (ថ្ងៃទី 23 វិច្ឆិកា 2010)
ភ្នំពេញ: ហ្វូង​មនុស្ស​កកកុញ​បាន​សម្រុកចូល​ក្នុង​អគារ​តម្កល់​សព​ នៃ​មន្ទីរពេទ្យ​រុស្ស៊ី ដើម្បី​ស្វែងរក​សាច់ញាតិ​ ដែល​បាន​បាត់​ខ្លួន​ដោយ​ឧប្បត្តិហេតុ​ជាន់​គ្នា​ស្លាប់ និង​របួស ដែល​បាន​កើតឡើង​ក្នុង​ថ្ងៃ​ទី​២២ នៃ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ នៅលើ​ស្ពាន​ពេជ្រ ។​

​    ​សាកសព​ជាច្រើន​ត្រូវបាន​ដាក់​តំរៀប​គ្នា ដើម្បី​ទុក​ឲ្យ​ក្រុមគ្រួសារ​មក​រក ។ ចំណែកឯសមត្ថកិច្ច​ពាក់ព័ន្ធ ​រួម​ជាមួយ​បុគ្គលិក​មន្ទីរពេទ្យ​កំពុង​មមាញឹ​កក្នុងការ​រៀបចំ​ក្តារ​មឈូស ដើម្បី​ដាក់​សាកសព​បញ្ចូនទៅ​លំនៅស្ថាន ។ សាកសព​មួយ​ចំនួន​ ត្រូវបាន​ស្គាល់​អត្តសញ្ញាណ ហើយ​ត្រូវបាន​បងប្អូន​ដឹកយក​ទៅ​លំនៅស្ថាន ដើម្បី​ធ្វើបុណ្យ​ជា​បណ្តើរៗ​ហើយ ។​

​    ​បងស្រី​ម្នាក់​កំពុង​អង្គុយ​ទ្រហោយំ​ ជាមួយ​សំដី​រៀបរាប់​គួរឲ្យ​សង្វេគ​ដោយ​ការសោកស្តាយ កូនប្រុស​ឈ្មោះ តាំង មុនីប្រណីត អាយុ ១៨​ឆ្នាំ ជា​សិស្ស​រៀន​នៅ​សាលា​បញ្ញា​សាស្ត្រ​ ។ អ្នកស្រី​រៀបរាប់ថា គាត់​មានកូន​ប្រុស​តែ ២​នាក់ ឥឡូវ​បាត់បង់​ម្នាក់​ទៅ​ហើយ ។ ចំណែក​ស្ត្រី ម្នាក់ទៀត​ឈ្មោះ បុ​ង វិ​ចន្នី មកពី​ឃុំ​កណ្តាល ស្រុក​កំពុងរោទិ៍ ខេត្ត​ស្វាយរៀង រួម​ជាមួយ​បងប្អូន​ចំនួន ៤-៥ ​នាក់ អង្គុយ​បង្ហូរទឹកភ្នែក​ដោយសារ​បាត់បង់​បី្ត​ជាទី​ស្រ​សាញ់ ​។ 

​    ​​វិ​ចន្នី និយាយថា នៅ​យប់​អុំទូក​ថ្ងៃទី​៣ ប្តី​របស់​នាង​បាន​ដើរលេង​ជាមួយ​ពួកម៉ាក​ចំនួន ៦​នាក់ ហើយ​នាង​មិន​បាន​ទៅ​ជាមួយ​ប្តី​ទេ​ ។ ក្នុងចំណោម ៦​នាក់​នោះ ស្លាប់​៤​នាក់​ក្នុងនោះ​ក៏មានប្តី​របស់​នាង​ផង​ដែរ​ ។ នាង​និយាយថា មាន​ការតក់ស្លុត និង​សោកស្តាយ​ជាខ្លាំង ។​

​    ​ប្រភព​ពី​មន្ទីរពេទ្យ​រស្ស៊ី​បាន​ឲ្យ​ដឹងថា មាន​សាកសព​ចំនួន ១៣៩ ​កំពុង​តម្កល់​ក្នុង​មន្ទីរពេទ្យ​នេះ ​ក្នុងនោះ​ប្រុស ៦៣​នាក់ ស្រី ៧៦​នាក់ និង​អ្នករបួស ៥០​នាក់ ។ ក្នុងឱកាស​នោះ​ក៏មានវត្តមាន​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​របស់​អ្នក​ជំងឺ ​ដើម្បី​ពង្រឹង​ការថែទាំ និង​ព្យាបាល​អ្នកជំងឺ​ឲ្យមាន​ប្រសិទ្ធភាព ។ លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា រាល់​ការខ្វះខាត​ក្រសួង​ជា​អ្នកទ្រទ្រង់ ដូច្នេះ​គ្មាន​ការខ្វះខាត​ទេ ។ ​ការព្យាបាល​មិន​ត្រូវ​បាន​គិត​ថ្លៃ​ទេ ។​

​    ​លោក ប្រាក់ ចាន់​ធឿន ​ជា​អគ្គនាយក​បច្ចេកទេស​ក្រសួង​សង្គមកិច្ច​ ក៏​បាន​មានប្រសាសន៍​ដែរ​ថា អ្នក​ដែល​ស្លាប់​ជាគោលការណ៍​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់​ឲ្យ​ម្នាក់ ៥ ​លាន​រៀល ពេល​ដែល​មាន​អ្នក​មក​ទទួល​សាកសព គឺ​បងប្អូន​ត្រូវ​សម្គាល់​អត្តសញ្ញាណ​ ដើម្បី​រៀបចំ​ឡាន ដឹកជញ្ជូន​ទៅ​ដល់​ផ្ទះ ។ ចំណែក​ថវិកា​បញ្ជូន​តា​ម​ក្រោយ ​ព្រោះ​រៀបចំ​មិន​ទាន់​ ។ ចំណែក​ក្តារមឈូស​ខាង​សាលាក្រុង​ជា​អ្នក​ជួយ ហើយ​មាន​ឡាន​យោធា​ត្រៀម​សម្រាប់​ដឹក​មាន​ចំនួន ៣០ គ្រឿង ។​

​    ​លោក​បន្ថែម​ទៀត​ថា តួលេខ​បណ្តោះអាសន្ន​នៅ​ព្រឹក​ថ្ងៃទី​២៣ វិច្ឆិកា​ នោះ​ឡើង ៣៧៥ ​នាក់ ចំណែក​អ្នក​របួស​ត្រូវបាន​អង្គការ​មួយ​ចំនួន ​រួម​ជាមួយ​រដ្ឋាភិបាល​ជួយ​ព្យាបាល​នៅ​តាម មន្ទីរពេទ្យ​មួយ​ចំនួន​ដូចជា :

​    ​-​មន្ទីរពេទ្យ ព្រះ​កេតុមាលា ៤២ ​នាក់ 
​    ​-​មន្ទីរពេទ្យ កាល់ម៉ែ​ត  ១៩៦​ នាក់​
​    ​-​មន្ទីរពេទ្យ សូ​វៀត ៤៩​ នាក់ 
​    ​-​មន្ទីរពេទ្យ កុសុ​មៈ ១០០​ នាក់ 
​    ​-​មន្ទីរពេទ្យ​សម្ភព​ក្រុង ២១ ​នាក់​
​    ​-​មន្ទីរពេទ្យ កុមារ​ជាតិ និង​គន្ធបុប្ផា ១​ នាក់​

​    ​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ នៃ​ការ​ជាន់គ្នា​ស្លាប់​នេះ​នៅឡើយ​ទេ ព្រោះ​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ ៕​

No comments:

Post a Comment